ខេត្តបាត់ដំបង ៖ ក្មេងទំនើងមួយក្រុមត្រូវគេរាយការណ៍ថាបានប្រើដាវសាំមួរ៉ៃចូលទៅភ្ជង់.កយុវសិស្ស២នាក់គំរាមឱ្យជិះម៉ូតូចេញក្រៅសាលាកាលពីរសៀលថ្ងៃទី២៤ កុម្ភៈ ២០១៤ ប៉ុន្តែសមត្ថកិច្ចបានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងដកហូតបានដាវសាំមួរ៉ៃចំនួន៣ដើមនៅខាងមុខវិទ្យាល័យព្រះមុនីវង្ស សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
យុវសិស្ស២នាក់ដែលអះអាងថា ពួកគេជាជនរងគ្រោះម្នាក់ឈ្មោះរ៉េត វីយ៉ា ភេទប្រុស អាយុ១៦ឆ្នាំ និងម្នាក់ទៀតឈ្មោះរ៉េត តារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ ជាបងប្អូនបង្កើតនឹងគ្នា និងរៀននៅវិទ្យាល័យព្រះមុនីវង្ស។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនឈ្មោះឃឿន ចាន់ណៈ អាយុ២៣ឆ្នាំ រស់នៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង។
យុវសិស្សឈ្មោះរ៉េត វីយ៉ា បាននិយាយថា ឈ្មោះចាន់ណៈគឺជាបក្សពួកជនដៃដល់ដែលប្រើដាវភ្ជង់.កប្អូនប្រុសរបស់ខ្លួន ខណៈដែលខ្លួន និងប្អូនជិះម៉ូតូចូលដល់ក្នុងសាលា ដោយគំរាមឱ្យពួកខ្លួនជិះម៉ូតូចេញទៅក្រៅសាលាវិញ ហើយជននោះក៏លោតឡើងជិះម៉ូតូរបស់ខ្លួនពីក្រោយដែរ។
យុវសិស្សរូបនេះបញ្ជាក់ថា ពេលនោះពួកខ្លួនជិះបណ្តើរស្រែកឱ្យគេជួយបណ្តើរ លុះជិះចេញបានបន្តិចសមត្ថកិច្ចបានមកដល់ ហើយជននោះក៏លោតចុះពីលើម៉ូតូរត់បាត់ រីឯពួកខ្លួន២នាក់បងប្អូនក៏ត្រូវសមត្ថកិច្ចនាំទៅកាន់ស្នងការដ្ឋានខេត្តដើម្បីសួរនាំ រួមជាមួយនឹងដាវសាំមួរ៉ៃ២ដើម និងម៉ូតូ១គ្រឿងរបស់ជនសង្ស័យដែលរត់ចោល លុះបន្តិចក្រោយមក សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះឃឿន ចាន់ណៈ និងដកហូតបានដាវ១ដើមទៀត។
តាមប្រភពបានឱ្យដឹងថា ភាគីជនរងគ្រោះ និងជនសង្ស័យធ្លាប់មានជម្លោះគ្នា៕
ចែករំលែកព័តមាននេះ