រលាកសន្លាក់ហ្គោដ (Gout) គឺជាបញ្ហានៃស្ថានភាពសុខភាពមួយដែលបណ្ដាលមកពីការកើនឡើងនូវជាតិអាស៊ីតអ៊ុយរិកច្រើនលើសក្នុងឈាមហើយមានទំនាក់ទំនងទៅនឹងការរលាកសន្លាក់ឆ្អឹងខ្ចី។ជាតិអាស៊ីតអ៊ុយរិកច្រើនហួសអាចបង្កើតគ្រីស្តាល់ដូចម្ជុលនៅក្នុងសន្លាក់ដែលបង្កឱ្យមានការហើម ឡើងក្រហម និងឈឺចាប់ក្នុងសន្លាក់។ របបអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាលនិងទប់ស្កាត់បញ្ហានៃជំងឺរលាកសន្លាក់ហ្គោដ (gout) ដែលជាទម្រង់មួយនៃជំងឺរលាកសន្លាក់ឆ្អឹង។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអាហារដែលគួរចៀសវាងប្រសិនបើកំពុងមានជំងឺសន្លាក់ហោ្គដ ឬបញ្ហាអាស៊ីតអ៊ុយរិកឡើងខ្ពស់ដើម្បីជៀសវាងស្ថានភាពនៃជំងឺកាន់តែធ្ងន់ធ្ងរឡើយ ៖
១. ស្រាបៀរ ៖ អ្នកជំងឺរលាកសន្លាក់ហ្គោដគួរជៀសវាងការទទួលទានស្រាបៀរក៏ព្រោះស្រាបៀរនឹងបង្កើនកម្រិតនៃជាតិអាស៊ីតអ៊ុយរិក ហើយថែមទាំងធ្វើឲ្យរាងកាយពិបាកក្នុងការសម្អាតសារធាតុនេះចេញពីប្រព័ន្ធរាងកាយផងដែរ។ ក្នុងកំឡុងពេលទទួលរងបញ្ហាសុខភាពមួយនេះវេជ្ជបណ្ឌិតជាច្រើនណែនាំឲ្យអ្នកជំងឺបញ្ឈប់ការទទួលទានគ្រឿងស្រវឹង។
២. អាហារផ្សំឡើងពីទឹកដោះគោ ៖ អ្នកជំងឺរលាកសន្លាក់ហ្គោដក៏គួរជៀសវាងនូវប្រភេទនៃអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ទឹកដោះគោខ្ពស់ដូចជា ការ៉ែម និងទឹកដោះគោសុទ្ធផងដែរ។ ប៉ុន្តែក៏មានការសិក្សាស្រាវជាច្រើនបានបង្ហាញថាការទទួលទានយ៉ាអួរ ឈីស និងការ៉េម អាចជួយកាត់បន្ថយហានិភ័យនៃជំងឺរលាកសន្លាក់ហ្គោដបាន។ ដូច្នេះដើម្បីជាការប្រសើរត្រូវជ្រើសរើសនូវប្រភេទអាហារផ្សំឡើងពីទឹកដោះគោ ប៉ុន្តែមានផ្ទុកជាតិខ្លាញ់តិច ឬគ្មានតែម្ដង។
៣. សាច់ក្រហម ៖ សាច់គោ ជាប្រភេទនៃអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិ purine ដែលអ្នកជំងឺរលាកសន្លាក់គួរជៀសវាងទទួលទាន រួមបញ្ចូលទាំងសាច់ចៀម សាច់ជ្រូក គ្រឿងក្នុងសត្វដូចជាខួរនិងក្រលៀនផងដែរ។ ដើម្បីកាត់បន្ថយអាការៈ ក៏ដូចជាទប់ស្កាត់បញ្ហានៃជំងឺមិនឲ្យកាន់តែធ្ងន់ធ្ងរឡើង ចូរកុំទទួលទានអាហារដែលមានផ្ទុកជាតិ purine ខ្ពស់។
៤. អាហារសមុទ្រ ៖ អាហារសមុទ្រខ្លះមានផ្ទុកជាតិ purine ខ្ពស់ជាងផ្សេងទៀត។ ប្រភេទនៃអាហារសមុទ្រដែលអ្នកជំងឺរលាកសន្លាក់ហ្គោដគួរជៀសឲ្យផុតនោះមានដូចជា ត្រី codfish ត្រី anchovies ត្រី herring ត្រីសាឌីន ពងត្រី និងត្រី trout។ អ្នកជំងឺរលាកសន្លាក់ហ្គោដអាចទទួលទានអាហារសមុទ្រដូចជាក្ដាម អយស្ទ័រ បង្កង បង្គាបានប៉ុន្តែមានកម្រិតមិនគួរទទួលទានច្រើនពេកទេ ក៏ព្រោះអាហារទាំងនេះក៏មានផ្ទុកជាតិ purine ដែរគ្រាន់តែតិច។
៥. ភេសជ្ជៈកំប៉ុងមានជាតិស្ករខ្ពស់ ៖ ជៀសវាងទទួលទានភេសជ្ជៈណាដែលផ្អែមខ្លាំង ហើយមានផ្ទុកសម្បូរទៅដោយជាតិស្ករ fructose ខ្ពស់ ក៏ព្រោះភេសជ្ជៈប្រភេទនេះនឹងជម្រុញឲ្យរាងកាយផលិតអាស៊ីតអ៊ុយរិកកាន់តែច្រើនឡើង (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ