ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឹបអូស​ឈើ​ប្រណីត​ធ្នង់​​​ជាង​​100​កំណាត់​​​ដែល​ឈ្មួញ​លាក់​ក្នុង​​​ព្រៃ​​ឃុំ​​​រលួស

11 ឆ្នាំ មុន

ខេត្ត​ក្រចេះ​ ៖ ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ជាង​១​រយ​កំណាត់​មាន​តូច​មាន​ធំ ដែល​លាក់​ទុក​នៅ​ព្រៃ​ខាង​ក្រោយ​ឃុំ​រលួស ស្រុក​សំបូរ បាន​ត្រូវ​មន្ត្រី​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ក្រចេះ​ ចុះ​បង្ក្រាប​និង​ចាប់​រឹប​អូស​ទាំង​ស្រុង​ កាល​ពី​រសៀល​ថ្ងៃ​ទី​២២​ កុម្ភៈ ។

ខេត្ត​ក្រចេះ​ ៖ ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ជាង​១​រយ​កំណាត់​មាន​តូច​មាន​ធំ ដែល​លាក់​ទុក​នៅ​ព្រៃ​ខាង​ក្រោយ​ឃុំ​រលួស ស្រុក​សំបូរ បាន​ត្រូវ​មន្ត្រី​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ក្រចេះ​ ចុះ​បង្ក្រាប​និង​ចាប់​រឹប​អូស​ទាំង​ស្រុង​ កាល​ពី​រសៀល​ថ្ងៃ​ទី​២២​ កុម្ភៈ ។

មិន​ទាន់​មាន​សេច​ក្តី​រាយ​ការណ៍​ណា​បញ្ជាក់​ឱ្យ​ច្បាស់​ ថា​ឈើ​ប្រណីត​ល្មើស​ច្បាប់​ដែល​សមត្ថ​កិច្ច​បាន​ចាប់​រឹប​អូស​ទាំង​នេះ​ ជា​របស់​មេ​ឈ្មួញ​ណា​នោះ​ទេ​ ដោយ​គ្រាន់​តែ​ដឹ​ង​ថា​ឈើ​ទាំង​នេះ​គឺ​ឈ្មួញ​បាន​ទុក​ជា​គំនរ​លាក​់​ក្នុង​ព្រៃ​ជ្រៅ​ សម្រាប់​រក​ឱកាស​ដឹក​ចេញ​ ។ បន្ទាប់​ពី​មាន​ការ​រុក​រក​ឃើញ​ឈើ​ទាំង​នេះ​ ដែល​សុទ្ធ​សឹង​ជា​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​មាន​មុខ​កាត់​តូច​ធំ​ចំនួន​ជាង​១​រយ​កំណាត់​ សមត្ថ​កិច្ច​រដ្ឋ​បាល​ព្រៃ​ឈើ​ក៏​យក​មក​រក្សា​ទុក​នៅ​ស្ថានីយ​បណ្តុះ​កូន​ឈើ​​ខ្សារ​ ដើម្បី​ចាត់​វិធាន​ការ​តាម​ច្បាប់​ និង​វាស់​វែង​ ។ មន្ត្រី​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ក្រចេះ​​ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ​ ថា ឈើ​ធ្នង​់​ជាង​១រយ​កំណាត់​ទាំង​តូច​ទាំង​ធំ​នេះ​មាន​ បរិ​មាណ​ស្មើ​នឹង​ជាង​២០​ម៉ែត្រ​គូប​ ។
តាម​ប្រភព​ព័ត​៌​មាន​បាន​បង្ហើប​ប្រាប់​ថា​ ឈើ​ទាំង​នេះ​ត្រូវ​បាន​ឈ្មួញ​ដឹក​តាម​រទេះ​គោ​ រទេះ​ក្របី​ ចេញ​ពី​ព្រៃ​ជ្រៅ​ៗ នៅ​ខេត្ត​មណ្ឌល​គិរី​ យក​មកលាក់​ទុក​នៅ​តាម​ព្រៃ​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​សំបូរ​ ដើម្បី​រក​ឱកាស​ដឹក​ចេញ​ ។

រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​ប្រណីត​របស់​ក្រុម​ឈ្មួញ​ បាន​កម្រើក​ឡើង​វិញ​ បន្ទាប់​ពី​មាន​ការ​ស្ងប់​ស្ងាត់​មួយ​រយៈ​ក្រោយ​ពី​ទី​ផ្សារ​ចុង​​ក្រោយ​នៅ​ប្រទេស​វៀត​ណាម​ បាន​ផ្អាក​ការ​ទិញ​ចូល​ ។ ការ​លួច​ដឹក​ជញ្ជូន​របស់​ពួក​ឈ្មួញ​ គឺ​ធ្វើ​ឡើង​គ្រប់​រូប​ភាព​តាម​រថ​យន្ត​តូច​ធំ ពិសេស​ការ​ដាក់​បង្កប់​ក្រោម​បាវ​សណ្តែក​ឬ​បាវ​ដំឡូង​មី​ ដើម្បី​បំភ័ន្ត​​ភ្នែក​សមត្ថ​កិច្ច​ ។ លោក​ ព្រាប​ សុទ្ធា​រា៉​ នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ក្រចេះ​ បាន​ឱ្យ​ដឹង​ថា​ កម្លាំង​សមត្ថ​កិច្ច​បាន​ប្រើ​ប្រាស់​កម្លាំង​សរុប​ដែល​រួម​មាន​មេ​ព្រៃ​ ប៉ូលិស​ និង​ប៉េ​អឹម​ ក្នុង​ការ​ចុះ​រុក​រក​ និង​ចាប់​រឹប​អូស​ឈើ​ប្រណីត​ខុស​ច្បាប់​មួយ​ករណី​នេះ​ ។ លោក​នាយ​ផ្នែក​បញ្ជាក់​ថា មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​កំពុង​វាស់​វែង​ឈើ​ទាំង​នេះ​ឱ្យ​ដឹង​ចំនួន​ពិត​ប្រាកដ​ និង​កសាង​សំណុំ​រឿង​តាម​នី​តិ​វិធី​ស្តី​ពី​ព្រៃ​ឈើ​ ។ មុន​នេះ​ឈើ​ប្រណីត​ជា​ច្រើន​កំណាត់​​ដែល​ដឹក​ជញ្ជូន​បែប​លោត​ឆត្រ​ តាម​រថយន្ត​កូរ៉េ​ចំណុះ​៥​តោន​​ ​បាន​ត្រូវ​កម្លាំង​មេ​ព្រៃ​​ឃ្សឹម​បង្ក្រាប​​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ នៅ​លើ​ផ្លូវ​ជាត​ិ​លេខ​៧ ក្នុង​ភូមិ​ស្រែ​រនាម ឃុំ​​ឃ្សឹម ស្រុក​ស្នួល​ ។ ​មិន​​ទាន់​​មាន​
សេ​ចក្តី​រាយ​ការណ៍​ណា​មួយ​បញ្ជាក់​ថា​ រថយន្ត​ដឹក​ឈើ​ និង​ឈើ​ប្រណីត​រាប់​សិប​កំណាត់​នេះ​ជា​កម្ម​សិទ្ធិ​របស់​ជន​ណា​ទេ ។ ​មាន​ការ​វាយ​តម្លៃ​ថា​ ការ​ដឹក​ជញ្ជូន​ឈើ​​ជា​លក្ខណៈ​​ទ្រង់​ទ្រាយ​ធំ​បែប​នេះ​ ​មិន​មែន​ជន​សាមញ្ញ​អាច​ធ្វើ​ទៅបាន​នោះ​ទេ ។

បន្ទាប់​ពី​មាន​ការ​ចាប់​ឃាត់​រួច​មក​ រថយន្ត​កូរ៉េ​ចំណុះ​៥​តោន​​មាន​ផ្ទុក​ឈើ​ប្រណីត​ពេញ​​​ព្រៀប​នេះ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​នាំ​យក​ទៅ​រក្សា​ទុក​បណ្តោះ​អាសន្ន​នៅ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​​ឃ្សឹម​ ក្នុង​ឃុំ​​ឃ្សឹម ស្រុក​ស្នួល ។ ​ឈើ​ទាំង​នេះ​ត្រូវ​គេ​សន្និ​ដ្ឋាន​ថា សុទ្ធ​​សឹង​ជា​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ និង​នាង​នួន​​ មាន​មុខ​កាត់​ធំៗ​​ចំនួន​រាប់​សិប​កំណាត់​ និង​មាន​បរិមាណ​ជិត​ដប់​ម៉ែត្រ​គូប​ និង​តម្លៃ​រាប់​មុឺន​ដុល្លារ​ ។

​មន្ត្រី​​រដ្ឋ​បាល​ព្រៃ​ឈើ​​សង្កាត់​​ឃ្សឹម​​បញ្ជាក់​ថា​ ពុំ​មាន​ជន​ណា​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ក្នុង​ជំនួញ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​នេះ​ទេ ដោយ​គ្រាន់តែ​មាន​រថយន្ត​ដឹក​ឈើ​ធុន​ធំ​មួយ​​គ្រឿង​ និង​ឈើ​ប្រណីត​រាប់​សិប​កំណាត់​ត្រូវ​ចាប់​ឃាត់​​​ទុក​តែ​ប៉ុណ្ណោះ ។ កម្លាំង​ជំនាញ​​​នឹង​ស្ទូច​ឈើ​ទាំង​នេះ​ចេញ​ពី​​រថយន្ត ដើម្បី​វាស់​វែង​និង​កសាង​សំណុំ​រឿង​​ចាត់​វិធាន​ការ​បន្ត ។ រីឯ​ជន​ជា​ម្ចាស់​​ឈើ​ប្រណីត​ទាំង​នេះ​​ ​កម្លាំង​សមត្ថ​កិច្ច​​នឹង​បន្ត​ស្រាវ​ជ្រាវ​រក​មុខ​ឱ្យ​មក​ទទួល​ខុស​​ត្រូវ ៕