ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ ត្រូវចោរ០៣នាក់ វាយនឹងដំបងជ្រុងបណ្តាលឱ្យរងរបូសក្បាល ដេកសន្លប់ស្តូងស្តឹង រួចប្រមូលយកលុយអស់ជាង១លានរៀល ខណៈស្ត្រីរងគ្រោះជិះម៉ូតូចេញពីផ្ទះ ទៅផ្សារដើម្បីទិញអីវ៉ាន់ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥និង២០នាទីទៀបភ្លឺ ថ្ងៃទី១៨ កុម្ភៈ ២០១៤ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិបត់ត្រង់ធំខាងលិច ឃុំបត់ត្រង់ ស្រុកមង្គលបុរី ។
លោកវរសេនីយ៍ត្រី យ៉ត សុផល អធិការនគរបាលស្រុកមង្គលបុរី បានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ផាន សារ៉ន អាយុ៣១ឆ្នាំ ជាអ្នកលក់គ្រឿងទេស នៅភូមិកើតហេតុ ។
បើតាមស្ត្រីរងគ្រោះប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូទៅផ្សារមង្គលបុរី ដើម្បីទិញបន្លែនិងត្រីសាច់យកមកលក់ តែពេលជិះបានប្រមាណ៧០០ម៉ែត្រពីផ្ទះ ស្រាប់តែមានបុរសមិនស្គាល់មុខ០៣នាក់ ប្រដាប់ដោយដំបងជ្រុង វាយមកខ្លួនតែម្តង រួចប្រមូលយកលុយអស់ជាង១លានរៀល ៕
ចែករំលែកព័តមាននេះ