ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​​​ការ​ងារ​​​បណ្តុះ​​បណ្តាល​វិជ្ជា​​ជីវ​​ៈ​​​ជំរុញ​​​​ការ​រៀប​ចំ​​​សេចក្តី​​ព្រាង​​​ច្បាប់​ស្តី​​ពី​​សហ​​ជីព​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ លោក​អុិត​ សំហេង​ បាន​ជំរុញ​ឱ្យ​មាន​ការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហ​ជីព​ ដើម្បី​​ស្នើ​សុំ​ការ​អនុ​ម័ត​ពីរដ្ឋ​សភា​នៅ​ក្នុង​ឆ្នាំ​២០១៤ នេះ ។

រាជ​ធានី​ភ្នំពេញ​ ៖ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ លោក​អុិត​ សំហេង​ បាន​ជំរុញ​ឱ្យ​មាន​ការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហ​ជីព​ ដើម្បី​​ស្នើ​សុំ​ការ​អនុ​ម័ត​ពីរដ្ឋ​សភា​នៅ​ក្នុង​ឆ្នាំ​២០១៤ នេះ ។​ ការ​ជំរុញ​នេះ​ បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​ក្រុម​ការងារ​គណៈ​កម្មការ​ទី​៨ នៃ​រដ្ឋ​សភា​ ដឹក​នាំ​ដោយ​លោក​ជំទាវ​ ហូ​ ណូន​ ប្រធាន​គណៈ​កម្មការ​នេះ​ កាល​ពី​រសៀល​ថ្ងៃ​ទី​១៨ កុម្ភៈ​ ​នៅ​ទីស្តី​ការ​ក្រសួង ។​

ក្នុង​ជំនួប​ពិភាក្សា​នេះ លោក​អិុត សំហេង​ បាន​លើក​ឡើង​អំពី​ផែន​ការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ​របស់​ក្រសួងឆ្នាំ​២០១៤-​២០១៨​ ជា​អាទិ​ភាព​ទាំង​៥​​មាន​ ៖​ ១-​ការ​អភិវឌ្ឍ​ និង​ការ​លើក​កម្ពស់​លក្ខ​ខណ្ឌ​ការងារ ២-​ការ​អភិវឌ្ឍ​ការ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​ និង​វិជ្ជា​ជីវៈ​ ៣-​ការ​អភិវឌ្ឍ​មុខ​របរ​ និងការងារ​ ៤-​ការ​អភិវឌ្ឍ​របបសន្តិ​សុខ​សង្គម​សម្រាប់​ជន​ទាំង​ឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញតិ្ត​នៃ​ច្បាប់​ស្តី​ពី​ការងារ​ និង​​៥-​ការ​ពង្រឹង​អភិបាល​កិច្ច​ល្អ ។​ លោក​រដ្ឋ​មន្ត្រី​បន្ត​ថា ក្នុង​នីតិ​កាល​ទី​៥ នៃ​រដ្ឋ​សភា​​ ក្រសួង​ការងារ​ ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​មាន​ផែន​ការ​ធ្វើ​កំណែ​ទម្រង់​ជា​ច្រើន​ដូច​ដែល​មាន​រំលេច​ក្នុង​ផែន​ការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​​ ឆ្នាំ​២០១៤-​២០១៨ ។​ ក្រសួង​នឹង​កែ​សម្រួល​នូវ​​លិខិត​បទដ្ឋាន​បង្កើត​ច្រកចេញ​ចូល​តែ​មួយ​ ដើម្បី​ពង្រឹង​ការ​ជ្រើសរើស​ពល​ករ​ ដោយត​ម្រូវ​ឱ្យ​ភ្នាក់​ងារ​ជ្រើស​រើស​ឯក​ជន​ត្រូវ​តែ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ជា​មុន​​ ទើប​អាច​ចុះ​ជ្រើស​រើស​ពល​ករ​នៅ​តាម​មូលដ្ឋាន​ ដោយ​មាន​ការ​សហការ​ពី​មន្ទីរ​ការងារ​រាជ​ធានី​-ខេត្ត​​​​ សំដៅ​ធ្វើ​យ៉ាងណា​កាត់​បន្ថយ​ការ​ឆបោក​ពលករ​ពី​សំណាក់​ជន​ខិល​ខូច​មួយ​ចំនួន​ ។

លើសពី​នេះ​ ក្រសួង​នឹង​បង្កើន​គុណ​ភាព​នៃ​ការ​ផ្តល់​សេវា​ឱ្យបាន​​ល្អ​ប្រសើរ​ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នកដែល​ទទួល​សេវា​ ។​ លោក​អុិត សំហេង បញ្ជាក់​ថា ក្រសួង​នឹង​កែ​ទម្រង់​​ការ​ធ្វើ​អធិការ​កិច្ច​ការងារ​ដោយ​បង្កើត​​ជា​ក្រុម​អធិការ​កិច្ច​ឯក​ភាព​មួយ​ដែល​មាន​សមាស​ភាព​មក​ពីគ្រប់​នាយកដ្ឋាន​ពាក់​ព័ន្ធ​ ដោយ​ប្រើ​ប្រាស់​​នូវ​បញ្ជី​ត្រួត​ពិនិត្យ​រួម​ សំដៅ​កាត់​បន្ថយ​បន្ទុក​របស់​និយោ​ជក​ដែល​ត្រូវ​រង​អធិការ​កិច្ច ។​ លើស​ពី​នេះ ក្រសួង​នឹង​​បន្ត​ជំរុញ​ការ​រៀបចំ​សេចក្តី​ព្រាង​ស្តី​ពី​សហ​ជីព​ដើម្បី​ស្នើ​សុំ​ការ​អនុម័ត​ពី​រដ្ឋ​សភា​​នៅ​ក្នុងឆ្នាំ​២០១៤ នេះ​ និង​ធ្វើ​វិសោធន​កម្ម​លើ​កិច្ច​សន្យា​ការងារ​ដែល​មិន​ទាន់​មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ​ និង​បង្ក​ឱ្យ​មាន​ការ​ជជែក​វែក​ញែក​រវាង​និយោ​ជក​ និង​កម្មករ​និយោ​ជិត ។​ លោក​រដ្ឋ​មន្ត្រី​បន្ថែម​ថា​ សម្រាប់​របប​សន្តិ​សុខ​សង្គម​ ក្រសួង​បាន​អនុវត្ត​ មាន​របប​ធានា​រ៉ាប់​រង​ហានិ​ភ័យ​ការងារ​ ដែល​រហូត​មក​ដល់​ពេល​នេះ​ក្រសួងបាន​ចុះ​បញ្ជិការោងចក្រ-​សហ​គ្រាស​ចំនួន​៦ពាន់​ និង​មាន​កម្មករ​និយោ​ជិត​ជាង​៨០​ម៉ឺន​នាក់ ។​ ដោយ​ឡែក​ នៅ​ឆ្នាំ​២០១៤​ ក្រសួង​នឹង​ចាប់​ឱ្យ​ដំណើរ​ការ​របប​​ធានា​រ៉ាប់​រង​សុខភាព​កម្មករ​និយោ​ជិត​ដែល​មានអត្រា​ភាគ​ទាន​៣,៥%​នៃ​ប្រាក់​ខែ​ និង​តម្រូវ​ឱ្យ​កម្មករ​និយោ​ជិត​បង់​ចំនួន​៥០%​ និង​និយោ​ជកបង់​​៥០% ។​ ក្នុង​ឆ្នាំ​២០១៥​ ក្រសួង​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​របប​សោធន​និវត្តន៍​ខាង​ផ្នែក​ឯក​ជន ។​

លោក​អុិត សំហេង​ ឱ្យដឹង​ទៀត​ថា​ ពេល​នេះ​ក្រសួង​កំពុង​ខិត​ខំ​សិក្សា​ស្រាវ​ជ្រាវ​លម្អិត​អំពី​ការ​គ្រប់​គ្រងរបប​ប្រាក់​សោធន​និវត្តន៍​ ក៏​ដូច​ជា​ការ​កំណត់​នូវ​អត្រា​នៃ​ការ​បង់​ភាគ​ទាន​ជា​ដើម​ ។ ជាក់​ស្តែង​ ក្រសួងបាន​ជួប​ពិភាក្សា​គ្នា​លើ​ចំណុច​នេះ​ជាមួយ​ក្រុម​ហ៊ុន​ HITACHI ពាក់​ព័ន្ធ​នឹង​គម្រោង​ជំនួយ​បច្ចេក​ទេស​ប្រព័ន្ធ​គ្រប់​គ្រងរបប​ប្រាក់​សោធន​និវត្តន៍​ កាល​ពីថ្ងៃ​ទី​១៧​ កុម្ភៈ​ កន្លង​មក​ថ្មីៗ​នេះ ។​ ក្នុង​ផ្នែក​សហ​ប្រតិបត្តិ​ការ​អន្តរ​​ជាតិ​ ក្រសួង​នឹង​រៀបចំ​ពង្រឹង​សមត្ថភាព​មន្ត្រី​ឱ្យ​អនុវត្ត​តួនាទី​ កាតព្វ​កិច្ច​ជា​សមាជិក​នៃ​អង្គការ​អន្តរ​ជាតិ​នានា​ ពិសេស​អង្គការ​អន្តរ​ជាតិ​ខាង​ការងារ ។​ ក្រសួង​ក៏​នឹង​ពង្រឹង​ការ​ផ្តល់​សេវា​ជូន​ប្រជា​ពល​រដ្ឋ​អ្នក​ប្រើ​ប្រាស់​សេវា​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ។​ បន្ទាប់​ពី​ស្តាប់​ការ​លើក​ឡើង​របស់​លោក​រដ្ឋ​មន្ត្រី​ លោក​ជំទាវ​ ហូ ណូន ប្រធាន​គណៈ​កម្មការ​ទី​៨ នៃ​រដ្ឋ​សភា​​បាន​ថ្លែង​អំណរគុណ​ និង​សន្យា​រួម​គ្នា​ថា​ នឹង​ខិត​ខំ​ប្រឹងប្រែង​ឱ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដើម្បី​បម្រើ​ប្រជាជន​ និង​ជួយ​កសាង​ជាតិ​មាតុ​ភូមិ​ឱ្យ​មាន​ការ​អភិវឌ្ឍ​​ប្រកប​ដោយ​និរន្តរ​ភាព ។​

គួរ​រំឭក​ថា​ បច្ចុប្បន្ន​នេះ​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​ស្តី​ពី​សហ​ជីព​នៅ​ឡើយ​ទេ​ គឺ​មានតែច្បាប់​ស្តី​ពី​ការ​ងារ​ ហើយ​ក្នុង​ច្បាប់​នេះ​មាន​មាត្រា​មួយ​ចំនួន​បានចែង​អំពី​តួនាទី​សហ​ជីព​ផង​ដែរ បុ៉ន្តែ​គេ​មិន​ទាន់​ដឹង​ថា ច្បាប់​ស្តី​ពី​សហ​ជីព​ដែល​ក្រសួង​ការងារ​គ្រោង​នឹង​រៀបចំ​​ ហើយ​ស្នើ​សុំ​ឱ្យ​រដ្ឋ​សភា​អនុម័ត​ក្នុងឆ្នាំ​២០១៤ នេះ​មានបុ៉ន្មាន​ជំពូក​ ​និង​បុ៉ន្មាន​មាត្រា​នៅ​ឡើយ​ទេ ៕​