រាជធានីភ្នំពេញ ៖ រថយន្តស៊ីទែនដឹកប្រេងឥន្ធនៈមួយគ្រឿង ដែលអ្នកបើកបរស្ថិតនៅក្នុងស្ថានភាពស្រវឹងជោកជាំ បានបើកបោះពួយបុកម៉ូតូម៉ាកស្គូពី(កូនទា)មួយគ្រឿង ពីក្រោយនិងកិនស្ត្រីអ្នកបើកបរម៉ូតូបែកក្បាលផ្ទុះចេញខួរស្លាប់យ៉ាងអាណោចអាធម៌នៅនិងកន្លែង ចំណែកកូនប្រុស២នាក់ជាកូនភ្លោះ អាយុ២ឆ្នាំ ម្នាក់ក៏ត្រូវស្លាប់ដែរនិងម្នាក់របួស ។ ជាមួយគ្នានេះ រថយន្តក៏បានជ្រុលទៅបុកម៉ូតូរ៉ឺម៉កលក់ភេសជ្ជៈដែលកំពុងឈប់ចតតាមដងផ្លូវបណ្តាលឱ្យរងរបួស៥នាក់ផ្សេងទៀត ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតទ្បើងកាលពីវេលាម៉ោង៥រសៀលថ្ងៃទី២៤ កុម្ភៈ នៅក្នុងភូមិស្ពានខ្ពស់ សង្កាត់គីទ្បូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។
បន្ទាប់ពីបង្កគ្រោះថ្នាក់តាមដងផ្លូវគួរឱ្យរន្ធត់នោះអ្នកបើកបរឈ្មោះ មាស សោម ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ ទាំងធំក្លិនស្អុយស្រាង៉ោង ព្រមទាំងញញឹមយ៉ាងស្រស់ដាក់កាមេរ៉ាកោះសន្តិភាពទៀតផង ដូចអត់មានតក់ស្លុតអ្វីបន្តិចសោះ ។
ស្ត្រីរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតឈ្មោះ លី ពៅ អាយុ៤១ឆ្នាំ មានទីលំនៅតាមផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវរថយន្តយក្សនេះ កិនបែកក្បាលស្លាប់នៅនឹងកន្លែង ។ រីឯកូនប្រុសភ្លោះអាយុ២ឆ្នាំ ម្នាក់ស្លាប់នៅមន្ទីរពេទ្យនិងម្នាក់ទៀតរងរបួសកំពុងសង្គ្រោះបន្ទាន់ ។ ចំណែកអ្នករបួសផ្សេងទៀត១-ឈ្មោះ ង្វៀង វឹងជុង អាយុ៤៦ឆ្នាំ ជាម្ចាស់រ៉ឺម៉កដឹកភេសជ្ជៈ ២-ឈ្មោះ ង្វៀង ធីយូ ភេទស្រី អាយុ៤៦ឆ្នាំ ៣-ឈ្មោះ ង្វៀង ធីយីម ភេទស្រី អាយុ២២ឆ្នាំ និង៤-ឈ្មោះ ចាន់ គន្ធា ភេទស្រី អាយុ២ឆ្នាំ រងរបួសដោយអំបែងកញ្ចក់ខ្ទាតត្រូវ ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកប្រេងឥន្ធនៈមួយគ្រឿង របស់ក្រុមហ៊ុនសូគីម៉ិចមានស្លាកលេខភ្នំពេញ ៣A-០៤៣៥ ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ។ ពេលធ្វើដំណើរមកដល់កន្លែងកើេតហេតុរថយន្តនោះក៏បុកម៉ូតូម៉ាកស្គូពី(កូនទា)មានស្លាកលេខភ្នំពេញ ១CB-៥៤៨៨ ពីក្រោយ ដែលបើកបរដោយស្ត្រីម្នាក់ឌុបកូនប្រុសភ្លោះតូចៗអាយុ២ឆ្នាំពីក្រោយ ដោយកិនស្លាប់ស្ត្រីជាម្តាយនិងកូន២នាក់របួសធ្ងន់ ហើយម្នាក់ស្លាប់នៅមន្ទីរពេទ្យបង្អែកសម្តេចឪ ។ តាមសាក្សីបានបន្តទៀតថា បន្ទាប់ពីបុកម៉ូតូរថយន្តក៏បានជ្រុលទៅបុករ៉ឺម៉កលក់ភេសជ្ជៈរបស់ជនជាតិវៀមណាម ដែលឈប់ចតលើចិញ្ចើមផ្លូវបណ្តាលឱ្យរបស់របរបើងជ្រុះរាយពេញផ្លូវ និងបណ្តាលឱ្យម្ចាស់រ៉ឺម៉កនិងប្រពន្ធ ព្រមទាំងបងប្អូនទាំងអស់៤នាក់ទៀតបានរងរបួសខ្លះធ្ងន់ខ្លះស្រាល ។ អ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួនហើយសមត្ថកិច្ចធ្វើការត្រួតពិនិត្យជាតិអាល់កុលមានកម្រិតខ្ពស់រហូត០,៦៣ស្រវឹងដាបស្ទើរទប់ខ្លួនលែងជាប់ទៅហើយ ។
រថយន្តនិងម៉ូតូព្រមទាំងអ្នកបើកបរ ត្រូវបាននគរបាលចរាចរណ៍បញ្ជូនទៅកាន់ការិយាល័យចាត់ការតាមច្បាប់ ។ សពត្រូវក្រុមគ្រួសារបញ្ជូនទៅធ្វើបុណ្យទាំងក្តីក្តុកក្តួលនិងសាកសង្រែកជាទីបំផុត ៕
ចែករំលែកព័តមាននេះ