ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​អូ រស្មី ជាប់​ទោសទណ្ឌ យ៉ាងណា​ហើយ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​អូ រស្មី តែងតែ​បង្ហោះ​សកម្មភាព​ច្រៀង​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​នាង ហើយ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក និង​អ្នកគាំទ្រ​របស់​នាង ហើយ​គេ​ក៏​ចង់​ឃើញ​នាង​ច្រៀង​តាម​ឆាក​តន្ត្រី​នានា​ផង​ដែរ ។ មហាជន​មន្ទិល​ថា​នាង​អូ រស្មី…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​អូ រស្មី តែងតែ​បង្ហោះ​សកម្មភាព​ច្រៀង​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​នាង ហើយ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក និង​អ្នកគាំទ្រ​របស់​នាង ហើយ​គេ​ក៏​ចង់​ឃើញ​នាង​ច្រៀង​តាម​ឆាក​តន្ត្រី​នានា​ផង​ដែរ ។

មហាជន​មន្ទិល​ថា​នាង​អូ រស្មី បាន​រួច​ទោស​ហើយ ឬ​យ៉ាងណា ក្នុង​ពេល​ដែល​រូបភាព ថ្មី​ៗ​នៃ​ការ​ច្រៀង​របស់​នាង​តែងតែ​បង្ហោះ​ជា​បន្តបន្ទាប់ ។

តាម​ពិត​នោះ​គឺ​តារាចម្រៀង​នាង​អូ រស្មី បាន​រួច​ផុត​ពី​ទោសទណ្ឌ​ហើយ ។ ពេល​នេះ​នាង​កំពុង​តែ​ចាប់​អាជីព​ចម្រៀង​ជា​ថ្មី​ឡើង​វិញ តែ​នៅ​មិន​ទាន់​បង្ហាញមុខ​តាម​កញ្ចក់​ទូរទស្សន៍​នៅឡើយ​ទេ ។ នាង​ច្រៀង​តែ​នៅ​តាម​ភោជនីយដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​។

ពាក់ព័ន្ធ​រឿង​នេះ​តារាចម្រៀង និង​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក សុះ ម៉ាច បាន​ប្រាប់​កោះ​សន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នាង​អូ រស្មី បាន​ចេញពី​ពន្ធនាគារ​ប្រមាណ​ជាង​មួយ​ឆ្នាំ​មក​ហើយ ។ លោក​ក៏​ធ្លាប់​ហៅ​នាង​ទៅ​ច្រៀង​នៅ​ក្នុង​ភោជនីយដ្ឋាន​របស់​លោក​ផង​ដែរ ។ ទោះជា​យ៉ាងណា​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​លោក​មិន​បានដឹង​ទេ​ថា​នាង​កំពុង​ប្រកប​អាជីព​ចម្រៀង​នៅ​ទីកន្លែង​ណា​ឲ្យ​បាន​ច្បាស់លាស់​ទេ ដ្បិត​លោក​មិនសូវ​បាន​ទាក់ទង​ជាមួយ​នាង ដោយសារ​រវល់​ការងារ​រៀងខ្លួន ។

តារាចម្រៀង​នាង​អូ រស្មី ត្រូវ​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ចាប់​ឃាត់ខ្លួន​នៅផ្ទះ​របស់​នាង​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៤ ដោយ​ជាប់ចោទ​ពី​បទ​លួងលោម​ក្មេង​ស្រី​យក​ទៅ​ឲ្យ​រួម​ភេទ​ជាមួយ​អ្នកមាន​ប្រាក់ជា​ថ្នូរ​នឹង​ការ​សន្យា​ថា​ជួយ​ឲ្យ​ក្មេង​ស្រី​នោះ​ក្លាយជា​តារា​ល្បី ។ នេះ​បើ​តាម​ការ​ចោទប្រកាន់​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​នោះ ។ សមត្ថកិច្ច​ទម្លាយ​ឲ្យ​ដឹង​ថា អូ រស្មី ជា​មុខសញ្ញា​ចាស់​ដែល​ប៉ូលិស​តាម​ស៊ើប​ជា​យូរ​មក​ហើយ ។

មុន​ពេល​ចាប់ខ្លួន​អូ រស្មី ជិះ​រថយន្ត​ឡិច​ស៊ី​ស ៤៧០ ថ្មី​សន្លាង និង​មានផ្ទះ​ល្វែង​ស្កឹមស្កៃ​មួយ ស្ថិត​ក្នុង​បុរី​ពិភព​ថ្មី​ក្បែរផ្លូវ​វ៉េ​ង ស្រេង ។

ទោះជា​យ៉ាងណា​ក្ដី​ក្នុងអំឡុងពេល​ជំនុំជម្រះ​ក្ដី​នាង​អូ រស្មី បាន​បដិសេធ​នូវ​ការ​ចោទប្រកាន់ ដោយ​បញ្ជាក់​ថា រឿង​នេះ​កើតឡើង​ពី​ម្ដាយ​ក្មេង​ស្រី​ដែល​ខឹង​នាង​ទាក់ទង​នឹង​ខ្សែដៃ​មាស​មួយ​ដែល​នាង​ខ្ចី​ពី​គាត់ ។ នាង​បាន​ខ្ចី​ខ្សែដៃ​មាស​ទម្ងន់​ប្រហែល​១​តម្លឹង​តម្លៃ​ប្រហែល​២០០០​ដុល្លារ ដើម្បី​ពាក់​ក្នុង​គោលបំណង​ថត​ចម្រៀង​ខារ៉ាអូខេ ។ ការ​ខ្ចី​ខ្សែដៃ​មាស​នេះ​សម្រាប់​ការ​ផ្លាស់​ប្ដូរ​ជាមួយនឹង​ការ​បង្រៀន​ក្មេង​ស្រី​នោះ​ឲ្យ​ក្លាយទៅជា​តារាចម្រៀង​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ និង​ធ្វើការ​នៅ​ក្នុង​ផលិតកម្ម​របស់​នាង ។

តារាចម្រៀង​នាង​អូ រស្មី ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៥​ឆ្នាំ និង​សងជំងឺចិត្ត​១០​លាន​រៀល​ទៅ​ជន​រង​គ្រោះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ