ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិទ្ធិ​​ទល់​​នឹង​​សិទ្ធិ សម្ដេច​​តេ​ជោ​​ស្នើ​ឱ្យ​​មាន​​ទីលាន​ប្រជាធិបតេយ្យ​២​​សម្រាប់​អ្នកប្រឆាំង​​ និង​​គាំទ្រ

11 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​​ ៖ សម្តេច​​អគ្គ​មហាសេនា​ប​តី​តេជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​មានប្រសាសន៍​ថា ​កន្លង​​ទៅ​មាន​​ការ​បិទ​តូបលក់​ដូរ​ខ្លះ​​ឱ្យ​​កូន​ចៅ​ត្រឡប់​​ទៅស្រុក​​ដោយ​សារ​តែ​​នាំគ្នា​ជ្រួល​ជ្រើម​នឹង​បាតុ​​កម្ម ។ ប៉ុន្តែ​​ឥឡូវ​​បាតុ​កម្ម​មាន​ពីរហើយ ​អ្នក​គាំ​ទ្រ​ក៏​​មាន​សិទ្ធិ​​ អ្នក​ប្រឆាំង​ក៏​មាន​សិទ្ធិ ​គឺ​​សិទ្ធិ​ដូចគ្នា ​សិទ្ធិ​​ទល់​សិទ្ធិ ។

ខេត្ត​ព្រះ​សីហនុ​​ ៖ សម្តេច​​អគ្គ​មហាសេនា​ប​តី​តេជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​មានប្រសាសន៍​ថា ​កន្លង​​ទៅ​មាន​​ការ​បិទ​តូបលក់​ដូរ​ខ្លះ​​ឱ្យ​​កូន​ចៅ​ត្រឡប់​​ទៅស្រុក​​ដោយ​សារ​តែ​​នាំគ្នា​ជ្រួល​ជ្រើម​នឹង​បាតុ​​កម្ម ។ ប៉ុន្តែ​​ឥឡូវ​​បាតុ​កម្ម​មាន​ពីរហើយ ​អ្នក​គាំ​ទ្រ​ក៏​​មាន​សិទ្ធិ​​ អ្នក​ប្រឆាំង​ក៏​មាន​សិទ្ធិ ​គឺ​​សិទ្ធិ​ដូចគ្នា ​សិទ្ធិ​​ទល់​សិទ្ធិ ។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​​មាន​ប្រសាសន៍​​បែប​នេះ ​កាល​ពី​​ព្រឹកថ្ងៃ​ទី​២៥ ​កុម្ភៈ ​នៅស្រុក​​ស្ទឹង​ហាវ​​ ខេត្ត​​ព្រះ​សី​ហនុ ​​ក្នុង​ឱកាស​​អញ្ជើញ​​ជា​អធិបតី​​ភាព​ក្នុង​ពិធី​​ស​ម្ពោធ​ស្ថានីយ​អគ្គ​ិស​នី​ដុត​ធ្យូង​ថ្ម​​កម្លាំង​​១០០​​ម៉េ​ហ្គា​វ៉ាត់ ​ខេត្ត​​​ព្រះ​សី​ហនុ ​និង​​ខ្សែ​បណ្តាញ​​​បញ្ជូន​អគ្គិ​សនី​២៣០​គីឡូ​វ៉ុល ​ភ្នំពេញ​​-កំពង់ចាម ​របស​់​ក្រុម​ហ៊ុន​Leader ​មក​ពី​ប្រទេស​ម៉ាឡេស៊ី ​ដែល​ប្រើ​ប្រាស់​​ទុន​វិនិយោគ​​សរុប​​១៩៥,៤​លាន​ដុល្លារ​អាមេិក ​​​​មាន​រយៈ​ពេល​សម្ប​ទាន​៣៣ឆ្នាំ ​ក្នុងនោះ​​៣​ឆ្នាំ​សម្រាប់​​​សាង​សង់​​ ​និង​៣០​ឆ្នាំ​សម្រាប់​ធ្វើ​អាជីវ​កម្ម​ ។ ​​​ទាក់​ទិន​នឹង​បញ្ហា​ខាងលើ​​សម្តេច​តេជោ​​មាន​ប្រសាសន៍​​​ថា ​​ព្រោះ​បញ្ហា​នេះ​កុំ​ឱ្យ​​មាន​តែ​ម្ខាង​ សិទ្ធិ​ទល​់សិទ្ធិ ​ឆន្ទៈ​ទល​់​នឹង​ឆន្ទៈ ។ ​អ្វី​ៗ​​តែ​ង​តែ​លើក​ឡើង​ពី​​​​ឆន្ទៈ​រាស្ត្រ ​បើដូច្នេះ​ខាង​អ្នក​គាំ​ទ្រ​​ក៏​មាន​ឆន្ទៈ​​រាស្ត្រដែរ ។ បើ​​​បក្ស​​ប្រឆាំង​​មាន​សិទ្ធិ​​ជួបជុំ ​​​អ្នក​គាំ​ទ្រ​ក៏​មាន​​សិទ្ធិ​​ជួបជុំ​​​​ដែរ ​។ ​​ប៉ុន្តែ​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី​​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា​ ខ្ញុំ​ត្រូវ​តែ​ធានា​សុវត្ថិ​ភាព​​ឱ្យ​ទាំង​អស់​គ្នា ​ធានា​ទាំង​សិទ្ធិ​​ជួប​ជុំ​ទាំង​អស់​គ្នា ​។ ​​

បើ​សិន​​ជា​ត្រូវទៅ​ទី​លាន​ប្រជា​ធិប​តេយ្យ​ បើ​សិន​​ទាំង​សង​ខាង​សុំ​ទៅ​ទី​លាន​​ប្រជា​ធិបតេយ្យ​ សាលារាជ​ធានី​​ភ្នំពេញ ​ត្រូវត្រៀម​​ចែក​កន្លែង​ជា​ពីរ​ឱ្យ​ហើយ​ទៅ​ ។ ម្ខាង​​អ្នក​គាំ​ទ្រ​ និងម្ខាង​អ្នក​ប្រឆាំង ​ច្បាស់​លាស់​​នៅ​ពេល​ខាងមុខ​នេះ​នឹង​មាន​​​ស្នើ​សុំ​ធ្វើ​បាតុ​កម្ម​ហើយ​រឿង​នេះ​វា​នឹង​កើត​មាន​​ហើយ​ ។ ​ព្រោះ​បញ្ហា​​ធ្វើ​បាត​ុ​កម្ម ​គឺមិន​​បណ្តោយ​​បើក​ឱ្យ​ធ្វើ​បាតុ​កម្ម​​តាម​ចិត្ត​​ទៀត​ទេ​ ។ ដូច្នេះ​សាលា​​រាជ​ធានីភ្នំពេញ​ ឬសាលា​ខេត្ត​​ព្រះ​សី​ហនុ​ត្រូវ​ត្រៀម​ឱ្យ​​ហើយ​​ទៅ​ ព្រោះ​ខ្ញុំ​​ឮ​សំឡេងហើយ ​។ បើ​​អ្នក​ឯង​​មាន​សិទ្ធិ​ធ្វើ​បាតុ​កម្ម ​អ្នកគាំ​ទ្រ​ក៏​មាន​សិទ្ធិ​​សុំ​ធ្វើ​បាតុ​កម្ម​ដែរ ​។ ទីលាន​​ប្រជាធិបតេយ្យ​ត្រូវ​ត្រៀម​ចែក​ជាពីរ​ទៅ ​បើ​មិន​ឱ្យ​​ មិន​ឱ្យ​ទាំង​ពីរទៅ ​។ ​នៅ​ខេត្ត​ព្រះ​សីហនុ​​ក៏​ដូច​គ្នា​ដែរ ​បើ​សុំ​ធ្វើ​បាតុ​កម្ម​​តែង​មាន​ចរិត​​នយោ​បាយ ​ហើយ​បើ​មាន​​ចរិត​នយោ​បាយ​គឺ​តែង​មាន​អ្នក​​គាំ​ទ្រ​និង​អ្នក​ប្រឆាំងហើយ ។ បើ​ឱ្យ​ត្រូវ​តែ​​ឱ្យ​ទាំង​ពីរ​​ បើក​ុំ ​កុំ​ទាំងពីរ ​គឺជាការល្អ ​។ ​បើ​ឱ្យ​តែ​មួយ​​ដូច​​កាល​កន្លង​ទៅ ​យើង​ហាម​ឃាត់​​គេ​ដល់​​គេ​ខឹង…។

​សម្តេច​​តេជោ​មាន​ប្រសាសន៍​បន្ត​​ទៀត​ថា ​ខ្ញុំ​​មិន​សំណូម​ពរ​ធ្វើ​បាតុ​កម្ម​ទេ តែ​ខ្ញុំ​​គ្រាន់​​តែ​មិន​ឃាត់ ​សិទ្ធិ​​មា​នដូចគ្នា ​អ្នក​ប្រឆាំង​ក៏​មាន​សិទ្ធិ ​អ្នក​គាំ​ទ្រ​​ក៏​មាន​សិទ្ធិ ​​ខ្ញុំ​​ក៏មិន​ធ្វើតាម​ប្រធានាធិប​តី​​​វេណេ​ហ្សុ៊យ​​អេឡា​ដែរ ​ដែ​ល​​​​​អំពាវ​នាវ​ឱ្យ​អ្នក​គាំ​ទ្រ​គាត់​ចេញ​​មក​ធ្វើ​បាតុ​កម្ម​​​​ ​។ ​ឯ​ខ្ញុំ​​អត់​អំពាវ​នាវ​ទេ​ ខ្ញុំ​គ្រាន់​​តែ​ផ្តល់​សិទ្ធិ​​​ស្មើគ្នា​​តែ​ប៉ុណ្ណោះ …។​
សម្តេច​បាន​ផ្តាំ​​ផ្ញើ​​​ដល់​អាជ្ញា​ធរ​​នៅគ្រប់​ទី​កន្លែង​ឱ្យ​ហើយ ​បើ​ក្រុម​ប្រឆាំង​គេមាន​សិទ្ធិ​​ ក្រុម​អ្នក​​គាំ​ទ្រ​ក៏​មាន​សិទ្ធិ​ដែរ ​។ បើ​សិន​​ជា​អនុ​ញ្ញាតឱ្យ​ធ្វើ ​ភ្នំពេញ​មាន​តែ​មួយ​កន្លែង​គឺទី​លាន​​ប្រជា​ធិប​តេយ្យ ​​មិន​ដឹង​បញ្ចៀស​​ទៅ​កន្លែ​ង​ណា ​​។ ​បើ​ដូច្នេះ​ ទាល់​​តែ​ទីលាន​​ប្រជា​ធិប​តេ​យ្យ​​ត្រូវ​ធ្វើ​របង​ថ្មឃាំង​ម្ខាង​ម្នាក់​​​ទើបបាន ​យក​កម្លាំង​​នគរ​បាល​ទៅការ​ពារ​ប្រហែល​ជា​ពិបាក​ហើយ​ ​បើ​ដូច្នេះ​ត្រូវ​ត្រៀម​ឱ្យ​ហើយ​ទៅ​​របង​ថ្ម ​របង​ដែក ​…​ម្ខាង​បាតុ​កម​្ម​​គាំ​ទ្រ ​និង​ម្ខាង​ធ្វើ​បាតុ​កម្ម​​ប្រឆាំង​ ត្រៀម​ធ្វើ​របង​​ឱ្យ​ហើយ​ទៅ​ ខ្ញុំ​ឱ្យ​ជា​យោបល់​​ទេ ​ហើយ​ក៏​ឱ្យ​អ្នក​ដទៃ​​​ភ្លឺ​ភ្នែក​ដែរ​ កុំ​ឱ្យ​ចេះ​​​ប្រើ​សិទ្ធិ​​តែ​ឯង​ ស្អី​ឆន្ទៈ​រាស្ត្រៗ!…។

​ទាក​់​ទិន​​នឹង​ការ​អភិវឌ្ឍ​​​វិស័យ​អគ្គ​ិសនី​ ​សម្តេច​អគ្គ​មហា​សេនា​ប​តី​តេជោ ​ហ៊ុន សែន ​មាន​​ប្រសាសន៍​​​ថា ​នៅពេល​ខាង​មុខ​​យើង​​ត្រូវ​ប្រឹង​ប្រែង​ថែម​ទៀត ​ដើម្បី​សម្រេច​ឱ្យ​ការ​ផលិត​​​អគ្គ​ិ​សនី​​ ដើម្បី​​បម្រើ​ឱ្យ​សេចក្តីត្រូវការ​​​នៃ​ការ​​​កើន​ឡើង​របស​់​ប្រជាពលរដ្ឋ​​​​យើង ​។ នេះ​ជា​ចំណុច​​ទី​១​​ត្រូវ​​ខិតខំ ។ ​ចំណុចទី​២- គឺ​ការត​ភ្ជាប់​បណ្តាញ​ ។ ​ក្នុងការ​​ត​ភ្ជាប់​បណ្តាញ​​​​​​នេះមាន​៣ប្រ​ភេទបណ្តាញ​ដែល​ត្រូវ​ត​ភ្ជាប់ ​៖

បណ្តាញ​ទី​១-​​​គឺបណ្តាញ​ជាតិ ​ដែល​ឥឡូវ​ការ​ត​ភ្ជាប់​​បាន​១៣​​ខេត្ត​​​​ហើយ ​នៅ​ខ្វះ​ខេត្ត​​មួ​ួយ​ចំនួន​​ទៀត ។ ​បើ​សិន​ជា​មាន​អគ្គ​ិ​សនី​​​ ​ហើយ​​អត់​បណ្តាញ​ចែ​កចាយ​ក៏វា​ទៅ​មិន​ដល់​​ក្នុង​​ការ​ប្រើ​ប្រាស់​​អគ្គិ​សនី​ដែរ ។ ​ដូច្នេះ​ត្រូវ​​ប្រឹង​​​ជំរុញ​​ការ​ត​ភ្ជាប់​​បណ្តាញ​ចែក​ចាយ​នេះ​ឱ្យ​ទៅ​​គ្រប់​ខេត្ត​ដែល​​មិន​ទាន់​មាន​បណ្តាញ​ចែ​កចាយ ។ ​បណ្តាញ​ទី​២-​គឺ​បណ្តាញ​រង ​ដែល​​​ត្រូវ​ធ្វើ​យ៉ាងណា​​ក្នុងមួយ​ឆ្នាំ​ៗ​ត្រូវ​ផ្តល់​ថវិកា​​​ ​ទាំង​ថវិកា​​​ ក្រុម​ហ៊ុន​អគ្គ​ិ​សនី​​កម​្ពុជា ​និងទុន​របស់​​រដ្ឋ​មួយ​​​ចំនួន​​​បន្ថែម​​ទៀត ​​ដើម្បី​បញ្ជូន​​បណ្តា​​ញ​រង​​ត​ភ្ជាប់​​ទៅ​កាន់​​មូលដ្ឋាន​​សម្រាប់​ត​ភ្ជាប់​ទៅ​ឱ្យ​ប្រជា​ពលរដ្ឋ ។ ព្រោះ​​មាន​សំណូម​ពរ​​ច្រើន​ណាស់​​ ដើម្បី​​រុញ​អគ្គិ​សនី​​របស​​់​រដ្ឋ​ឱ្យ​ទៅ​ដល់​ជំនួស​អគ្គិ​សនី​​ឯក​ជន​​ដែល​កំពុង​​ប្រើ​​តម្លៃ​ខ្ពស់ ។ ​​បណ្តាញ​ទី​៣-គឺ​​ភ្ជាប​់​បណ្តាញ​ជា​មួយ​​ប្រទេស​ជិត​ខាង​ ។ បណ្តាញ​របស់​យើង​មាន​រួច​​ហើយ ​ដែល​​បាន​ធ្វើ​ ​ដែល​ទាញ​​ភ្លើង​ពី​វៀត​ណាម​​មក​កាន់​កម្ពុជា​ ។ ប៉ុន្តែ​ក៏​នៅ​មាន​បណ្តាញ​តូច​ៗ​​មួយ​ចំនួន​ទៀត ដែ​ល​ទាញ​ភ្លើង​ពី​វៀត​ណាម​យក​មក​​ប្រើ​ ក៏​ត្រូវ​ខិតខំ​ត​ភ្ជាប់​បណ្តាញ​នេះ​​ដែរ ។ ​ពេល​អគ្គ​ិ​សនី​នៅ​សល់​​យើង​លក់​ឱ្យ​វៀត​​ណាម ពេល​ដែល​ខ្វះ​យើង​ទិ​ញ​ពី​វៀត​ណាម​​វិញ ។ ​​វារី​អគ្គិ​សនី​​នៅ​រដូវ​វស្សា ​យើង​អាច​លក់​ឱ្យ​វៀត​ណាម​បាន​១០០​មេ​ហ្គាវ៉ាត់​ ​ជា​មួយ​ថៃ​បាន​ត​ភ្ជាប់​​​រុញ​មក​​១២០​មេហ្គាវ៉ាត់ ​តាម​ច្រក​ធំ​រវាង​ប៉ោយ​ប៉ែត​​មក​សៀម​រាប​​ ប៉ុន្តែ​នៅ​មាន​បណ្តាញ​កោះ​កុង​-​ប៉ៃលិន ​​អូរ​​ស្មាច់​​ ​និង​បណ្តាញ​ដទៃ​ទៀត ​​ដែល​ត្រូវ​ត​ភ្ជាប់ ​។ ​​

ដូច្នេះ​ការ​ត​ភ្ជាប់​​មាន​៣​បែប​​ គឺ​ត​ភ្ជាប់​​ផ្ទៃ​ក្នុង​តាម​បណ្តាញ​២៣០​គីឡូ​វ៉ុល ​មួយ​ទៀត​​បណ្តាញ​រងសម្រាប​់​ផ្ទៃ​ក្នុង​ មួយ​ទៀត​​ជា​មួយ​​ឡាវ​ត្រូវ​​​តែ​រក​​​ការ​ត​ភ្ជាប់​​ពី​ប៉ាក់​សេ ​មក​​ស្ទឹង​ត្រែង ​។ ​ក៏​មាន​ការ​ត​ភ្ជាប់​មក​ខេត្ត​​ព្រះ​វិហារ​ផង​ដែរ ​​ដោយ​ទិញ​​ពីឡាវ ​ត្រូវ​រក​ការ​បណ្តាក​់​ទុន​​ដើម្បី​​មក​ផ្គត់​ផ្គង់​​ឱ្យ​​ខេត្ត​​ព្រះ​​វិហារ ។ សម្តេច​តេជោ​មាន​ប្រសាសន៍​ថា ​ការ​​​អភិវឌ្ឍ​ប្រទេស​គឺ​យ៉ាង​ដូច្នេះ​​ ​ទាម​ទារ​ឱ្យ​មាន​ការ​គិត​​គូរ​​សព្វ​គ្រប់​បែប​យ៉ាង​​ គ្រប់​គ្រង​ប្រទេស​​យ​៉ាង​ដូច​​ម្តេច​​​បាន​សេចក្តី​សុខ …។ ​​ក្នុង​របាយ​ការណ៍​របស់​លោក​​ស៊ុយ​ សែម ​រដ្ឋ​​មន្ត្រី​ក្រសួង​រែ៉ និង​ថាម​ពល​​ ​បាន​ឱ្យ​ដឹង​ថា​ គោល​ដៅ​នៃ​ការ​អភិវឌ្ឍ​ស្ថានីយ​​អគ្គ​ិស​នី​ដុត​ធ្យូង​ថ្ម​នេះ ​ក៏​ដើម្បី​​ទាញ​កម្ពុជា​​ឱ្យ​ងាក​ចេញ​ពី​ការ​ពឹង​ផ្អែក ​ទាំងស្រុង ​លើ​ការ​ប្រើ​ប្រាស់​ប្រេង​​​ក្នុងការផលិត​​ថាម​ពល​អគ្គ​ិ​សនី​ដែរ ​។ ​​​​តាម​ការ​សិក្សា​របស់​អ្នក​សេដ្ឋ​កិច្ច ធ្យូង​ថ្ម​មាន​តម្លៃ​ថោក​ជាង​ប្រេង ​បន្ថែម​ពី​លើ​នេះ​ទៅ​អនា​គត​​​ខាងមុខ ​ទីផ្សារ​ធ្យូង​ថ្ម​​អាច​មាន​ស្ថិរ​ភាព​ជាង​ទីផ្សារ​ប្រេង​ឥន្ធនៈ ។

​លោករដ្ឋមន្ត្រី​​​​​​បន្តថា ​គម្រោង​ស្ថានីយ​​អគ្គិ​សនី​ធ្យូង​ថ្ម​នេះ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ​​ចំនួន​៣គឺ ៖
១-​ស្ថានីយ​​អគ្គិ​​សនី​ដុត​ធ្យូង​ថ្ម​​កម្លាំង​១០០​មេ​ហ្គា​វ៉ាត់ ​(៥០​មេហ្គា​វ៉ាត់​ចំនួន​២​គ្រឿង) ដោយ​ប្រើ​​បច្ចេក​​​​​វិទ្យា​​ធ្យូង​​ថ្ម​​ស្អាតអាច​ផលិត​​ថាម​ពល​​បាន​ប្រមាណ​​៧៥៣​​លាន​គីឡូ​​វ៉ាត់​ម៉ោង​ក្នុង​១​ឆ្នាំ។
២-​ស្ពាន​​ផែ​សមុទ្រ​និង​ប្រព័ន្ធ​ដឹក​ជញ្ជូន​ធ្យូង​​ថ្ម​​​ប្រវែង​​៥០០​ម៉ែត្រ ​​ទៅ​ក្នុង​សមុទ្រ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​​បន្ទាប់​​បន្សំ​ផ្សេង​ៗ​ទៀត ។
៣-​ខ្សែ​បណ្តាញ​​បញ្ជូន​អគ្គិ​សនី​​២៣០​គីឡូ​វ៉ុល​​ប្រវែង​​១.៧០០​ម៉ែត្រ ​ដែល​​ត​​ភ្ជាប់​ពី​រោង​ចក្រ​​ផលិត​អគ្គ​ិ​សនី​​ទៅ​​អនុ​ស្ថានីយ​​​ស្ទឹងហាវ ​របស់​អគ្គ​ិ​សនី​​កម្ពុជា​នៅខាងក្រៅ ។ ​គម្រោង​នេះ​ប្រើ​ប្រាស់​​ទុន​វិនិយោគ​​​សរុប​១៩៥,៤​លាន​ដុល្លារ​អាមេរិក ​រយៈ​ពេល​សម្ប​ទាន​​៣៣​ឆ្នាំ​ ក្នុងនោះ​៣​ឆ្នាំ​សម្រាប់សាង​សង់​​​ ​និង​៣០​ឆ្នាំ​សម្រាប់​ធ្វើ​​អាជីវ​កម្ម ៕