រាជធានីភ្នំពេញ៖ អតីតារាសម្តែងដែលចូលចិត្តសម្ញែងភាពស៊ិចស៊ី អ្នកនាង ដួង ម៉ានិច ត្រូវបានគេមើលឃើញថា រហូតមកទល់នាពេលនេះ នាងនៅតែបន្តស្ថិតក្នុងការបួសជាដូចជី និងប្រតិបត្តិស្តាប់ធម៌យ៉ាងខ្ជាប់ខ្ជួន ដោយមិននឹកនាមកដល់អាជីពសិល្បៈជាថ្មីឡើងវិញនោះឡើយ ។

ចាប់តាំងពីសម្រេចចិត្តមានគ្រួសារមក ដួង ម៉ានិច បានក្លាយជាមនុស្សមួយថ្មី ស្ទើរទាំងស្រុង ដោយនាងបានងាកមករស់នៅតាមបែបស្រែចម្ការជាមួយស្វាមី ចាកឆ្ងាយពីទីក្រុង និងអាជីពសិល្បៈរបស់ខ្លួនដែលធ្លាប់តែស្រស់បំណងចោលទាំងស្រុង ។
អ្វីដែលជាការចាប់អារម្មណ៍ទៀតនោះ អតីតតារាស្រីរូបនេះក៏បានលះបង់នូវរូបសម្រស់របស់ខ្លួន ដោយបានកោរសក់បួសជាដូនជី និងការប្រតិបត្តិធម៌យ៉ាងជាប់លាប់ ខណៈពេលដែលស្វាមីរបស់នាង ក៏បានបួសជាព្រះសង្ឃផងដែរ ។

ជារឿយៗ នៅលើបណ្តាញសង្គម គេតែងបានឃើញ ដួង ម៉ានិច បានបង្ហោះរូបភាពដោយគ្រងសម្លៀកបំពាក់ជាដូនជី កោរសក់ ហើយចូលរួមស្តាប់ធម៌ជាបន្តបន្ទាប់ ក្នុងនោះរាល់ពាក្យសម្តីដែលនាងតែងតែសសេរបង្ហោះនោះភាគច្រើន គឺជាធម៌អប់រំចិត្ត ។
ដួង ម៉ានិច ធ្លាប់បានបញ្ជាក់ថា នាងបានកោរសក់បួសជាដូនជីនេះចំនួន៣លើកមកហើយ ដោយបូជាសក់លើកទី១ នៅថ្ងៃ13.12.25 ឧបាសកឆាត (ស្វាមី) និងប៉ាម៉ាក់ បងប្អូនកោរសក់ឱ្យ ។ លើកទី២ នៅថ្ងៃ 20.01.26ម៉ាក់ នឹងលោកយាយកោរឱ្យ និងលើកទី៣នេះ នៅថ្ងៃទី02.02.26 កោរខ្លួនឯងនៅថ្ងៃពិធីបុណ្យមាឃបូជា ។

ជាមួយនឹងការកោរសក់ចំនួន៣លើកនេះ ដួង ម៉ានិច ក៏បានលើកឡើងដែរថា ដោយបុញ្ញកម្មនេះ ខ្ញុំសូមបានអត្តភាពជាបុសក្នុងកាលអនាគត ជាអ្នកមានសីល មានបញ្ញាបានបួសក្នុងព្រះពុទ្ធសាសនាផង បានសេបគប់នូវសប្បុរសផង បានស្តាប់នូវធម៌របស់សប្បុរសនោះផង បានដឹងនូវអត្ថសេចក្តីនៃព្រះធម៌នោះផង សូមដល់នូវព្រះនិព្វានដែលមិនមានសេចក្ដីស្លាប់ផង ។
ជាការកត់សម្គាល់ នៅរាល់ពេលដែលដួង ម៉ានិច បង្ហោះរូបភាពបួសជាដូនជីម្តងៗនោះ គេក៏នៅឃើញមានមហាជន ជាពិសេស បណ្តាអ្នកគាំទ្ររូបនាងមួយចំនួន នៅតែសម្តែងក្តីសោកស្តាយនូវរូបសម្រស់របស់នាងពីមុន និងនឹកវត្តមានកាលនៅសម្តែងរបស់នាងផងដែរ ។

យ៉ាងណាធ្លាប់ជាតារាស៊ិចស៊ី និងមានទេពកោសល្យសម្តែងដ៏ល្អ តែបែជាងាកមកកោរសក់បួសជាដូនជី នោះបង់អាជីពសិល្បៈចោលទាំងស្រុង នាពេលនេះ គឺមិនមានជាអ្វីដែលអ្នកគាំទ្រភាគច្រើនរបស់ ដួង ម៉ានិច ចង់ឃើញនោះឡើយ ៕




ចែករំលែកព័តមាននេះ