ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បឋមបានបន្តឱ្យដឹងថា ក្រោយពីអាជ្ញាធរអប្សរា បានដាក់បម្រាមនិងបង្គោលហាមមិនឱ្យអាជីវករធ្វើការដាក់តាំងលក់ ដាក់អង្រឹង ឬដាក់សម្ភារផ្សេងៗនៅមុខកស្សិណអង្គរនោះ ស្រាប់តែនៅម៉ោងជាង០៩ព្រឹិកថ្ងៃទី១៤ សីហា នេះ មានក្រុមអាជីវករប្រមាណ៥០០នាក់ បានផ្ទុះការតវ៉ា ដោយនាំគ្នាដកបង្គោលបម្រាមនោះចេញ និងសុំឱ្យអាជ្ញាធរមានដំណោះស្រាយជូនពួកគាត់ ។ គួរបញ្ជាក់ថា៖ ចេញបម្រាមមិនឱ្យបែបនេះទៀត នៅជុំវិញកស្សិណប្រាសាទអង្គរវត្ត

ហេតុការណ៍ខាងលើ បានកើតឡើងត្រង់ចំណុចភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ។ ក្នុងនោះក៏បានឃើញវត្តមានកម្លាំងសមត្ថកិច្ច និងអាជ្ញាធរអប្សរា ចុះមកចរចានិងសម្របសម្រួលជាមួយក្រុមអាជីវករផងដែរ ប៉ុន្តែពួកគាត់មិនទាន់ទទួលយកបានឡើយ ។

ប្រភពបន្តទៀតថា ការដាក់បង្គោលឈើបម្រាមនោះ គឺខាងអាជ្ញាធរអប្សរាបានដាក់តាំងពីថ្ងៃទី០១ សីហាមកម្ល៉េះ ប៉ុន្តែទើបព្រឹកនេះ ត្រូវក្រុមអាជីវករទាំងនោះផ្ទុះការតវ៉ា និងដើរដកបង្គោលទាំងនោះចេញវិញរហូតដល់ជិតរបងរបស់មន្ត្រីប៉ូលិសបេតិកភណ្ឌជាតិទៀតផង ។

សូមរំលឹកថា អាជ្ញាធរជាតិអប្សរាបានសម្រេចបញ្ឈប់សកម្មភាពដែលអាជីវករ និងបងប្អូនប្រជាពលរដ្ឋក្រាលកន្ទេល ដាក់អង្រឹង និងដាក់សម្ភារផ្សេងៗនៅជុំវិញត្រពាំងសេះ ស្ថិតនៅមុខប្រាសាទព្រហ្មកិល និងលើវាលស្មៅ ជុំវិញកសិណប្រាសាទ អង្គរវត្ត ចាប់ពីថ្ងៃទី១៣ សីហា នេះទៅ ។

ការធ្វើបែបនេះ គឺដើម្បីលើកកម្កើងដល់តម្លៃបេតិកភណ្ឌវប្បធម៌ ក៏ដូចជាមិនធ្វើឲ្យប៉ះ ពាល់ដល់បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈនៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា សម្រេចបញ្ឈប់ការជួលអង្រឹង និងក្រាលកន្ទេលអង្គុយលេងនៅបរិវេណមុខ ប្រាសាទអង្គរវត្តហើយ។ (សម្រួលដោយ៖ ស្រីណា)
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព។










ចែករំលែកព័តមាននេះ