ខេត្តកំពង់ស្ពឺ ៖ រថយន្តទួរីសដឹកអំពៅមួយគ្រឿងលួចបង្កប់ឈើប្រណីតប្រភេទនាងនួនចំនួន២៧ដុំ ត្រូវនគរបាលសេដ្ឋកិច្ចខេត្តស្ទាក់ចាប់បានកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៤ កុម្ភៈ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៥០ ស្ថិតក្នុងភូមិញ សង្កាត់កណ្តោលដុំ ក្រុងច្បារមន។
លោកញ៉ែម សៅ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឱ្យដឹងថា ក្នុងការបង្ក្រាបនេះសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តម្នាក់ឈ្មោះរឿន សាមុត ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិត្រពាំងអត់ទឹក ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច។
បើតាមចម្លើយរបស់អ្នកបើកបររថយន្តដឹកអំពៅនេះបានឱ្យដឹងថា ឈើដែលបង្កប់ក្រោមដើមអំពៅនេះជារបស់ឈ្មោះមឿម មានទីលំនៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច។
បច្ចុប្បន្នអ្នកបើកបរ និងរថយន្តត្រូវបានបញ្ជូនទៅថ្នាក់លើដើម្បីចាត់ការបន្ត៕
ចែករំលែកព័តមាននេះ