រាជធានីភ្នំពេញ ៖ ទាក់ទិននឹងការតវ៉ារបស់ក្រុមគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យបង្អែកក្រុងនោះ លោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យកោះសន្តិភាពដឹងតាមរយៈទូរស័ព្ទ នារសៀលថ្ងៃទី២៥ កុម្ភៈ ២០១៤ នេះថា ការដោះដូរអគារមន្ទីរពេទ្យបង្អែករាជធានីនោះ ដោយសារកន្លងមកអគារមន្ទីរពេទ្យបង្អែកនេះ មានស្ថានភាពចាស់ទ្រុឌទ្រោម សំណង់អគារពុកផុយជ្រាបទឹក បែកធ្លាយទុយោទឹកដែលបង្កប់ជញ្ជាំងស្ទើររាល់ថ្ងៃ ហើយក៏មានទុស្សេខ្សែភ្លើងជាញឹកញប់ផងដែរ។
ហើយអគារនេះ ជាប្រភេទសំណង់ផ្ទះល្វែង មិនសក្តិសមជាអគារមន្ទីរពេទ្យឡើយ យើងពិតជាមានការលំបាកណាស់ ជាពិសេសត្រូវធ្វើការជួសជុលជារៀងរាល់ឆ្នាំ ហើយពេលជួសជុលម្តងៗ ក៏អស់លុយមិនតិចដែរ។ ជាពិសេសទីតាំងអគារចាស់នោះ នៅពេលអ្នកជំងឺវះកាត់រួចម្តងៗ យើងតែងតែសែងអ្នកជំងឺឆ្លងកាត់ពីអគារខាងក្រោយទៅមុខចុះឡើងៗ ទីតាំងចាស់កកស្ទះចរាចរណ៍ ជាពិសេសពេលរថយន្តសង្គ្រោះបន្ទាន់ចេញចូលម្តងៗ។
ម្យ៉ាងទៀត ខ្លាចថ្ងៃណាមួយសំណង់អគារនេះ អាចរលំ ឬបាក់ស្រុត បង្កឲ្យមានគ្រោះថ្នាក់ដល់ក្រុមគ្រូពេទ្យ និងបុគ្គលិក ជាពិសេសគ្រោះថ្នាក់ដល់ក្រុមគ្រួសារ ឬក៏អ្នកជំងឺទៀតផង។ លោក សុខ សុគន្ធ បានឲ្យដឹងទៀតថា ចំពោះការផ្លាស់ប្តូរអគារថ្មីនេះ កំពស់ ៤ជាន់ មានលក្ខណៈទំនើប បន្ទប់មានផាសុកភាព មានម៉ាស៊ីនត្រជាក់ និងមានជណ្តើរយន្តទៀតផង ប្រមូលផ្តុំគ្រប់ផ្នែកនៅជុំគ្នាមិនលំបាក និងសក្តិសមជាមន្ទីរពេទ្យ។
ពេលនេះ ការធ្វើការងាររបស់ក្រុមគ្រូពេទ្យ និងបុគ្គលិក មានលក្ខណៈចង្អៀតបន្តិចមែន តែដោយសារពេលនេះ អគារមន្ទីរពេទ្យបង្អែកខណ្ឌចំការមន កំពុងមានការជួសជុល ដែលចាំបាច់យើងត្រូវប្រមូលផ្តុំក្រុមគ្រូពេទ្យ និងបុគ្គលិក ឲ្យទៅទីតាំងអគារថ្មីនោះ ទាំងអស់គ្នា។ តែទោះបីជាយ៉ាងណា មន្ទីរបាននិងកំពុងស្នើទៅថ្នាក់លើ ដើម្បីសាងសង់អគារថ្មីនៅក្បែរនោះ បន្ថែមទៀត គឺយើងមិនឲ្យបងប្អូនមានការលំបាកទេ។ ជាពិសេស សូមបងប្អូនរក្សាភាពស្ងៀមស្ងាត់ និងទទួលយកអគារថ្មីនេះសិន នៅពេលបងប្អូនទៅដល់ទីនោះ នឹងមានផ្តល់ការលើកទឹកចិត្តពីក្រុមហ៊ុនទៀតផង៕
ចែករំលែកព័តមាននេះ