ស្ត្រីម្នាក់បានមកជួបជុំគ្នាជាមួយកូនស្រីវិញដែលនាងបានបោះបង់ចោលតាំងពីនៅជាទារកទើបនឹងកើតម្លេះនៅឯមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីកាលពី ១៤ ឆ្នាំមុន ។ ការជួបជុំគ្នានេះបាននាំនាង Jessica Boatwright និងម្ដាយបង្កើតរបស់នាង បង្ហាញអំពីរឿងរ៉ាវជាលើកដំបូង ។
កាលពីខែមេសានាង Boatwright បានរកជំនួយក្នុងការស្វែងរកម្តាយរបស់នាងដែលបានទុកនាងចោលនៅមន្ទីរពេទ្យ Liverpool ក្នុងឆ្នាំ ២០០៥ ។ នៅក្នុងបទសម្ភាសថ្មីៗនេះជាមួយសារព័ត៌មាន A Current Affair ស្ត្រីរូបនេះបានពន្យល់ពីមូលហេតុដែលនាងធ្វើការសម្រេចចិត្តដោយខូចចិត្តក្នុងការចាកចេញពីទារកដែលទើបនឹងកើត ។
យោងតាមស្ត្រីរូបនេះបានឱ្យដឹងថានាងមានផ្ទៃពោះនៅអាយុ ១៨ ឆ្នាំបន្ទាប់ពីនាងផ្លាស់ទៅរស់នៅប្រទេសអូស្ត្រាលី ហើយនាងមានអារម្មណ៍ភ័យខ្លាច ហើយបានបិទបាំងការមានផ្ទៃពោះរបស់នាងពីក្រុមគ្រួសាររបស់នាង ។ នៅទីបំផុតនាងបានសម្រាលកូននៅក្នុងបន្ទប់ដេករបស់នាងតែម្នាក់ឯង ។
យោងតាមសារព័ត៌មាន 9News នាងបាននិយាយថា «នៅពេលនោះខ្ញុំមានអារម្មណ៍ភ័យខ្លាច ខ្ញុំមានអារម្មណ៍ថាមិនដឹងថាត្រូវធ្វើអ្វីនោះទេ» ។ «ជាពិសេសមានផ្ទៃពោះដោយគ្មានប្តី និងមិនបានរៀបការ ហើយមានអាយុ ១៨ ឆ្នាំបែបនេះ» ។ បន្ទាប់មកនាងបាននាំទារកដែលទើបនឹងកើតនេះទៅផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ Liverpool ។
នៅក្នុងវីដេអូឃ្លាំមើលនាងបានចាកចេញពីមន្ទីរពេទ្យដោយមិនបានយកទារកទៅជាមួយនោះទេ នេះជាការសម្រេចចិត្តមួយដែលធ្វើឱ្យនាងមានអារម្មណ៍ថា «មានកំហុសជារៀងរាល់ថ្ងៃ» ។ នាងបាននិយាយថា «ខ្ញុំបានរត់ចោលកូនអស់រយៈពេល ១៤ ឆ្នាំ ហើយថ្ងៃណាមួយត្រូវប្រឈមមុខជាមួយវាមិនថាមានបញ្ហាអ្វីនោះទេ» ។
ដោយឡែកនាង Boatwright ដែលមានការគាំទ្រពេញទំហឹងពីឪពុកម្តាយចិញ្ចឹមរបស់នាងបាននិយាយថា ការជួបជុំគ្នារបស់ពួកគេបានបំពេញ «ការចាប់ផ្តើម» នៃជីវិតរបស់នាង ។ «វាពិតជាអស្ចារ្យណាស់ក្នុងការបំពេញចន្លោះប្រហោងអស់រយៈពេល ១៤ ឆ្នាំមកហើយនេះ» ។
ការធ្វើតេស្ត DNA បានបញ្ជាក់ពីការពិត យោងតាមស្ត្រីជាម្តាយរូបនេះបានឱ្យដឹងថា កូនស្រីរបស់នាងបានអត់ទោសឱ្យនាងចំពោះសកម្មភាពនេះ ។ នាងបាននិយាយថា «ខ្ញុំបានឮពាក្យដែលនាងបាននិយាយ នាងអភ័យទោសដល់ខ្ញុំ នាងស្រឡាញ់ខ្ញុំមិនថាខ្ញុំជានរណានោះទេ» ។ នោះហើយជាអ្វីដែលធ្វើឱ្យខ្ញុំក្រោកឈរឡើង ហើយនិយាយថា «មិនអីទេ អ្នកគឺជាកូនរបស់ខ្ញុំ ខ្ញុំគឺជាម្តាយរបស់អ្នក» ៕
https://www.facebook.com/ACurrentAffair9/videos/2475897442640697/
ប្រភព៖ NextShark , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ