រាជធានីភ្នំពេញ ៖ ជារឿងគួរឲ្យសង្វេគបំផុតមួយដែលបុរសចំណាស់ម្នាក់ មានវ័យជាង៥០ឆ្នាំទៅហើយខំប្រតែងប្រតោងឡើងត្នោតរកប្រាក់ដើម្បីចិញ្ចឹមប្រពន្ធនិងកូនប្រុសស្រីរហូតដល់១០នាក់នៅក្នុងបន្ទុកគ្រួសារ ហើយជាអកុសលគាត់បានធ្លាក់ពីលើចុងត្នោតដែលមានកម្ពស់ប្រហែលជិត៨ម៉ែត្របណ្ដាលឲ្យបាក់កស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង ។
អ្វីដែលគួរឲ្យអាសូរថែមទៀតនោះ គឺនៅពេលដែលគាត់ជួបគ្រោះថ្នាក់មិនត្រូវបានប្រពន្ធនិងកូនដឹងភ្លាមៗនោះទេ ដោយស្លាប់រយៈពេលមួយយប់រហូតដល់វេលាជិតភ្លឺ ទើបត្រូវបានប្រពន្ធនិងកូនប្រទះឃើញ និងបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោនាំគ្នាសែងសពនាំយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី។
ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីទៀបភ្លឺ ថ្ងៃទី២៥ កុម្ភៈ ២០១៤ស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោកខណ្ឌពោធិ៍សែនជ័យ ចម្ងាយពីផ្ទះជនរងគ្រោះប្រហែល១០០ម៉ែត្រប៉ុណ្ណោះ។
បុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ផល សម្បត្តិ អាយុ៥៣ឆ្នាំ ប្រពន្ធឈ្មោះ ខាត់ មឿន អាយុ៥២ឆ្នាំ ជាកសិករ ពួកគាត់មានកូនរហូតទៅដល់ចំនួន១០នាក់នៅក្នុងបន្ទុកគ្រួសារ ។
ចែករំលែកព័តមាននេះ