ខេត្តព្រះសីហនុ ៖ ឃាតកចិត្តសាហាវព្រៃផ្សៃជាស្ត្រី ដែលបានចាក់សាំងដុតកុមារា អាយុ១៥ខែ តាំងពីថ្ងៃទី៤ ធ្នូ ២០១៣ ត្រូវបាន សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តចាប់ខ្លួនបានហើយ កាលពីព្រឹកថ្ងៃទី២២ កុម្ភៈ ២០១៤ នៅឯស្រុកឈូក ខេត្តកំពត។
លោកវរសេនីយ៍ឯក កុល ផាលី ស្នងការរងទទួលបន្ទុកកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ថៃ ស្រីរ៉ា ហៅស្តើង ភេទស្រី ជាប្អូនថ្លៃម្តាយកុមារារងគ្រោះ ។ ការឈានដល់ឃាត់ខ្លួនស្ត្រីសង្ស័យជាឃាតក ខណៈពេលស្ត្រីរូបនេះរត់គេចខ្លួនទៅរស់នៅក្នុងខេត្តកំពត ហើយសមត្ថកិច្ចបានធ្វើការស្រាវជ្រាវជាង២ខែ ក្រោមកិច្ចសហការជាមួយនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៍នៃអគ្គស្នងការនគរបាលជាតិ ទើបឃាត់ខ្លួនជនសង្ស័យបាន រួចបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។
គួររំលឹកថា កាលពីថ្ងៃទី៤ ធ្នូ ២០១៣ វេលាម៉ោង៧យប់ នៅចំណុចក្រុមទី១៥ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មានករណីមនុស្សឃាតដោយចេតនាមួយបានកើតឡើង ដោយជនរងគ្រោះឈ្មោះ សុខ ចំរ៉ុង ភេទប្រុស អាយុ១៥ខែ និងឈ្មោះ អូន ចន ហៅ តាលិប ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវបានស្ត្រីឈ្មោះ ថៃ ស្រីរ៉ា ហៅ ស្តើង យកសាំងចាក់ដុតបណ្តាលឱ្យរងរបួសធ្ងន់ទាំងពីរនាក់ ។ ការយកសាំងចាក់ដុតមនុស្សទាំងរស់នេះ ដោយសារស្ត្រីសង្ស័យខឹងរកប្តីមិនឃើញ ហើយគិតថាបងថ្លៃ(ម្តាយកុមារារងគ្រោះ) លាក់ប្តីរបស់ខ្លួន ក៏ទាញដបសាំងជះទៅលើកុមារារងគ្រោះដែលកំពុងដេកលើគ្រែ បណ្តាលឲ្យឆាបឆេះ ភ្លាមៗនោះ បុរសដែលត្រូវជាបងប្រុសម្តាយកុមាររងគ្រោះ បានស្ទុះទៅឱបយកចេញមកខាងក្រៅ បណ្តាលឲ្យរលាករបួសពេញខ្លួនប្រាណទាំង ២នាក់ ។ រហូតដល់ថ្ងៃទី១១ ធ្នូ កុមារសុខ ចំរ៉ុង បានស្លាប់នៅក្នុងមន្ទីពេទ្យរាជធានីភ្នំពេញ ចំណែកឈ្មោះ អូន ចន រហូតមកទល់ពេលនេះពុំជានៅឡើយទេ៕
ចែករំលែកព័តមាននេះ