ខេត្តកំពង់ធំ ៖ ដីសម្បទានសេដ្ឋកិច្ចចំនួន២០០ហិកតា ក្នុងចំណោមផ្ទៃដីចំនួន១ម៉ឺន៦០០០ហិកតា នៅក្នុងតំបន់វាលស្រង៉ែ និងផ្អែកដំបង ស្ថិតក្នុងភូមិឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានប្រភពព័ត៌មានបង្ហើបឱ្យដឹងថា លោកមេឃុំផាត់សណ្ដាយ បានឃុបឃិតគ្នាជាមួយលោកអភិបាលរងស្រុកកំពង់ស្វាយលួចលក់ឱ្យទៅឈ្មួញ២នាក់ ក្នុងតម្លៃ១ម៉ឺន២០០០ដុល្លារអាមេរិក ខណៈដែលមេឃុំផាត់សណ្ដាយ បានសុំខ្ចីដីក្នុងតំបន់ខាងលើ ពីឃុំកំពង់គោ ដើម្បីឱ្យប្រជាពលរដ្ឋបង្កបង្កើនផលស្រូវបណ្ដោះអាសន្ននោះ ។
ពាក់ព័ន្ធបញ្ហាខាងលើនេះ ប្រភពព័ត៌មានបានឲ្យដឹងថា ផ្ទៃដីចំនួន២០០ហិកតាដែលគេដឹងថា ជាដីដែលរាជរដ្ឋាភិបាលបានបោះបង្គោលឆ្វៀលទុកជាដីសម្បទានក្នុងឆ្នាំ២០១២ តែមិនទាន់មានអនុក្រិត្យជាផ្លូវការនោះ ហើយជាដីកម្មសិទ្ធរបស់ប្រជាពលរដ្ឋក្នុងឃុំកំពង់គោ ត្រូវបានមេឃុំផាត់សណ្ដាយឃុបឃិតគ្នាជាមួយអភិបាលរងស្រុកកំពង់ស្វាយមួយរូប លួចលក់ទៅឱ្យឈ្មោះមាស សាវរ៉ា ចំនួន១០០ហិកតា ក្នុងតម្លៃ៦០០០ដុល្លារ និងលក់ទៅឱ្យឈ្មោះទុំ ដន ចំនួន១០០ហិកតា ក្នុងតម្លៃ៦០០០ដុល្លារដូចគ្នា ប៉ុន្តែរហូតមកដល់ថ្ងៃនេះ អ្នកទិញដីពីលោកមេឃុំ និងអភិបាលរងស្រុកម្នាក់នោះ បានប្រគល់លុយត្រឹមតែម្នាក់៥០០០ដុល្លារប៉ុណ្ណោះ ។
ពាក់ព័ន្ធនឹងការលក់ទិញដីខាងលើនេះ ព័ត៌មានពីប្រជាពលរដ្ឋដែល កំពុងបង្កបង្កើនផលស្រូវប្រាំងនៅតំបន់ខាងលើ បានបង្ហើបឱ្យដឹងថា ពួកគាត់មិនបានដឹងពីរឿងនេះទេ ប៉ុន្តែពួកគាត់ធ្វើស្រែនេះ គឺត្រូវបង់លុយឱ្យទៅឈ្មោះទុំ ដន និងឈ្មោះមាស សាវរ៉ា អស់រយៈពេល២ឆ្នាំមកហើយ។
ជាមួយគ្នានោះដែរ គេនៅមិនទាន់ដឹងថា តើលុយចំនួនម្នាក់៥០០០ដុល្លារ ដែលលោកមេឃុំផាត់សណ្ដាយ និងលោកអភិបាលរងស្រុកបានលក់ដីនោះ និងមានមនុស្សប៉ុន្មាននាក់ទៀត ដែលកំពុងជាប់ពាក់ព័ន្ធនោះឡើយ ទើបបានជារឿងធំប៉ុនមេឃកើតឡើង២ឆ្នាំមកហើយ គេបែជាមិនឃើញមានមន្ត្រីថ្នាក់ណាមានប្រតិកម្មអ្វីសោះ គឺទើបតែកាលពីពេលថ្មីៗនេះ ខណៈដែលលោកទុំ ដន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ ខ្លួនជាលើកទី២ទើបរឿងនេះត្រូវបានលាតត្រដាង ។
ចែករំលែកព័តមាននេះ