ខេត្តសៀមរាប ៖ តាមប្រសាសន៍របស់លោក លី សំរឹទ្ធ អ្នកនាំពាក្យ និងជាអភិបាលរង រខេត្តសៀមរាបបានឲ្យដឹងថា បច្ចុប្បន្នខេត្តសៀមរាបកំពុងតែជួបប្រទះនៅក្នុងរដូវប្រាំងមួយដែលបានអូសបន្លាយក្នុងរយៈពេលយូរ ដោយបានធ្វើឲ្យដំណាំស្រូវរបស់ប្រជាពលរដ្ឋជាច្រើនបានស្វិត និងងាប់ជាបណ្តើរៗ ។
ប៉ុន្តែប្រសិនបើមិនមានភ្លៀងធ្លាក់ក្នុងរយៈពេល១សប្តាហ៍ខាងមុខនេះទៀតទេ នោះដំណាំស្រូវជាច្រើនហិកតាអាចនឹងរងការខូចខាតទាំងស្រុង ហើយស្រុកដែលបានទទួលរងគ្រោះរាំងស្ងួតច្រើនជាងគេគឺស្រុកពួក ស្រុកក្រឡាញ់ និង ស្រុកស្រីស្នំ ។
លោក លី សំរឹទ្ធ មានប្រសាសន៍បន្ថែមថា នៅខណៈពេលនេះអាជ្ញាធរខេត្តសៀមរាបបានណែនាំដល់មន្ត្រីជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធចុះធ្វើការបូមទឹកជួយសង្គ្រោះស្រូវទាំងនោះ ប៉ុន្តែការជួយសង្គ្រោះនេះគឺបានសម្រាប់តែស្រែដែលមានប្រព័ន្ធធារាសាស្ត្រធំៗនៅជិតប៉ុណ្ណោះ ហើយសម្រាប់ស្រែដែលគ្មានប្រភពទឹកនៅជិត យើងមិនអាចជួយបាននោះទេគឺមានតែរង់ចាំទឹកភ្លៀងមួយមុខប៉ុណ្ណោះ ។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន សហការជាមួយអាជ្ញាធរខេត្តសៀមរាបបាននាំយកស្រូវពូជចំនួន២៩តោនទៅចែកជូនដល់ប្រជាកសិករចំនួន៥៤០គ្រួសារនៅក្នុងស្រុកក្រឡាញ់ និងស្រុកពួក ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ