ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីគយ និងរដ្ឋករខេត្តបន្ទាយមានជ័យចល័ត បានឃាត់រថយន្តធុនធំ ចំនួន ២គ្រឿង ដឹកមើមខ្ញី បង្កប់ទូរទឹកកកជាច្រើនគ្រឿង កាលពីវេលាម៉ោង ៨ និង ៣០នាទី យប់ថ្ងៃទី២៤ កុម្ភៈ ២០១៤ តាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចសាលាក្រហម ស្ថិតនៅភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
រថយន្តធុនធំ ២គ្រឿង ដែលត្រូវមន្ត្រីគយចល័តខេត្តបន្ទាយមានជ័យ បានឃាត់គេមិនទាន់បានស្គាល់ឈ្មោះម្ចាស់ទំនិញ និងអ្នកបើកបរទេ តែគ្រាន់បានដឹងថា រថយន្ត ១គ្រឿង ពាក់ស្លាកលេខ តាកែវ 3A.0789 ជារបស់ឈ្មោះ កេះ កុយ (ជើងខ្លាំងលោតឆត្រទំនិញគេចពន្ធ) និង ១គ្រឿងទៀត ពាក់ស្លាកលេខ 3A.1190។ រថយន្តធុនធំ ២គ្រឿងនេះ បានដឹកទំនិញពេញ ដែលដឹកមើមខ្ញីពីលើហើយបង្កប់ទូរទឹកកកជាច្រើនគ្រឿងក្នុងរថយន្ត ទើបមកដល់ចំណុចគយចល័តសាលាក្រហម បានឃាត់ធ្វើការឆែកឆេររកឃើញបង្កប់ម៉ាស៊ីនត្រជាក់ និងទូរទឹកកកជាច្រើន និងទំនិញមួយចំនួនទៀតឃើញមន្ត្រីគយកំពុងធ្វើការថ្លឹងទំនិញ។
ពាក់ព័ន្ធនឹងការឃាត់រថយន្តធុនធំ ២គ្រឿងនេះ អ្នកយកព័ត៌មានបានសាកសួរទៅកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត និងក្រសួង បានបង្ហើបប្រាប់ថា ពិតជាបានឃាត់រថយន្ត ២គ្រឿងមែន ដោយ ១គ្រឿង ដឹកខ្ញីបង្កប់ទូរទឹកកក ២០គ្រឿង កម្រាលព្រំ អាវយឺត កញ្ចក់ឆ្លុះមុខ ហើយត្រូវបានមន្ត្រីគយថ្លឹងឲ្យបង់ពន្ធតាមច្បាប់ និងរថយន្ត ១គ្រឿងទៀត ដឹកមើមខ្ញី និងបន្លែផ្លែឈើ មន្ត្រីគយបានឲ្យត្រឡប់ទៅបង់ពន្ធនាំចូលនៅប៉ោយប៉ែតវិញ។
ក្រោយពេលបានដឹងថា មន្ត្រីគយចល័តបង្ក្រាបទំនិញគេចពន្ធ អ្នកយកព័ត៌មានបានទៅថតរូប និងសួរនាំដែរ តែមន្ត្រីគយចល័តសាលាក្រហម មិនអនុញ្ញាតឲ្យចូល និងសួរនាំឡើយ ហើយបានទំនាក់ទំនងតាមទូរស័ព្ទទៅ លោក ថង ផូសុខាំភូ ប្រធានស្តីទីសាខាគយ និងរដ្ឋករខេត្តបន្ទាយមានជ័យដែរ តែមិនទទួលទូរស័ព្ទបំភ្លឺបាន ទើបបន្តទូរស័ព្ទទៅ លោក ផូរ ខេមរិន អនុប្រធានសាខាគយ និងរដ្ឋករខេត្ត តែមិនអាចធ្វើការទំនាក់ទំនងបានដដែល៕
ចែករំលែកព័តមាននេះ