រាជធានីភ្នំពេញ ៖ យោងតាមកិច្ចពិភាក្សារវាងលោកឧបនាយករដ្ឋមន្ត្រីបណ្ឌិតសភាចារ្យ សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោក ILHANN KEMAL TUG ឯកអគ្គរដ្ឋទូតទួរគីប្រចាំកម្ពុជា កាលពីថ្ងៃទី១៨ កុម្ភៈ ២០១៤ បានឱ្យដឹងថានៅដំណាច់ឆ្នាំ២០១៤នេះនឹងមានជើងហោះហើរដោយត្រង់ពីសាធារណរដ្ឋទួរគីមកកម្ពុជា ខណៈដែលភាគីទាំង២កំពុងមមាញឹកក្នុងការពិភាក្សាផែនការ និងបទដ្ឋានផ្សេងៗទាក់ទងការភ្ជាប់ជើងហោះហើរនោះ។
លោកឧបនាយករដ្ឋមន្ត្រីបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថា ការភ្ជាប់ជើងហោះហើរពីទួរគីមកកម្ពុជាមានសារសំខាន់ខ្លាំងណាស់ក្នុងការដឹកជញ្ជូនភ្ញៀវពីបណ្តាប្រទេសអឺរ៉ុបមកកម្ពុជា។ លោកបញ្ជាក់ថា ទាំងប្រទេសកម្ពុជា ទាំងទួរគី គឺមានសក្តានុពលខ្ពស់ណាស់ខាងវិស័យទេសចរណ៍សំខាន់នៅកម្ពុជា ដែលក្រៅពីប្រាង្គប្រាសាទបុរាណជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកនោះ យើងក៏នៅមានឆ្នេរសមុទ្រដ៏ស្រស់ត្រកាលរួមទាំងតំបន់អេកូទេសចរណ៍ធម្មជាតិជាច្រើនទៀតផងដែរ។
លោកបណ្ឌិតសភាចារ្យ សុខ អាន ក៏បានលើកឡើងផងដែរថា ពេលដែលប្រទេសយើងទាំង២មានកិច្ចសហប្រតិបត្តិការរឹងមាំជាមួយគ្នាលើវិស័យទេសចរណ៍នោះវានឹងបើកទ្វារឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត រួមមានវិស័យវិនិយោគពាណិជ្ជកម្មជាដើម។ យ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្ត្រីរំពឹងថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ទួរគីនឹងរីកចំរើនជាបន្តបន្ទាប់សម្រាប់ពេលអនាគត ៕
ចែករំលែកព័តមាននេះ