រាជធានីភ្នំពេញ ៖ នៅខែមករា ដើមឆ្នំា២០១៤ នេះ ចំនួនភ្ញៀវទេសចរបានចូលមកកម្ពុជា និងបានចូលទៅទស្សនានៅតាមរយៈសារមន្ទីរជាតិ តាមរយៈថវិកាមួយចំនួន វាជាផ្នែកមួយនៃការជំរុញការអភិវឌ្ឍន៍នៅក្នុងទីកន្លែង រួមទំាងវិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ជាតិ នាពេលបច្ចុប្បន្នឲ្យកាន់តែមានភាពរីកចម្រើនទ្វេរឡើង។ ក្រៅពីចូលរួមចំណែកក្នុងការពង្រឹងនូវខឿនសេដ្ឋកិច្ចជាតិហើយនោះ វិស័យទេសចរណ៍ ដែលជាឧស្សាហកម្មគ្មានផ្សែងមួយនេះ នៅបានជួយដល់អាជីវករលក់ដូរក្នុងតំបន់សក្តានុពលមួយចំនួនឲ្យមានជីវភាពធូរស្រាលថែមមួយកម្រិតផងដែរ។
យោងតាមស្ថិតិទិន្នន័យរបស់សារមន្ទីរជាតិ នៅខែមករា ដើមឆ្នំា២០១៤ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាវត្ថុបុរាណរបស់ជាតិ មានចំនួនសរុប ១៩,២៥៣នាក់ ក្នុងនោះ ភ្ញៀវបរទេសមានចំនួន ១៦,៩១២នាក់ ហើយបើប្រៀបធៀបភ្ញៀវទេសចរបរទេស កាលពីខែមករា ឆ្នាំ២០១៣ មានចំនួនតែ ១១,៥៦៩នាក់ ពោលចំនួននេះ មានការកើនឡើងប្រមាណ ៤៦ភាគរយ។
លោក ប្រាក់ ខេមរិន្ទ ប្រធានការិយាល័យរដ្ឋបាលសារមន្ទីរជាតិកម្ពុជា បានមានប្រសាសន៍ថា នៅខែមករា ដើមឆ្នាំ២០១៤ យោងតាមទិន្នន័យខាងលើ ភ្ញៀវបរទេសបានចូលទស្សនានៅសារមន្ទីរជាតិ ទទួលបានប្រាក់ចំណូលពីការលក់សំបុត្រមានចំនួន ៨៤,៥៦០ដុល្លារអាមេរិក ចំណែកកាលពីឆ្នាំ២០១៣ បានរហូតដល់ទៅ ៦៥៦,៩៩០ដុល្លារអាមេរិក។
ដោយឡែក ភ្ញៀវទេសចរក្នុងស្រុកទទួលបានចំណូល ១៩លាន ៨,០០០រៀល ផងដែរ ហើយសម្រាប់ថវិកាទំាងអស់នេះ ត្រូវបានបង់ចូលទៅក្នុងថវិកាជាតិ មួយរយភាគរយ។ លោកលើកឡើងទៀតថា ចំពោះវិស័យទេសចរមួយនេះ ដើរតួសំខាន់ក្នុងការអភិវឌ្ឍន៍នូវខឿនសេដ្ឋកិច្ចកម្ពុជា ជាពិសេសទៀតនៅពេលភ្ញៀវទេសចរមានការកើនឡើងរឹតតែជួយដល់វិស័យសេដ្ឋកិច្ចជាតិ បានកាន់តែប្រសើរទ្វេរឡើង។
វិស័យទេសចរណ៍ ក៏បានផ្តល់ផលដល់ប្រជាពលរដ្ឋកម្ពុជា មួយចំនួនមានជីវភាពប្រសើរថែមមួយកម្រិត តាមរយៈទេសចរធ្វើដំណើរកំសាន្តនៅគ្រប់រមណីយដ្ឋានផ្សេងៗ នៅក្នុងប្រទេស ដែលសំបូរទៅដោយបេតិកភ័ណ្ឌជាតិ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ធ្នូ ២០១៣ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍នៅណាហ្គាវើល ពេលចូលឆ្នាំសកល ២០១៤ ថា នៅក្នុងឆ្នំា២០១៣ កន្លងទៅនេះ កម្ពុជាសម្រេចបានតាមផែនការរបស់ខ្លួននៅចំនួនភ្ញៀវទេសចរ ៤លាន ១សែននាក់ ដែលមកទស្សនាកម្ពុជា និងនៅឆ្នាំ២០១៥ យើងត្រូវសម្រេចឲ្យបាននូវចំនួនភ្ញៀវទេសចរ ៤លាន ៥សែននាក់ ទៅ ៤លាន ៧សែននាក់ ហើយនៅឆ្នាំ២០២០ កម្ពុជាសម្រេចឲ្យបាននូវភ្ញៀវទេសចរពី ៧លាន ទៅ ៧លាន ៥សែននាក់។
បច្ចុប្បន្ននេះ កម្ពុជាមានការរីកចម្រើនគ្រប់វិស័យ ក្នុងនោះ វិស័យទេសចរណ៍ ដែលជាអទិភាពមួយក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក៏មានការរីកចម្រើនផងដែរ ចំណែកឯភ្ញៀវទេសចរ ក៏មានការកើនឡើងរាល់ឆ្នាំ ខណៈប្រជាពលរដ្ឋយើងជាច្រើននាក់មានលទ្ធភាពធ្វើដំណើរកំសាន្តទៅក្រៅប្រទេស និងធ្វើដំណើរទេសចរណ៍ទៅកាន់គ្រប់តំបន់ទេសចរណ៍នានា នៅទូទំាងប្រទេស៕
ចែករំលែកព័តមាននេះ