រាជធានីភ្នំពេញ ៖ តាមប្រធានក្រុមការងារបច្ចេកទេសរបស់គណបក្សសង្គ្រោះជាតិបានប្រាប់កោះសន្ដិភាពតាមទូរស័ព្ទនៅថ្ងៃទី២៣ កុម្ភៈ ថា ក្រុមការងារបច្ចេកទេសរបស់គណបក្សសង្គ្រោះជាតិបានដាក់លិខិតជូនគណបក្សប្រជាជនកម្ពុជាដើម្បីជួបប្រជុំពិភាក្សាគ្នាជាថ្មីពីការបង្កើតគណៈកម្មការចម្រុះមួយ ។ លោក សុន ឆ័យ ប្រធានក្រុមការងារបច្ចេកទេសរបស់គណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា កាលពីថ្ងៃទី២២ កុម្ភៈ ក្រុមបច្ចេកទេសរបស់គណបក្សសង្គ្រោះជាតិបានដាក់លិខិតស្នើសុំទៅក្រុមការងារបច្ចេកទេសគណបក្សប្រជាជនកម្ពុជាដើម្បីជួបចរចាគ្នាជាថ្មីនៅថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៤ ខាងមុខនេះ ។
លោក សុន ឆ័យ ថ្លែងថា ក្រុមបច្ចេកទេសនេះមានឈ្មោះថាគណៈកម្មការចម្រុះដើម្បីរៀបចំនិងកំណែទម្រង់ការបោះឆ្នោតដែលមានសមាសភាពម្ខាងៗចំនួន៦នាក់ ដោយក្រុមការងារបច្ចេកទេសរបស់គណបក្សសង្គ្រោះជាតិមានរូបលោក(សុន ឆ័យ ) លោក យឹម សុវណ្ណ លោក យ៉ែម បុញ្ញឫទ្ធិ លោក គួយ ប៊ុនរឿន លោក ម៉ៅ មុនីវណ្ណ លោក អេង ឆៃអ៊ាង ។ ទោះជាយ៉ាងណាក្ដី លោក សុន ឆ័យ មិនបានបញ្ជាក់ពីទីកន្លែងដែលក្រុមបច្ចេកទេសទាំងពីរក្រុមនឹងជួបគ្នាជាថ្មីច្បាស់លាស់នោះទេ គឺគ្រាន់តែស្នើជួបជាមួយក្រុមបច្ចេកទេសគណបក្សប្រជាជនកម្ពុជា និងកំពុងរង់ចាំចម្លើយពីក្រុមការងារបច្ចេកទេសរបស់គណប្រជាជនកម្ពុជាប៉ុណ្ណោះ ។ លោក សុន ឆ័យ បានឱ្យដឹងទៀតថា ការជួបប្រជុំគ្នារវាងក្រុមការងារបច្ចេកទេសរបស់គណបក្សទាំងពីរមិនអាចដោះស្រាយបញ្ហានយោបាយសព្វថ្ងៃនេះទេ គឺមានតែថ្នាក់ដឹកនាំគណបក្សទាំងពីរទើបជាអ្នកសម្រេច ។ លោកថា ភាគីរបស់គណបក្សប្រជាជនកម្ពុជាក៏មានសមាសភាពចំនួន៦រូបដែរ ។
ទាក់ទិននឹងការលើកឡើងរបស់លោក សុន ឆ័យ ថា បានដាក់លិខិតទៅក្រុមការងារបច្ចេកទេសរបស់គណបក្សប្រជាជនកម្ពុជាដើម្បីជួបពិភាក្សាគ្នាជាថ្មីនេះ កោះសន្ដិភាពបានទាក់ទងទៅប្រធានក្រុមការងារបច្ចេកទេសរបស់គណបក្សប្រជាជនកម្ពុជាលោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃដែរ តែទូរស័ព្ទចូលហើយគ្មានអ្នកទទួល ។ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសពីជំហររបស់គណបក្សសង្គ្រោះជាតិជាថ្មីកាលពីថ្ងៃទី២២ កុម្ភៈ ថា គណបក្សសង្គ្រោះជាតិចូលប្រជុំសភាទាល់តែមានការដូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ទាមទារឱ្យមានការសើុបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតកន្លងមក និងទាមទារឱ្យមានការបោះឆ្នោតមុនអាណត្តិ ដែលជាលក្ខខណ្ឌលំបាកនឹងទទួលការធ្វើសម្បទានពីភាគីចរចាណាស់ ។ លោក កឹម សុខា បញ្ជាក់ថា យើងមិនចូលប្រជុំសភាទេ មុននឹងសម្រេចនយោបាយថាឱ្យមានការបោះឆ្នោតឡើងវិញ ការសើុបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ទើបយើងពិនិត្យចូលប្រជុំសភា ។ ប៉ុន្តែគ្រាន់តែប្រជុំគ្នាកែទម្រង់ការបោះឆ្នោតជារឿងបច្ចេកទេស មិនមែនថាកែទម្រង់ហើយឲ្យគណបក្សសង្គ្រោះជាតិចូលប្រជុំសភា បក្សសង្គ្រោះជាតិមិនចូលទេ ។ ក្រោយពីការព្រមព្រៀងគ្នាដូរគ.ជ.ប.ហើយ ប្រជាពលរដ្ឋបានបោះឆ្នោតគ្រប់គ្នា បង្កើតយន្តការដោះស្រាយពីភាពមិនប្រក្រតីនៃការបោះឆ្នោតរួចហើយ គណបក្សសង្គ្រោះជាតិនឹងស្នើទៅគណបក្សប្រជាជនកម្ពុជាបោះឆ្នោតមុនអាណត្តិ និងចូលប្រជុំសភា។
លោក សម រង្ស៊ី បានទទូចឲ្យមានការបោះឆ្នោតមុនអាណត្តិ និងបានព្រមានថានឹងមានបាតុកម្មជាថ្មីទៀត ប្រសិនបើរដ្ឋាភិបាលមិនព្រម ទទួលយកសំណើរបស់ប្រជាពលរដ្ឋ ។ ពេលនេះគណបក្សសង្គ្រោះជាតិកំពុងតែត្រៀមកម្លាំងធ្វើបាតុកម្មជាថ្មី តែយើងមិនចំាបាច់កំណត់ថ្ងៃណាទេ ធ្វើពេលណាក៏បានដែរ ។ លោក សម រង្ស៊ី ថ្លែងថា ពេលនេះបរទេសកំពុងតែដាក់គំនាបមកលើរាជរដ្ឋាភិបាល ទោះបីជារាជរដ្ឋាភិបាលកំពុងដឹកនំាជាធម្មតាក្តី ។ គួររំឭកថា ការដែលក្រុមការងារបច្ចេកទេសរបស់គណបក្សសង្គ្រោះជាតិដាក់លិខិតសុំជួបប្រជុំជាថ្មីទៅក្រុមការងារបច្ចេកទេសរបស់គណបក្សប្រជាជនកម្ពុជានេះ គឺបន្ទាប់ពីក្រុមការងារបច្ចេកទេសរបស់គណបក្សទំាងពីរបានជួបប្រជុំគ្នាកាលពីថ្ងៃទី១៨ កុម្ភៈ កន្លងមកនៅវិមានព្រឹទ្ធសភា ។ ក្រុមការងារបច្ចេកទេសគណបក្សនយោបាយទាំងពីរ បានជួបប្រជុំពិភាក្សាគ្នាម្តងហើយ និងបានឯកភាពព្រមព្រៀងគ្នា៣ចំណុចក្នុងនោះមាន៖
១-ស្នើឲ្យបង្កើតគណៈកម្មការចម្រុះមួយដោយមានសមាសភាពស្មើគ្នាមកពីគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា ដើម្បីសិក្សានិងរៀបចំកំណែទម្រង់ការបោះឆ្នោតនាពេលខាងមុខ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ សំដៅដល់ការធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។
២-ដើម្បីរៀបចំក្របខណ្ឌកំណែទម្រង់ការបោះឆ្នោតនេះ គណៈកម្មការចម្រុះត្រូវរៀបចំឲ្យមានសិក្ខាសាលាជាតិមួយដើម្បីបើកទូលាយឲ្យមានការចូលរួមផ្តល់យោបល់ និងអនុសាសន៍នានាពីសំណាក់មជ្ឈដ្ឋានជាតិនិងអន្តរជាតិ រួមទំាងដៃគូអភិវឌ្ឍន៍ គណបក្សនយោបាយដែលបានចុះបញ្ជី សង្គមស៊ីវិលដែលមានជំនាញលើការបោះឆ្នោត ព្រមទាំងតួអង្គពាក់ព័ន្ធ ។ ទន្ទឹមនឹងនេះ ត្រូវតែបង្កលក្ខណៈឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការផ្តល់មតិយោបល់សម្រាប់ការកែទម្រង់ការបោះឆ្នោតជាអាទិ៍ តាមរយៈវេទិកាសាធារណៈ ។
៣-ក្នុងកិច្ចដំណើរការនៃកំណែទម្រង់ការបោះឆ្នោតនេះ ត្រូវបង្កលក្ខណៈឲ្យមានការគំាទ្របច្ចេកទេស និងហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ និងអន្តរជាតិ ។
ក្រុមការងារលើកឡើងទៀតថា ក្រុមការងារទំាងពីររបស់គណបក្សទាំង២នឹងរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំនេះជូនថ្នាក់ដឹកនំាគណបក្សរៀងៗខ្លួន ហើយបានឯកភាពគ្នាបន្តជួបគ្នាលើកក្រោយទៀត ដើម្បីឈានដល់ជំនួបកំពូលរវាងគណបក្សទំាងពីរ ៕
ចែករំលែកព័តមាននេះ