ខេត្តព្រះសីហនុ ៖ ស្ត្រីជាឃាតករចិត្តសាហាវម្នាក់ ដែលបានចាក់សាំងដុតសម្លាប់កុមារាអាយុ១៥ខែម្នាក់ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅ ពេលនេះត្រូវនគរបាលនៃស្នងការដ្ឋានខេត្ត ចាប់ខ្លួនបានកាលពីព្រឹកថ្ងៃទី២២ កុម្ភៈ នៅឯស្រុកឈូក ខេត្តកំពត ។ ស្ត្រីរូបនេះឈ្មោះ ថៃ ស្រីរ៉ា ហៅស្តើង អាយុ២២ឆ្នាំ ។
លោកវរសេនីយ៍ឯក កុល ផាលី ស្នងការរងនគរបាលខេត្ត ទទួលបន្ទុកកណ្តាលព្រហ្មទណ្ឌ ឱ្យដឹងថា ការឈានដល់ឃាត់ខ្លួនស្ត្រីជនជាប់ចោទខាងលើ ខណៈពេលស្ត្រីជាឃាតកររូបនេះគេចខ្លួនទៅរស់នៅក្នុងខេត្តកំពត ។ សមត្ថកិច្ចបានស្រាវជ្រាវអស់រយៈពេលជាង២ខែ ក្រោមកិច្ចសហការជាមួយនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការជួយគាំទ្រឧបត្ថម្ភពីអង្គភាពការពារកុមារ (CPU) ទើបឃាត់ខ្លួនស្ត្រីឈ្មោះ ថៃ ស្រីរ៉ា ហៅស្តើង បាន និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមច្បាប់។ គួររំលឹកថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង៧យប់ នៅក្រុមទី១៥ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មានករណីជះប្រេងសាំង ហើយដុតក្មេងប្រុសឈ្មោះ សុខ ចំរ៉ុង អាយុ១៥ខែ និងឈ្មោះ អូន ចន ហៅតាលិប ភេទប្រុស អាយុ៣៣ឆ្នាំ ដោយស្ត្រីម្នាក់ឈ្មោះ ថៃ ស្រីរ៉ា ហៅស្តើង បណ្តាលឱ្យរលាករលួយខ្លួនប្រាណរងរបួសធ្ងន់ទាំងពីរនាក់ ។ លុះមកដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ កុមារាឈ្មោះ សុខ ចំរ៉ុង បានស្លាប់នៅក្នុងមន្ទីរពេទ្យឯរាជធានីភ្នំពេញ ។ ចំណែកឈ្មោះ អូន ចន រហូតមកទល់ពេលនេះនៅមិនទាន់ជាសះស្បើយនៅឡើយទេ ។
ស្ត្រីជាប់ចោទរូបនេះ ដែលត្រូវជាប្អូនថ្លៃម្តាយក្មេងប្រុស បានទៅរកប្តីរបស់ខ្លួននៅផ្ទះបងថ្លៃ តែមិនឃើញ ក៏ផ្ទុះកំហឹង ព្រោះគិតថា បងថ្លៃលាក់ប្តីរបស់ខ្លួន ហើយក៏ទាញដបសាំងជះទៅលើក្មេងប្រុសរងគ្រោះ ដែលកំពុងដេកលើគ្រែ រួចដុតទៀត បណ្តាលឱ្យឆាបឆេះពេញខ្លួន ។ ពេលនោះឈ្មោះ អូន ចន ដែលជាបងប្រុសរបស់ម្តាយក្មេងប្រុស ស្ទុះទៅជួយក្មួយ ក៏ត្រូវឆេះខ្លួនដែរ ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតទ្បើងកាលពីវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី៤ ធ្នូ ឆ្នាំ២០១៣ ។ លោកវរសេនីយ៍ត្រី ភុល ភ័ស្តា អធិការនគរបាលក្រុងព្រះសីហនុឱ្យដឹងជាជំហានដំបូងថា ស្ត្រីដែលបង្កឱ្យមានរឿងរ៉ាវខាងលើនេះ ឈ្មោះ ថៃ ស្រីរ៉ា ហៅស្តើង អាយុ២២ឆ្នាំ ដែលពេលនេះបានរត់គេចខ្លួន បន្ទាប់ធ្វើសកម្មភាពរួច ។ តាមសាក្សីបានឱ្យដឹងថា ប្តីរបស់ស្ត្រីខាងលើ បានទៅធ្វើការនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លុះពេលត្រទ្បប់មកវិញអត់ចូលផ្ទះប្រហែល៥ថ្ងៃមកហើយ ទោះបីប្រពន្ធទូរស័ព្ទហៅយ៉ាងណាក៏ដោយ ក៏ពុំព្រមទៅដែរ តែបែរជាមកដេកនៅផ្ទះបងស្រីបង្កើតរបស់ខ្លួនទៅ វិញ ។ ចំណែកនៅល្ងាចថ្ងៃនោះ ស្ត្រីជាប្រពន្ធតាមមករកអត់ឃើញ និងគិតថា បងថ្លៃលាក់ប្តីរបស់ខ្លួន ក៏មានការខឹងសម្បារួចទាញដបសាំងជះដុតកុមារាជាក្មួយ ដែលកំពុងដេកលើគ្រែអត់ដឹងអ្វីសោះ បណ្តាលឱ្យឆាបឆេះពេញខ្លួនតែម្តង ដូចចាក់សាំងដុតទាំងរស់ ។
ភ្លាមៗនោះដែរ បងប្រុសរបស់ម្តាយកុមារារងគ្រោះ ឃើញក្មួយត្រូវភ្លើងឆេះ ក៏ស្ទុះទៅឱបបីត្រកងយកចេញពីអណ្តាតភ្លើងមកខាងក្រៅ ក៏បណ្តាលឱ្យរលាករបួសពេញខ្លួនប្រាណទាំង២នាក់ ។ ឯអណ្តាតភ្លើងឆេះក្នុងផ្ទះនោះ ត្រូវបានអ្នកជិតខាងនាំគ្នាជួយពន្លត់ទាន់ពេលវេលា ៕
ចែករំលែកព័តមាននេះ