ខេត្តបន្ទាយមានជ័យ ៖ លោក គោស៊ុំ សារឿត អភិបាលខេត្ត បានកោះហៅមន្ត្រីពាក់ព័ន្ធដើម្បីប្រជុំដោះស្រាយរឿងជម្លោះដីធ្លីរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ២ភូមិ ដែលបានបង្កឱ្យមានរបួសស្នាមទៅលើអភិបាលរងស្រុកថ្មពួក មួយរូបនិងមន្ត្រីបរិស្ថានកន្លងមកនេះ ។
លោក ចុង ផែត អភិបាលរងខេត្តនិងជាប្រធានគណៈកម្មការដោះស្រាយទំនាស់ដីធ្លីបានលើកឡើងក្នុងកិច្ចប្រជុំនេះកាលពីរសៀលថ្ងៃទី២៤ កុម្ភៈ នៅសាលប្រជុំសាលាខេត្តថា ទំនាស់ដីធ្លីពិតជាបានកើតឡើងរវាងក្រុមហ៊ុនលាងប៊ូលីមីតធីត ដែលមានលោក ទួ ធានទ័រ ជាតំណាងក្រុមហ៊ុន និងប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិតាមាំង និងភូមិប្រាសាទត្បែង ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ដែលមានផ្ទៃដីសរុប១.៧៨៣ហិកតា ។ ក្រោយពេលមានទំនាស់ដីធ្លីកើតឡើង អាជ្ញាធរខេត្តបានប្រជុំបង្កើតគណៈកម្មការចុះដោះស្រាយទំនាស់មានចំនួន២១រូប ដែលមានរូបលោកជាប្រធាន ហើយបានឱ្យមន្ត្រីគណៈកម្មការចុះទៅពិនិត្យឃ្លាំមើលគឺមិនទាន់ឱ្យភាគីទាំង២ធ្វើសកម្មភាពណាមួយលើដីទំនាស់នោះទេ ។ លោកចុង ផែត បានបន្តថា នៅពេលគណៈកម្មការចុះធ្វើជំហានដំបូងមានគ្នា៥នាក់ ត្រូវប្រជាពលរដ្ឋមានគ្នាប្រមាណ៣០ទៅ៤០នាក់ មានគោយន្ត១គ្រឿង និងម៉ូតូ១០គ្រឿង ដែលភាគច្រើនជាប្រជាពលរដ្ឋភូមិតាមាំង បានវាយលោកអភិបាលរងស្រុកថ្មពួកមួយរូបបណ្ដាលឱ្យរបួសស្រាល និងមន្ត្រីបរិស្ថានុរក្សរបួសធ្ងន់ ។ ការប្រទូស្ដរ៉ាយនេះកើតឡើងនៅពេលប្រជាពលរដ្ឋលើកគ្នាមកតវ៉ា ហើយមន្ត្រីយកទូរស័ព្ទថតក៏បានវាយមកលើមន្ត្រីយកទូរស័ព្ទដែលថតបោកចោល ចំណែកមន្ត្រី៣នាក់ទៀតបានរត់ចូលព្រៃគេចខ្លួនរួចពីការវាយដំ ។
លោក គោស៊ុំ សារឿត បានព្រមានលោក នី ពៅ មេឃុំគោករមៀត លោកមេភូមិតាមាំង និងលោកមេភូមិប្រាសាទត្បែង ថា ចំណុចដីទំនាស់គឺមានដីម្នាក់៥០ហិកតា ហើយពេលមានរឿងប្រជាពលរដ្ឋបង្កលើមន្ត្រីគណៈកម្មការបណ្ដាលឱ្យរបួស២នាក់ គឺលោកមេឃុំរវល់នៅតូបកាហ្វេមើលប្រដាល់ ទើបមិនដឹងរឿងដែលកើតឡើយ ។ បញ្ហាទំនាស់កើតឡើងនេះ គឺអ្នកមានដីច្រើនជាឈ្មួញរកសីុដីមកពីខេត្តបាត់ដំបងនិងបឹងត្រកួន បានជួលប្រជាពលរដ្ឋ២ភូមិដែលភាគច្រើនជាអ្នកគ្មានដីមកតវ៉ានិងបង្ករបួសស្នាមមកលើមន្ត្រីគណៈកម្មការបណ្ដាលឱ្យរបួស ។ លោកអភិបាលខេត្តបានបន្តថា ចំពោះដីទំនាស់រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ២ភូមិ គឺមិនឱ្យអ្នកណាមួយសម្រេចឡើយទុកឱ្យគណៈកម្មករដោះស្រាយ ។
លោកអភិបាលខេត្តមានប្រសាសន៍ព្រមានដែរថា មានជនមួួយចំនួនបានលួចឈូសឆាយនិងភ្ជួរលើដីទំនាស់នៅពេលយប់ហើយបើគណៈកម្មការឃើញនឹងចាប់អនុវត្តតាមច្បាប់ ។ ចំណែកជនដែលបង្ករបួសស្នាមលើមន្ត្រីគណៈកម្មការត្រូវចូលខ្លួនមកសុំទោសជាលាយលក្ខណ៍អក្សរបើមិនចូលទេនឹងអនុវត្តតាមច្បាប់ ៕
ចែករំលែកព័តមាននេះ