រាជធានីភ្នំពេញ ៖ លោក ហែម ដារិទ្ធ អភិបាលរងខណ្ឌពោធិ៍សែនជ័យ ត្រូវបានប្រកាសតែងតាំងជាអភិបាលខណ្ឌពោធិ៍សែនជ័យ ជំនួសលោក គិត សុផា អតីតអភិបាលខណ្ឌ ដែលត្រូវផ្ទេរទៅកាន់ជាមន្ត្រីធម្មតានៅសាលារាជធានីភ្នំពេញវិញ ចំណែកលោកឃឹម ស៊ុនសូដា តែងតាំងជាអភិបាលរងខណ្ឌពោធិ៍សែនជ័យ ជំនួសលោកហែម ដារិទ្ធ ដែលបានឡើងទៅជាអភិបាលខណ្ឌ ។
ពិធីប្រកាស តែងតាំងធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ កុម្ភៈ ២០១៤ នៅសាលាខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាពលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីក្រោមឱវាទសាលារាជធានីភ្នំពេញ និងមន្ត្រីក៏ដូចជាអាជ្ញាធរក្រោមឱវាទសាលាខណ្ឌពោធិ៍សែនជ័យជាច្រើនរូបទៀត ។
លោក ហែម ដារិទ្ធ ដែលទើបតែងតាំងជាអភិបាលខណ្ឌពោធិ៍សែនជ័យថ្មី បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថា លោកនឹងខិតខំធ្វើខ្លួនជាមន្ត្រីល្អ និងមានសីលធម៌ក្នុងការងារ ស្អាតស្អំប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ មន្ត្រីរាជការ ហ៊ានទទួលខុសត្រូវក្នុងការងារ ចំពោះថ្នាក់លើ និងមន្ត្រីក្រោមឱវាទ ។ ជាពិសេសខិតខំបំរើប្រជាពលរដ្ឋ និងផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ផ្តោតការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ។
នៅក្នុងឱកាសនោះ លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញមានប្រសាសន៍ថា ការផ្លាស់ប្តូរមុខដំណែងនេះ វាជារឿងធម្មតារបស់រដ្ឋបាលរាជធានីភ្នំពេញដើម្បីធ្វើយ៉ាងណាឲ្យមូលដ្ឋានខណ្ឌពោធិ៍សែនជ័យមានការអភិវឌ្ឍកាន់តែប្រសើរឡើង ៕
ចែករំលែកព័តមាននេះ