រាជធានីភ្នំពេញ ៖ ស្រ្តីម្នាក់មានផ្ទៃពោះ៧ខែបានឈឺពោះសម្រាលកូន ហើយដោយសារជីវភាពក្រីក្រពេកគ្មានម៉ូតូជិះនឹងគេ និងគ្មានប្រាក់សម្រាប់ជួលរថយន្តដឹកប្រពន្ធ បុរសជាប្ដីបានខ្ចីរទេះអូសនៅក្នុងការដ្ឋានសំណង់មួយដាក់ប្រពន្ធអូសទៅកាន់មន្ទីរពេទ្យ ដើម្បីឲ្យគ្រូពេទ្យជួយសម្រាលកូន ។
ប៉ុន្តែក្រោយពេលអូសចេញពីកន្លែងស្នាក់នៅ បានចម្ងាយប្រមាណ៥០០ម៉ែត្រស្រាប់ស្រ្តីជាប្រពន្ធឈឺពោះកាន់តែខ្លាំងឡើងៗ ហើយក៏ចាប់ផ្ដើមសម្រាលកូន តែជាអកុសលកូននោះកើតមកច្រាសជើង និងមិនអាចកើតចេញមករួចឡើយ ដែលជាហេតុធ្វើឲ្យស្រ្តីរូបនោះមានសុខភាពខ្សោយដុនដាបយ៉ាងខ្លាំងរហូតដល់គ្រូពេទ្យមណ្ឌលសុខភាពជួយធ្វើការសង្គ្រោះបន្ទាន់ភ្លាម ប៉ុន្តែជួយបានជីវិតម្ដាយ ឯកូនប្រុសនោះស្លាប់។
ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើង កាលពីវេលាម៉ោង៥និង៣៥នាទីទៀបភ្លឺថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០១៤ នៅតាមផ្លូវលេខ២០១១ ត្រង់ចំណុចមុខផ្សារបឹងឈូកមាស ស្ថិតក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្រ្តីរូបនោះ ត្រូវបានគេស្គាល់ឈ្មោះ ម៉ុង ចន្ថា អាយុ៣៥ឆ្នាំ ចំណែកឯបុរសជាប្ដីឈ្មោះ គង់ សុខ អាយុ៣៥ឆ្នាំ មុខរបរជាកម្មករសំណង់ និងមានកូនស្រី២នាក់ មានស្រុកកំណើតក្នុងភូមិសេរីមាន់១០ ឃុំសេរីមាន់១០ ស្រុកកោះសូទិន ខេត្តកំពង់ចាម ហើយបានមកស្នាក់នៅក្នុងការដ្ឋានសំណង់មួយ ក្នុងភូមិកើតហេតុ ។ កូនប្រុសដែលកើតច្រាសជើងហើយស្លាប់នោះគឺជាកូនទី៣ក្នុងគ្រួសារ ៕
ចែករំលែកព័តមាននេះ