ខេត្តកណ្ដាល ៖ សាឡង់បូមខ្សាច់ដ៏ធំមួយគ្រឿងដែលកំពុងធ្វើសកម្មភាពបូមខ្សាច់នៅកណ្ដាលទន្លេមេគង្គក្បែរកោះប្រាក់ ស្ថិតក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ត្រូវអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៤ កុម្ភៈ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្ដែសំណាងល្អបានកម្មករបម្រើការងារលើសាឡង់នោះនាំគ្នាពន្លត់ទាន់ពេលមិនបណ្ដាលឱ្យអណ្ដាតភ្លើងឆាបឆេះរហូតបាត់ម្ចាស់ការនោះឡើយ ។
តាមប្រភពព័ត៌មានពីមន្ដ្រីអាជ្ញាធរស្រុកកៀនស្វាយ ដែលចុះទៅពិនិត្យជាក់ស្ដែងជុំវិញឧប្បត្ដិហេតុខាងលើនេះបានឱ្យដឹងថា មូលហេតុដែលបណ្ដាលឱ្យមានគ្រោះអគ្គិភ័យនៅកណ្ដាលទន្លេគឺដោយសារធ្លាយទុយោធុងប្រេងម៉ាស៊ីនសាឡង់កំពុងបញ្ឆេះបូមខ្សាច់ ទើបបង្កជាអណ្ដាតភ្លើងឆាបឆេះហុយផ្សែងខ្មៅងងឹតខ្មួលខ្មាញ់បង្កឱ្យមានការភ្ញាក់ផ្អើល ។ ប្រភពដដែលបានបន្ដថា ក្នុងគ្រោះអាសន្នខាងលើនេះ ត្រូវបានកម្មករដែលកំពុងធ្វើការងារនៅទីនោះនាំគ្នាដួសទឹកជះ និងអ្នកខ្លះយកដីខ្សាច់ក្នុងសាឡង់ជះពន្លត់អណ្ដាតភ្លើងមិនឱ្យឆេះរាលដាលខ្លាំងបានឡើយ ។ ទោះជាយ៉ាងនេះក្ដី ទិដ្ឋភាពនៅកន្លែងកើតហេតុ គេបានសង្កេតឃើញសម្ភារក្នុងសាឡង់រងការខូចខាតដូចជា ខូចម៉ាស៊ីនអស់២ និងប្រេងម៉ាស៊ូត៦ប៊ីដុង ។
សូមបញ្ជាក់ថា ម្ចាស់សាឡង់ខាងលើនេះឈ្មោះ ក្រុមហ៊ុនសុខ ហុង ហើយដំណើរការបូមខ្សាច់យកមកចាក់បំពេញនៅតំបន់អភិវឌ្ឍន៍បឹងស្នោ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌមានជ័យ ។ មន្ដ្រីអាជ្ញាធរស្រុកកៀនស្វាយបានអះអាងថា សាឡង់បូមខ្សាច់ដែលរងនូវការឆាបឆេះនោះមានអាជ្ញាប័ណ្ណត្រឹមត្រូវតាមច្បាប់ ៕
ចែករំលែកព័តមាននេះ