ខេត្តកំពង់ស្ពឺ ៖ ក្នុងគោលបំណងបណ្តុះគំនិតឲ្យកុមារស្រឡាញ់បរិស្ថានសាលាគំនូរយ៉ាម៉ាដាក់របស់ជប៉ុនបានបើកការប្រឡងប្រជែងគូរគំនូរ ។ សិស្សានុសិស្សជាង៣០០នាក់មកពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ នៅសាលាបឋមសិក្សាសំបួរ ដែលស្ថិតនៅភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានចូលរួមប្រកួតប្រជែងគូរគំនូររូប «អង្គរវត្ត» ក្នុងគោលបំណងបំផុស និងបង្កើតគំនិតកុមារឱ្យចេះស្រឡាញ់វិស័យគំនូរ និង បរិស្ថាន ។
គំនូររបស់កុមារទាំងអស់នឹងត្រូវយកទៅតាំងពិព័រណ៍នៅមជ្ឈមណ្ឌលប្រតិបត្តិការកម្ពុជា-ជប៉ុន នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ព្រមទាំងនឹងយកទៅតាំងពិព័រណ៍នៅក្រៅប្រទេស ដើម្បីឱ្យអន្តរជាតិស្គាល់ពីកម្ពុជា និងស្នាដៃរបស់កុមារកម្ពុជា ។ កម្មវិធីការប្រកួតប្រជែងគូរគំនូរនេះរៀបចំឡើង ដោយលោកសាស្ត្រាចារ្យ តាខាខាហ្ស៊ឹ យ៉ាម៉ាដាក់ (Takakazu Yamada) នាយកសាលាគំនូរយ៉ាម៉ាដាក់ និងគ្រូបង្រៀន និងនិស្សិតសាកលវិទ្យាល័យនៃប្រទេសជប៉ុនជាង១០រូប ។
លោកសាស្ត្រាចារ្យ តាខាខាហ្ស៊ឹ យ៉ាម៉ាដាក់ នាយកសាលាគំនូរយ៉ាម៉ាដាក់ ដែលមានមូលដ្ឋាននៅភ្នំពេញ បានមានប្រសាសន៍ថា ការប្រកួតប្រជែងគូរគំនូរនេះ គឺចង់បណ្តុះគំនិតកុមារឱ្យចេះស្រឡាញ់វិស័យគំនូរ និងបរិស្ថានជុំវិញខ្លួន និងចង់ឱ្យសិស្សានុសិស្សបានបញ្ចេញស្នាដៃរបស់ខ្លួនក៏ដូចជា ចង់រកកុមារដែលមានទេពកោសល្យផ្នែកសិល្បៈគំនូរ ។ លោកសាស្ត្រាចារ្យ បានបន្តឱ្យដឹងថា ប្រធានបទនៃការប្រឡងគូរគំនូរនេះគឺ «ប្រាសាទអង្គរវត្ត» ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញរបស់ខ្មែរ ។
លោក តាដាម៉ូរី ហ្វ៊ូជីសាវ៉ា (Tadamori Fujisawa)ជំនួយការសាស្ត្រាចារ្យសាកលវិទ្យាល័យនៃប្រទេសជប៉ុនបានឱ្យដឹងថា រូបគំនូរដែលសិស្សានុសិស្សគូរទាំងអស់នឹងត្រូវយកទៅតាំងពិព័រណ៍នៅមជ្ឈមណ្ឌលប្រតិបត្តិការកម្ពុជា-ជប៉ុន នាថ្ងៃទី១៤ ខែសីហានេះ ព្រមទាំងចងក្រងទុកជាអនុស្សាវរីយ៍ផងដែរ ។ ជាងនេះទៅទៀត នឹងត្រូវយកទៅតាំងពិព័រណ៍នៅក្រៅប្រទេស និងផ្សព្វផ្សាយតាមអ៊ីនធើណិតផងដែរ ដើម្បីឱ្យអន្តរជាតិបានស្គាល់ពីស្នាដៃ និងទេពកោសល្យរបស់កុមារកម្ពុជា ។
លោក ឯក ប៊ុនថា អគ្គនាយករងនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអ្នកសម្របសម្រួលកម្មវិធីប្រកួតគូរគំនូរនេះបានមានប្រសាសន៍ថា កម្មវិធីនេះមានគោលបំណងចង់ឱ្យកុមារបានបញ្ចេញសមត្ថភាពទេព្យកោសល្យដែលពួកគាត់មានពីកំណើត និងជាការបណ្តុះគំនិតលើកស្ទួយវិស័យសិល្បៈគំនូរ ។
ចំណែកលោកស្រី មៀច សុខិណា នាយិកាសាលាបឋមសិក្សាសំបួរ បានឱ្យដឹងថា៖ កុមារចូលរួមការប្រឡងគំនូរនេះមាន៣២០នាក់ ពីថ្នាក់ទី១ដល់ថ្នាក់ទី៦ ។ នេះជាផ្នែកមួយនៃបំណិនជីវិត និងជាការបណ្តុះគំនិតឱ្យស្រឡាញ់វិស័យគំនូរ និងបរិស្ថានជុំវិញក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ