ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ឈ្មោះ ថេង ធី អាយុ៤៣ឆ្នាំ រស់នៅភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ផ្កាប់មុខ នៅក្នុងចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិដង្ហា ឃុំសេដា ស្រុកតំបែរ មានចម្ងាយប្រហែល១.៥០០ម៉ែត្រពីផ្ទះ កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៣ កុម្ភៈ ២០១៤ ។ សពជនរងគ្រោះមានស្នាមកាប់ត្រូវកញ្ចឹងក២កន្លែង និងបែកចិញ្ចើម ព្រមទាំងមានថង់ដាក់គ្រាប់ស្វាយចន្ទីប្រមាណ៥គីឡូក្រាម ចំពាមកៅស៊ូ១ និងគោមពាក់ជាប់ ក្បាល១ ។
នេះជាអំពើឃាតកម្ម តែបានសង្ស័យថាបុរសនេះទៅលួចបេះផលដំណាំរបស់គេ លុះម្ចាស់គេទាន់ក៏វាយនិងកាប់ក្ស័យសង្ខារតែម្តង ។ ទោះបីជាបែបណា ជនដៃដល់ជាម្ចាស់ផលដំណាំគឺជាអ្នកខុស ព្រោះសម្លាប់មនុស្សទៅតាមកំហឹងរបស់ខ្លួន ខ្វះការពិចារណា ស្មានថាគ្រាប់ស្វាយចន្ទី៥គីឡូក្រាមនេះស្មើនឹងជីវិតមនុស្សឬបែបណា?
តាមលោក គឹម តារា ទទួលផែនសេនាធិការ នគរបាលស្រុកក្រូចឆ្មារប្រាប់ឱ្យដឹងថា បុរសរងគ្រោះឈ្មោះ ថេង ធី កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២២ កុម្ភៈ បានចេញពីផ្ទះរបស់ខ្លួនដោយមានពាក់គោមមួយនៅនឹងក្បាល សម្រាប់បំភ្លឺផ្លូវ ចំពាមកៅស៊ូ១ និងថង់១ស្ពាយនឹងខ្នង ដោយប្រាប់ប្រពន្ធថា ចេញទៅរកឆ្លុះសត្វនៅក្នុងព្រៃ ។ នៅព្រឹកព្រលឹមថ្ងៃទី២៣ កុម្ភៈ ប្រពន្ធអ្នករងគ្រោះនិងកូនៗ បាននាំគ្នាចេញទៅតាមរកក្នុងព្រៃ តែមិនឃើញក៏នាំគ្នាត្រឡប់មកផ្ទះវិញទាំងក្តីកង្វល់ផងដែរ ។
លោក គឹម តារា បន្តទៀតថា ដោយនៅតែមានមន្ទិលសង្ស័យមិនអស់ចិត្តក្នុងការតាមរកប្តីនោះ ប្រពន្ធអ្នករងគ្រោះក៏បានពឹងអ្នកភូមិផងរបងជាមួយជាច្រើននាក់ចេញទៅតាមរកក្នុងព្រៃម្តងទៀត ដោយបានចេញពីកន្លែងមួយទៅកន្លែងមួយរហូតដល់វេលាម៉ោង១និង៤០នាទីរសៀល ទើបប្រទះឃើញសពបុរសឈ្មោះ ថេង ធី ស្ថិតក្នុងស្ថានភាពដេកផ្កាប់មុខក្នុងចម្ការស្វាយចន្ទីរបស់អ្នកស្រុកម្នាក់ នៅក្នុងភូមិឃុំដង្ហា ឃុំសេដា ស្រុកតំបែរ ដែលមានព្រំប្រទល់ជាប់គ្នា ។
ការប្រទះឃើញនេះក៏បង្កឱ្យមានការភ្ញាក់ផ្អើលដល់នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំឈូក ហើយលោកវរសេនីយ៍ត្រី សាំ ហេង អធិការនគរបាលស្រុកក្រូចឆ្មារ ចាត់កម្លាំងជំនាញបច្ចេកទេសឱ្យចុះទៅពិនិត្យសពក៏ឃើញមានស្នាមកាប់និងស្នាមវាយ ។ បន្ទាប់ពីការត្រួតពិនិត្យរួចក៏បានប្រគល់សពឱ្យទៅក្រុមសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ។ លោក គឹម តារា បញ្ជាក់ថា ចំពោះគ្រាប់ស្វាយចន្ទីនៅក្នុងថង់ដែលមានទម្ងន់ប្រមាណ៥គីឡូក្រាមនោះ អាចនិយាយថា បុរសរងគ្រោះលួចបេះរបស់គេ ទំនងជាម្ចាស់ចម្ការគេមកទាន់ក៏ទប់ចិត្តមិនបានវាយរហូតស្លាប់បែបនេះតែ ម្តង ។ ការសម្លាប់នេះមិនបានសម្លាប់នៅកន្លែងនេះទេ គឺឃាតករអាចមានគ្នាពីរទៅបីនាក់ វាយសម្លាប់នៅកន្លែងផ្សេង ហើយនាំគ្នាសែងយកមកបោះចោលនៅក្នុងចម្ការស្វាយចន្ទីនេះ ដើម្បីបិទបាំងមិនឱ្យអ្នកណាដឹង ។
រហូតមកដល់ថ្ងៃទី២៤ កុម្ភៈ កម្លាំងជំនាញព្រហ្មទណ្ឌស្រុក បន្តចុះស្រាវជ្រាវករណីនេះទៀត ប៉ុន្តែលទ្ធផលមិនទាន់ដឹងយា៉ងណានៅឡើយទេ ៕
ចែករំលែកព័តមាននេះ