ខេត្តបាត់ដំបង ៖ ក្មេងប្រុសស្រីចំនួន២ នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ដោយសារផ្ទុះគ្រាប់ឡង់ CKC ដែលពួកគេរើសបាននៅក្បែររបងយកមកដំលេងនៅក្បែរមាត់ស្រះមួយកន្លែងស្ថិតនៅក្នុងភូមិជ្រោយស្នា ឃុំខ្នាចរមាស ស្រុកបវេល កាលពីរសៀលថ្ងៃទី២១ កុម្ភៈ ។
មន្រ្តីនគរបាលស្រុកបវេលរាយការណ៍ថា គ្រាប់ដែលផ្ទុះនោះជាប្រភេទគ្រាប់ឡង់CKCដែលសេសសល់ពីសម័យសង្រ្គាម ។ មន្រ្តីដដែលប្រាប់ថា គ្រាប់នោះបានផ្ទុះនៅគ្រាដែលក្មេងប្រុសស្រីទាំង២នាក់រើសបាននៅក្បែររបងយកមកដំលេង ហើយបណ្ដាលឲ្យពួកគេទាំង២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ក្មេងរងគ្រោះទាំង២នាក់ឈ្មោះហង់ ណារិន ភេទស្រី និងឈ្មោះរឿង រិត ភេទប្រុស ពួកគេមានអាយុ៧ឆ្នាំដូចគ្នា ។ សពក្មេងរងគ្រោះទាំង២នាក់មានស្នាមរបួសសុះសាច់ដោយអំបែងគ្រាប់ ។
លោកពៅ ម៉ាន់ អាយុ៤៩ឆ្នាំ ដែលជាឪពុកក្មេងប្រុសឈ្មោះរឿន រិត បាននិយាយថា លោកមិនដែលដឹងថាគ្រាប់កាំភ្លើងនោះមាននៅក្បែររបងផ្ទះរបស់លោកទេ លុះកូនប្រុសគាត់និងក្មេងស្រីម្នាក់ទៀតទៅលេងក្បែរនោះ ហើយប្រទះឃើញ ក៏រើសយកមកដំលេងបណ្តាលឱ្យផ្ទុះ ទើបលោកដឹង ។ លោកពៅ ម៉ាន់ បានបញ្ជាក់ថា លោកមិនបានដឹងថា កូនប្រុសគាត់ជាអ្នកលេងគ្រាប់នោះទេ លុះឮសំឡេងផ្ទុះលាន់កក្រើក លោកបានស្ទុះរត់ទៅមើលក៏ឃើញកូនប្រុស និងក្មេងស្រីម្នាក់ដេកស្លាប់ក្បែរគ្នាក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ដែលមានស្នាមរបួសសុះសាច់ដែលមើលទៅគួរឲ្យរន្ធត់បំផុត ។
មន្រ្តីកងរាជអាវុធហត្ថដែលចុះពិនិត្យកន្លែងកើតហេតុបាននិយាយថា គ្រាប់ដែលក្មេងរងគ្រោះរើសយកមកដំលេងហើយផ្ទុះស្លាប់នេះ ទំនងជាគ្រាប់ដែលអ្នកកាយស្រះប្រទះឃើញ ហើយរើសយកមកទុកក្នុងគុម្ពោធព្រៃក្បែររបង ដោយមិនបានប្រគល់ ឬរាយការណ៍ជួនមន្រ្តីជំនាញ ទើបក្មេងរើសបានយកមកដំលេងបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបែបនេះ ។
សូមបញ្ជាក់ថា កន្លងមកទាំងមន្រ្តីរដ្ឋាភិបាលទាំងអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារពាក់ព័ន្ធ និងអាវុធជាតិផ្ទុះក្នុងប្រទេសកម្ពុជា តែងតែចុះផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋខ្មែរឲ្យយល់ដឹងអំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទ ដែលសេសសល់ពីសម័យសង្រ្គាម ។ ប៉ុន្តែរហូតមកដល់ពេលនេះនៅតែមានប្រជាពលរដ្ឋមួយចំនួននៅតាមជនបទមានការធ្វេសប្រហែស ខ្វះការយល់ដឹងអំពីការគ្រោះថ្នាក់ដោយសារគ្រាប់នេះ ដូចជាករណីខាងលើនេះជាដើម ដែលប្រទះឃើញគ្រាប់ហើយមិនបានយកទៅប្រគល់ឲ្យអាជ្ញាធរ និងមន្រ្តីជំនាញ បែរជាយកទៅលាក់ទុកក្នុងគុម្ពោធព្រៃរហូតបង្កមហន្តរាយដល់ជិវិតមនុស្សបែបនេះ ៕
ចែករំលែកព័តមាននេះ