ខេត្តកណ្តាល ៖ សាឡង់បូមខ្សាច់ដ៏ធំមួយដែលកំពុងធ្វើសកម្មភាពបូមខ្សាច់នៅកណ្តាលទន្លេមេគង្គក្បែរកោះប្រាក់ ស្ថិតក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ត្រូវអគ្គិភ័យឆាបឆេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៤ កុម្ភៈ ២០១៤ ប៉ុន្តែសំណាងល្អបានកម្មករដែលកំពុងបម្រើការងារលើសាឡង់នោះនាំគ្នាពន្លត់ទាន់ពេល។
តាមប្រភពព័ត៌មានពីអាជ្ញាធរស្រុកកៀនស្វាយដែលចុះទៅពិនិត្យជាក់ស្តែងបានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យមានអគ្គិភ័យនេះដោយសារធ្លាយទុយោប្រេងក្នុងម៉ាស៊ីនសាឡង់កំពុងបញ្ឆេះបូមខ្សាច់ទើបបង្កជាអណ្តាតភ្លើងឆាបឆេះផ្សែងហុយខ្មួលខ្មាញ់បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។
ប្រភពដដែលបន្តថា គ្រោះអាសន្នខាងលើនេះត្រូវបានកម្មករដែលកំពុងធ្វើការនៅទីនោះនាំគ្នាដួសទឹកជះ និងយកដីខ្សាច់ក្នុងសាឡង់ជះពន្លត់អណ្តាតភ្លើងមិនឱ្យឆេះរាលដាលខ្លាំងឡើយ។
ទោះជាយ៉ាងនេះក្តី អគ្គិភ័យនេះបានបណ្តាលឱ្យខូចខាតម៉ាស៊ីនអស់២ និងប្រេងម៉ាស៊ូតចំនួន៦ប៊ីដុង។ សូមបញ្ជាក់ថា សាឡង់ខាងលើនេះជារបស់ក្រុមហ៊ុនសុខ ហុង ដែលដំណើរការបូមខ្សាច់យកមកចាក់បំពេញនៅតំបន់អភិវឌ្ឍបឹងស្នោ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌមានជ័យ៕
ចែករំលែកព័តមាននេះ