រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅសុំឲ្យជួយអន្តរាគមន៍ក្រោយពេលប្ដីប្រើហិង្សាវាយរហូតដល់រងរបួសគ្រេចស្មាដោយនាងបានចោទប្រកាន់ថា ប្ដីរបស់នាងចេញពីផ្ទះទៅចូលរួមក្នុងកម្មវិធីខួបកំណើតមិត្តភក្តិ ហើយមិនបានត្រឡប់ចូលផ្ទះវិញឡើយ ស្រាប់តែបាត់ពេញ១យប់ដោយមិនដឹងថា ទៅមានស្រីញីនៅខាងក្រៅឬបែបណាទេ ។
លុះព្រឹកឡើងទើបត្រឡប់ចូលផ្ទះវិញនាងក៏បានសួរនាំរឿងដើរដាច់យប់នេះព្រមទាំងស្ដីបន្ទោសបន្តិចបន្តួចសោះ ស្រាប់តែលោកប្ដីយកអង្រែបុកគ្រឿងវាយព្រមទាំងទាត់ធាក់ និងយកកាំបិតភ្ជង់.កគម្រាមកាប់សម្លាប់បណ្ដាលឲ្យនាងរងរបួសគ្រេចស្មាតែម្ដង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅបន្ទប់ផ្ទះជួលនៅក្នុងភូមិអង្គ សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
បន្ទាប់មកនាងបានធ្វើដំណើរទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែលនោះហើយក្រោយមកនាងក៏ត្រូវបានក្រុមសង្គ្រោះអង្គភាព៧១១ក៏បានទៅជួយពិនិត្យមើលអាការរបួសដល់ប៉ុស្តិ៍ចោមចៅ៣ផងដែរ ។
នារីរងគ្រោះរូបនេះឈ្មោះ យ.ច.ន អាយុ៣២ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានស្រុកកំណើតនៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ចំណែកបុរសជាប្ដីឈ្មោះ ម៉េង ពន្លក អាយុ៣០ឆ្នាំ មុខរបរជាងជួសជុលរថយន្ត និងមានស្រុកកំណើតស្រុកស្ទឹងត្រង់ កំពង់ចាម ។
នារីរងគ្រោះបានឲ្យដឹងថា នាង និងបុរសជាប្តីបានស្រឡាញ់គ្នា និងរស់នៅជាមួយគ្នាជាប្ដីប្រពន្ធនេះរយៈពេលជាង៣ឆ្នាំកន្លងមកហើយ ដោយមិនបានរៀបការឡើយ ប៉ុន្តែមានការទទួលស្គាល់ពីឪពុកម្ដាយ និងសាច់ញាតិទាំងសងខាងព្រមទាំងបង្កើតបានកូនប្រុសម្នាក់ ដែលមានអាយុទើបតែ៨ខែប៉ុណ្ណោះ ។ ក្នុងអំឡុងពេលរស់នៅជាមួយគ្នាកន្លងទៅ នាង និងប្ដីស្រឡាញ់គ្នាណាស់ហើយនាងតែងតែគិតថា បើបែបនេះតទៅនឹងមានសុភមង្គល និងទទួលបានភាពកក់ក្ដៅពីលោកប្ដីជារៀងរហូតមិនខានឡើយ ។
នារីរងគ្រោះបានបន្តថា ផ្ទុយទៅវិញបញ្ហាបានកើតឡើងចៀសមិនផុត ដោយនៅវេលាយប់ថ្ងៃទី១១ សីហា ប្តីរបស់នាងបានចាកចេញពីបន្ទប់ផ្ទះជួលទៅចូលរួមកម្មវិធីខួបកំណើតមិត្តភក្តិ ហើយនាងក៏មិនបានឃាត់ឃាំងអ្វីដែរទៅក៏ទៅចុះ ប៉ុន្តែសូមឲ្យលោកប្ដីវិលត្រឡប់មកផ្ទះវិញ ។ តែមិនដូច្នោះទេក្រោយចាកចេញទៅស្រាប់តែបាត់ពេញមួយយប់តែម្តង ដោយមិនដឹងថា ប្ដីសុខទុក្ខបែបណាសោះ ជាហេតុបង្កឲ្យនាងមានការព្រួយបារម្ភខ្លាំងណាស់ចំពោះសុវត្ថិភាពប្ដីនិងទន្ទឹងរងចាំមើលផ្លូវប្ដីយ៉ាងអន្ទះសារព្រមទាំងបន់ព្រះសំពះទេវតាសុំឲ្យប្ដីបានសុខ ។
ប្រភពដដែលបានបន្តថា លុះរហូតដល់វេលាព្រឹកថ្ងៃទី១២ សីហា ទើបលោកប្តីវិលត្រឡប់ចូលដល់បន្ទប់ជួលវិញ ហើយនាងត្រេកអរពេលដែលប្ដីមានសុវត្ថិភាពតែក៏ខឹងរឿងប្ដីដើរដាច់យប់ផងដែរ ទើបនាងសួរនាំពីមូលហេតុនៃការដើដាច់យប់នេះព្រមទាំងស្តីបន្ទោសបន្តិចបន្តួចផងដែរ ។
ខណៈនោះធ្វើឲ្យប្ដីខឹងច្រឡោត ហើយក៏មានការទាស់ទែងគ្នាកើតឡើងក៏ស្រាប់តែប្ដីយកអង្រែបុកគ្រឿងមកវាយ ព្រមទាំងទាត់ធាក់ រូបនាងឥតមេត្តា និងយកកាំបិតភ្ជង់.ក បណ្តាលឲ្យមុតរងរបួសធ្ងន់គ្រេចស្មាឆ្វេង ទើបនាងទ្រាំលែងបានក៏ធ្វើដំណើរទៅប្តឹងនគរបាលឲ្យជួយរកយុត្តិធម៌តែម្ដង ។ ចំណែកនគរបាលប៉ុស្តិ៍ចោមចៅ៣ក៏បានទទួលពាក្យបណ្ដឹង និងកំពុងស្វែងរកបុរសជាប្ដីដើម្បីឃាត់ខ្លួននាំមកសាកសួរចាត់ការតាមច្បាប់ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ