ខេត្តបន្ទាយមានជ័យ ៖ ក្រុមការងារ CMACបោសសម្អាតមីនរបស់អង្គភាពទី១កម្ចាត់មីនបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៣ កុម្ភៈ បានកម្ទេចមីនតោនចំនួន៣គ្រាប់ ដែលបន្សល់ពីសម័យសង្គ្រាមនៅលើភូមិសាស្ត្ររាវមីនទើបរកឃើញក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។ នៅទីតាំងកម្ទេចមីន គេឃើញមានការចូលរួមពីនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៩១១ ប៉ុស្ដិ៍ព្រៃគប់ ក្នុងនោះក៏មានទាំងមន្ត្រីអាជ្ញាធរភូមិផងដែរ ។
មុនធ្វើការកម្ទេចគ្រាន់មីនតោនទាំង៣គ្រាប់ដែលបានរកឃើញនេះ ក្រុមការងារCMAC បានដាក់មេក្រូបំពងសំឡេងផ្សព្វផ្សាយនៅកន្លែងធ្វើការកម្ទេចនោះហើយនគរបាលការពារព្រំដែនក៏បានសហការជួយបិទចរាចរណ៍តាមផ្លូវនានាដើម្បីកុំឱ្យប្រជាពលរដ្ឋឆ្លងកាត់ដែរព្រោះខ្លាចរងប៉ះពាល់ពីអម្បែងគ្រាប់ដែលបំផ្ទុះនោះ ។ លោក ប៊ុន ណារិទ្ធ ប្រធានក្រុមការងារបោសសម្អាតមីនCMAC នៃអង្គភាពកម្ចាត់មីនទី១បន្ទាយមានជ័យ បានប្រាប់កោះសន្ដិភាពនៅកន្លែងធ្វើការកម្ទេចថា ក្រោយពីអាជ្ញាធរបានស្នើសុំទៅអង្គភាពកម្ចាត់មីនរបស់លោកដើម្បីជួយបោសម្អាតមីនលើផ្ទៃដី៣២.០៨៦ការ៉េ នៅភូមិ ព្រៃគប់ សង្កាត់ផ្សារកណ្ដាលនេះ ជាលទ្ធផលតាំងពីថ្ងៃចាប់ផ្ដើមទី៨ ខែមករា ឆ្នាំ២០១៤ មកទល់នឹងថ្ងៃទី២៣ កុម្ភៈ គ្រាប់មីនតោន(M6)និងគ្រាប់មីនតូចៗ(M14 និងNM79)ជាប្រភេទគ្រាប់ផលិតនៅអាមេរិក និងវៀតណាម ចំនួន២១គ្រាប់ ត្រូវបានរកឃើញនិងកម្ទេចចោលរួមទាំងមីនតោន៣គ្រាប់ដែលបានកម្ទេចនាថ្ងៃនេះ ក្នុងនោះមីនតូចៗចំនួន៩គ្រាប់ ផលិតនៅប្រទេសវៀតណាម ។
លោកប្រធានក្រុមការងារខាងលើបន្តថា ក្រៅពីគ្រាប់មីនតូចធំទាំងនេះ ក្រុមការងាររបស់លោកក៏បានរកឃើញគ្រាប់អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះជាប្រភេទគ្រាប់៦០មីល្លីម៉ែត្រ និងប្រភេទ៨០មីលី្លម៉ែត្រចំនួន៦គ្រាប់ និងបានកម្ទេចចោលរួចហើយផងដែរ ។ ចំពោះទំហំផ្ទៃដី៣២.០៨៦ការ៉េ នេះ ត្រូវបានលោកប៊ុន ណារិទ្ធ ប្រាប់ថា ទើបតែអនុវត្តការបោសសម្អាតមីនបាន១៦.០៥៦ម៉ែត្រការ៉េ ប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ