រាជធានីភ្នំពេញ ៖ លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធក្រោមឱវាទទាំងអស់ ត្រូវពង្រឹងកម្លាំងសណ្តាប់ធ្នាប់ ដើម្បីត្រៀមជាកម្លាំងជំនួយសម្រួលដល់អាជ្ញាធរសម្រាប់ធ្វើកិច្ចការរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ ពិសេសនៅតាមទីផ្សារ និងជួយទប់ស្កាត់ការសាងសង់សំណង់ខុសច្បាប់ និងរំលោភបំពានយកដីរដ្ឋ កុំឲ្យកើតមាននៅរាជធានីភ្នំពេញតទៅទៀត ។
លោកមានប្រសាសន៍ណែនាំបែបនេះ ក្នុងពេលលោកអញ្ជើញជាអធិបតីនៃកិច្ចប្រជុំបន្ទាន់មួយនៅសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារ៏ ទី១៨ កុម្ភៈ ២០១៤ នេះ ក្នុងគោលបំណងដើម្បីដាក់ផែនការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅសាលារាជធានីភ្នំពេញ ។
ទាក់ទិននឹងបញ្ហាខាងលើនេះ មន្ត្រីនគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា កម្លាំងសណ្តាប់ធ្នាប់នេះ ត្រូវតែមានការបំពាក់បំប៉នជំនាញ និងផ្តល់បទពិសោធន៏ ដូចជាការជួយរៀបចំបញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ គ្រោះអគ្គិភ័យ និងសណ្តាប់ធ្នាប់ជាដើម ដើម្បីត្រៀមជួយសង្គ្រោះនៅពេលមានបញ្ហាកើតឡើង៕
ចែករំលែកព័តមាននេះ