ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា យុវជនដៃឆើតម្នាក់ ត្រូវសមត្ថកិច្ចស្ទាក់ចាប់បានភ្លាមៗនៅវេលាទៀបភ្លឺថ្ងៃទី១៤ សីហានេះ នៅលើផ្លូវមួយកន្លែង ស្ថិតក្នុងភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឬស្សី បន្ទាប់ពីលួចយកម៉ូតូមួយគ្រឿងនៅក្បែរផ្លូវ ខណ:ម្ចាស់កំពុងចុះលាងសណ្ដែកនៅក្នុងស្ទឹង ។
មន្ត្រីនគរបាលស្រុកមោងឬស្សីបាននិយាយថា ជនសង្ស័យឈ្មោះ សៀង ឃីម ភេទប្រុសអាយុ១៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិរ៉ា ឃុំមោង ស្រុកមោងឬស្សី ។ រីឯម្ចាស់ម៉ូតូឈ្មោះ ហ៊ឹម ខាន់ ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរលក់ដូរ នៅភូមិជ្រៃខាងជើង ឃុំជ្រៃ ស្រុកមោងឬស្សី ម៉ូតូដែលចោរលួចម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1F-1247 ។
មន្ត្រីដដែលបានប្រាប់ថា ជនដៃដល់រូបនេះបានលួចយកម៉ូតូជនរងគ្រោះដែលទុកចោលនៅមាត់ស្ទឹង ខណ:ម្ចាស់ចុះលាងសណ្ដែកនៅខាងក្រោមលុះឡើងមកវិញ បាត់ម៉ូតូក៏ផ្អើលឆោឡោ តែត្រូវបានកម្លាំងសមត្ថកិច្ចស្ទាក់ចាប់បានវិញភ្លាមៗ ។
បើតាមជនរងគ្រោះឈ្មោះ ហ៊ឹម ចាន់ បានប្រាប់សមត្ថកិច្ចថា គាត់បានជិះម៉ូតូដឹងសណ្ដែកយកទៅលាងក្នុងស្ទឹងនោះជាប្រចាំ តែលើកចុងក្រោយនេះក៏ត្រូវចោរលួច ។ គាត់និយាយថា គាត់បានទុកម៉ូតូនៅខាងលើមាត់ស្ទឹង ហើយគាត់យកសណ្ដែកទៅលាងនៅខាងក្រោម នាវេលាទៀបភ្លឺនោះ ។ ប៉ុន្តែពេលលាងរួចឡើងមកវិញ ស្រាប់តែបាត់ម៉ូតូតែម្ដង ហើយគាត់ក៏ផ្ដល់ព័ត៌មាននេះទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍រហូតស្ទាក់ចាប់បានចោរភ្លាមៗដែរ ។
សមត្ថកិច្ចបាននិយាយថា ជនដៃដល់បានព្យាយាមជិះម៉ូតូនោះចេញបានប្រហែល២គ.ម ក៏ត្រូវកម្លាំងសមត្ថកិច្ចស្ទាក់ក្របួចបានតែម្ដង ។ ពេលនេះមន្ត្រីជំនាញកំពុងសួរនាំជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ ។ ដោយឡែកម៉ូតូត្រូវបានប្រគល់ជូនម្ចាស់ដើមវិញផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ