ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

GMAC បង្ហាញ​ការ​ព្រួយបារម្ភ​ជា​ថ្មី​លើ​ការ​ប៉ះពាល់​កម្មករ​ជាង​៧៥​ម៉ឺន​នាក់​ពី​ការ​បាត់បង់ EBA

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ខណៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​ក្រោម​កម្មវិធី អ្វី​គ្រប់យ៉ាង​លើកលែង​អាវុធ (Everything But Arms-EBA) កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ពិចារណា​ដក ឬ​មិន​ដក​ពី​កម្ពុជា​នៅ​ពាក់​កណ្តាលខែ​កុ​ម្ភះ ឆ្នាំ​២០២០…

​រាជធានី​ភ្នំពេញ ៖ ខណៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​ក្រោម​កម្មវិធី អ្វី​គ្រប់យ៉ាង​លើកលែង​អាវុធ (Everything But Arms-EBA) កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ពិចារណា​ដក ឬ​មិន​ដក​ពី​កម្ពុជា​នៅ​ពាក់​កណ្តាលខែ​កុ​ម្ភះ ឆ្នាំ​២០២០ ខាង​មុខ ពី​សំណាក់​សហភាព​អឺរ៉ុប​នោះ មាន​មតិ​មួយ​ចំនួន​នៅ​តែ​អះអាង​ថា វា​មិន​បញ្ហា​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​កម្ពុជា បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ម្ដង​ហើយ​ម្ដងទៀត ចំពោះ​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ក្នុង​នោះ​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​កម្ពុជា ហៅ​កាត់​ថា (GMAC) បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ជា​ថ្មី​ចំពោះ​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ។ ​

ជា​ថ្មី​ម្តងទៀត GMAC បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្មី​មួយទៀត​កាលពី​ថ្ងៃ​ទី ១២ ខែសីហា ម្សិលមិញ​នេះ​ថា បើសិន​ប្រព័ន្ធ​នេះ ត្រូវ​បាន​សហភាព​អឺរ៉ុប​ដក​យក​វិញ​នោះ​នឹង​ធ្វើអោយ​ប៉ះពាល់​ដល់​កម្មករ​-​កម្មការិនី ជាង​៧៥​ម៉ឺន​នាក់​ដោយ​ផ្ទាល់ និង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គេ​ប្រមាណ​៣​លាន​នាក់​ផ្សេង​ទៀត​ដោយ​ប្រយោល ពីព្រោះ​ក្នុង​បច្ចុប្បន្ន​នេះ ផលិតផល​វាយ​ន​ភណ្ឌ​ភាគច្រើន​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​សហភាព​អឺរ៉ុប ។ តែ​បើសិនជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប​ត្រូវ​បាន​ដក​វិញ​នោះ ការ​នាំ​ចេញ​ផលិតផល​នេះ ទៅ​កាន់​សហភាព​អឺរ៉ុប​នឹង​ត្រូវ​បង់​ពន្ធគយ ដូច្នេះ​អ្នក​វិនិយោគ​លើ​វិស័យ​នេះ នឹង​ត្រូវ​ពិចារណា លើ​ការ​វិនិយោគ​បន្ត​ឬ​ត្រូវ​ផ្អាក ដោយ​ស្វែងរក​ប្រទេស​ផ្សេង​ទៀត ដែល​មាន​កម្លាំង​ពលកម្ម​ទាប​ជាង​កម្ពុជា ។

​កន្លង​មក GMAC បាន​លើក​ឡើង​ថា ការ​អនុវត្តន៍​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ ពី​សំណាក់​សហភាព​អឺរ៉ុប ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ហេតុផល​នយោបាយ​ច្រើន​ជាង​បច្ចេកទេស ពីព្រោះ​ក្នុង​វិស័យ​វាយនភ័ណ្ឌ​កម្ពុជា បាន​គោរព​ទៅ​តាម​គោលការណ៍​សិទ្ធិ​មនុស្ស​យ៉ាង​ខ្ជាប់ខ្ជួន និង​មានការ​តាមដាន​ត្រួតពិនិត្យ​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ ILO ។ ហើយ​ការ​វាយតម្លៃ​ក៏​បាន​បញ្ជាក់​ថា កម្ពុជា​បាន​គោរព​ទៅ​តាម​គោលការណ៍​សិទ្ធិ​មនុស្ស​ច្បាស់​ណាស់ ។ GMAC ក៏​បាន​ស្នើ​អោយ​សហភាព​អឺរ៉ុប​ពិចារណា​ពី​ផល​ប៉ះពាល់​ចំពោះ​កម្មករនិយោជិត​កម្ពុជា ក្រោយ​ពេល​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ចេញពី​កម្ពុជា ។

លោក សោម អូន​ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា បើ​ទោះបីជា​មាន​សម្ពាធ​ពី​ខាង​អឺរ៉ុប លើ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា តែ​ការ​ចរចារ​ប្រាក់​ឈ្មួ​លអ​ប្បរិ​មា​របស់​កម្ពុជា​រវាង​រដ្ឋាភិបាល និង​និយោជក​នៅ​តែ​បន្ត តាម​ការ​គ្រោងទុក ។ ​ងាក​ទៅ​សេចក្ដីថ្លែងការណ៍​របស់ GMAC បាន​ធ្វើ​ឡើងជា​ការ​រំឭក​ដល់​អ្នក​ច្បាប់​របស់​សហភាព​អឺរ៉ុប និង​មន្ត្រី​ឲ្យ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ពាក់ព័ន្ធ​នឹង​នីតិវិធី​ផ្អាក​ប្រព័ន្ធ EBA សម្រាប់​កម្ពុជា​។

GMAC បាន​សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា «GMAC ជា​ថ្មី​ម្ដងទៀត​សូម [​ប្រាប់​] ដល់​អ្នក​ច្បាប់​នៃ​សហភាព​អឺរ៉ុប និង​មន្ត្រី​នានា ក៏​ដូច​ជា​អ្នក​ពាក់ព័ន្ធ​នឹង​សហភាព​អឺរ៉ុប​ថា ការ​ផ្អាក​ផលប្រយោជន៍​នៃ EBA សម្រាប់​វិស័យ​របស់​យើង​នឹង​មាន​លទ្ធផល​ធំធេង​នោះ គឺ​ការ​បាត់បង់​ការងារ​នៅ​ក្នុង​កម្លាំង​ការងារ​ផ្នែក​វាយ​ន​ភណ្ឌ ស្បែកជើង និង​សម្ភារ​សម្រាប់​ធ្វើ​ដំណើរ ហើយ​មិន​បម្រើ​ឲ្យ​គោលបំណង​ដើម​របស់​កម្មវិធី EBA ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទេ​»​។ សេចក្តីថ្លែងការណ៍​បាន​បន្ត​ទៀត​ថា​៖ «​វា​ក៏​ជា​រឿង​គួរ​ឲ្យ​សោកសៅ និង​ជា​លទ្ធផល​គួរ​ឲ្យ​សោកស្ដាយ​សម្រាប់ GMAC និង​កម្លាំង​ការងារ​របស់​ខ្លួន​ដែល​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងច្រើន​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​តួនាទី​របស់​អង្គការ ILO ក្នុង​ការ​ឃ្លាំមើល​ការ​គោរព​តាម​បទដ្ឋាន​ការងារ មិន​នៅ​តែ​កម្ពុជា​ទេ ថែម​ទាំង​នៅ​ក្នុង​វិស័យ​របស់​យើង​ក្នុង​ប្រទេស​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក​»​។

សូម​បញ្ជាក់​ថា កម្ពុជា​បាន​ទទួល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឹ​រ៉ុ​ប​តាំងពី​ឆ្នាំ ២០០១ មក​ម្ល៉េះ​។ កាលពី​ឆ្នាំ ២០១៨ ការ​នាំ​ចេញពី​កម្ពុជា​ក្នុង​វិស័យ​កាត់ដេរ​ស្បែកជើង និង​សម្ភារ​ធ្វើ​ដំណើរ គឺ​មាន​ទំហំ​ទឹកប្រាក់ ៥,៤ ពាន់​លាន​ដុល្លារ ដោយ​បាន​កើន​ទំហំ ១០ ដង បើ​ប្រៀបធៀប​ទៅ​នឹង​ទំហំ​ទឹកប្រាក់​ដែល​មាន​កាលពី​ឆ្នាំ​ដំបូង ។ ​សមាគម​រោងចក្រ​កាត់ដេរ​បាន​ថ្លែង​បន្ថែម​ថា «GMAC បាន​ដាក់​ជូន​នូវ​ភ័ស្តុតាង​គាំទ្រ​ដើម្បី​ឆ្លើយ​តប​ជា​វិជ្ជមាន​ទៅ​លើ​ការ​ព្រួយបារម្ភ​របស់​សហភាព​អឺរ៉ុប និង​ដើម្បី​បញ្ជាក់​អំពី​ការ​រីក​ចម្រើន និង​ការ​គោរព​តាម​ពី​សំណាក់​វិស័យ​របស់​យើង​ទៅ​លើ​ច្បាប់ និង​បទដ្ឋាន​របស់ ILO និង​ដើម្បី​បញ្ជាក់​ថា ផលប្រយោជន៍​ពី EBA គួរតែ​ត្រូវ​បន្ត​ផ្ដល់​ឲ្យ​ដល់​ការ​នាំ​ចេញ​របស់​យើង​»​។

កញ្ញា វី រតនា ដែល​ជា​កម្មករ​រោងចក្រ​កាត់ដេរ​មួយ​រូប​មក​ពី​ខេត្តតាកែវ បាន​លើក​ឡើង​ថា ការងារ​នៅ​រោង​ច្រក​កាត់ដេរ ដែល​នាង​បាន​ធ្វើការ​អស់​រយៈពេល ៥ ឆ្នាំ​កន្លង​មកនេះ គឺ​ពិតជា​រួមចំណែក​ក្នុង​ការ​សម្រួល​ជីវភាព​គ្រួសា​របស់​នាង​ពិត​ៗ ។ ​កញ្ញា វី រតនា អាយុ ២៥ ឆ្នាំ​បាន​និយាយ​ថា «​អ្វី​ដែល​ខ្ញុំ​ចង់បាន គឺ​ចង់បាន​ការងារ​ធ្វើ​បន្ត ព្រោះ​ខ្ញុំ​ត្រូវ​ចិញ្ចឹម​ម្តាយ​និង​ប្អូន​៣​នាក់​ទៀត តាម​រយៈ​កម្រៃ​ដែល​ខ្ញុំ​រកបាន​ពី​រោងចក្រ​កាត់​ដែរ ។ អ​ញ្ចឹ​ង​ខ្ញុំ​មិនដឹង​ថា​តើ EBA ហ្នឹង​ជួយ​ខ្ញុំ​និង​កម្មករ​ផ្សេង​ទៀត​កំរិត​ណា​នោះ​ទេ តែ​ខ្ញុំ​សង្ឃឹមថា​រោងចក្រ​កាត់ដេរ ដែល​ខ្ញុំ​កំពុងធ្វើការ​នឹង​បន្ត​ដំណើរការ​ធម្មតា​» ។

លោក សុខ ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សរសេរ​ក្នុង​តេ​ឡេ​ក្រាម​ថា ការ​រក្សា​បាន EBA ជា​ការ​ងាយ តែ​វា​ស្នើ​នឹង​ការ​បោះបង់​ចោលការ​អនុវត្ត​ច្បាប់​និង​ឆ​ន្ទះ​ប្រជាជន​កម្ពុជា​ក្នុង​ការ​បោះ​ឆ្នោត​រួច​ហើយ​។​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​ម្តង​ហើយ​ម្តងទៀត​ថា កម្ពុជា​មិន​យក​អធិបតេយ្យភាព​ខ្លួន ទៅ​ដោះ​ដូរ​ជាមួយ​ការ​អនុគ្រោះ​ពន្ធ EBA ឡើយ​។ សម្ដេច ហ៊ុន សែន បាន​និយាយ​ថា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ គឺ​វា​គង់តែ​នឹង​ដល់ទី​បញ្ចប់​ដូច​ប្រទេស​ផ្សេង​ៗ​ទៀត នៅ​ពេល​ណាមួយ ដូច្នេះ​វា​គ្មាន​អ្វី​ដែល​អាច​ឲ្យ​កម្ពុជា​ផ្លាស់​ប្ដូរ ឬ​ដោះ​ដូរ​អធិបតេយ្យភាព​របស់​ខ្លួន ជាមួយនឹង​ភាព​អនុគ្រោះ​នោះ​ទេ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ