ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា រថយន្តធុនធំដឹកខ្សាច់ដាច់ហ្វ្រាំងថយក្រោយជិត៥០០ម៉ែត្រ បុកផ្ទះលក់កង់ឡាន បណ្តាលឲ្យខូចផ្នែកខាងមុខ២ល្វែង និងសម្ភារមួយចំនួននៅវេលាម៉ោងជិត១០យប់ ថ្ងៃទី១៥ ខែសីហានេះ តាមបណ្តោយផ្លូវជាតិ៥ស្ថិតភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
មន្ត្រីនគរបាលចរាចរណ៍ជើងគោកខេត្តបន្ទាយមានជ័យបានប្រាប់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺរថយន្តធុនធំប្រភេទយីឌុបហ៊ីយិនដាយ ពាក់ស្លាក់លេខព្រះសីហនុ3A.5412 បានដឹកដីខ្សាច់ពេញ បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច ដល់ភ្លើងស្តប់ផ្លូវបំបែកមុខសាលាខេត្តបន្ទាយមានជ័យ ហើយឈប់ពេលភ្លើងបានបើកឡើងចំណតទៅតែដោយរថយន្តដឹកដីខ្សាច់ធ្ងន់ ទើបរថយន្តថយក្រោយប្រមាណជិត៥០០ម៉ែត្រដល់ភ្លើងស្តប់ខាងត្បូងចំណតរថយន្ត បណ្តាលថយបុករះផ្ទះនៅផ្នែកខាងស្តាំដៃ២ល្វែងដែលលក់កង់រថយន្ត បុកខូចខាតផ្នែកខាងមុខផ្ទះ និងបង្គោលភ្លើង១ និងម៉ូតូធុនវីវ៉ាសេរី ឆ្នាំ២០១៦ ពាក់ផ្លាក់លេខរាជការ បណ្តាលឲ្យកិនខ្ទេចនៅក្រោមរថយន្ត និងខូចសម្ភារមានម៉ាស៊ីនថ្លឹងកង់រថយន្ត១គ្រឿង ម៉ាស៊ីនគាស់សំបករថយន្ត១គ្រឿង ម៉ាស៊ីនសប់កង់រថយន្ត១គ្រឿង ហើយភ្លាមៗនោះអ្នកបើកបរបានរត់គេចខ្លួន ។
មន្ត្រីនគរបានបញ្ជាក់ថា មូលហេតុដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺបណ្តាលមកពីរថយន្តដឹកខ្សាច់លើសទម្ងន់ ហើយបើឡើងចំណតមិនរួចថយក្រោយរហូតជិតកន្លះគីឡូម៉ែត្រ បណ្តាលបុករះផ្ទះ២ល្វែង ដែលជាផ្ទះលក់សំបកកង់រថយន្ត និងប៉ះកងរថយន្ត បណ្តាលខូចខាតផ្ទះ និងសម្ភារម៉ូតូ១គ្រឿង និងបង្គោលភ្លើង ។ ក្រោយពេលវាស់វែង និងពិនិត្យហើយត្រូវបានអោយរថយន្ត១គ្រឿងទៀត ផ្ទេរខ្សាច់ហើយយករថយន្តបង្កទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តតាមច្បាប់ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ