ខេត្តពោធិ៍សាត់ ៖ មកដល់ពេលនេះ រយៈពេលមួយសប្ដាហ៍ហើយដែលប្រជាពលរដ្ឋតវ៉ារឿងដីធ្លីប្រមាណជាង៧០គ្រួសារ បានមកដេកត្រាំត្រែងនៅមុខតុលាការខេត្តពោធិ៍សាត់ ដើម្បីសុំឲ្យអាជ្ញាធរប្រគល់ដីឲ្យពួកគាត់និងដោះលែងស្ត្រីឈ្មោះស៊ិន សៀន ដែលបានឃាត់ខ្លួនកាលពីថ្ងៃទី១២ កុម្ភៈ ២០១៤ នោះវិញ។
ទោះបីអាជ្ញាធរនិងតុលាការលើកហេតុផលយ៉ាងណាក៍ពួកគាត់នៅតែក្រាញននៀលមិនព្រមទៅណាទាល់តែសោះ។ ពួកគាត់នៅតែថាដីដែលពួកគាត់រស់នៅចំណុចអូរធំចំការចេក ស្ថិតក្នុងភូមិសំឡាញក្រោម ឃុំក្រពើពីរ ស្រុកវាលវែងនោះបានអាស្រ័យផលរយៈពេល០៥ឆ្នាំមកហើយ។ ឯដីដែលអាជ្ញាធរឲ្យរស់នៅម្ដុំវត្តកែវជុំទួលគ្រួសនោះ គ្មានជីជាតិមិនអាចដាំដុះកើតទេ។
ដោយសារនិយាយគ្នាលែងស្ដាប់ហើយពួកគាត់មិនព្រមទៅណាចេះតែបន្តដេកនៅមុខតុលាការពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សង្គមនិងបរិស្ថាននោះ ទើបកាលពីវេលាម៉ោង០៦ព្រឹកថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០១៤ សមត្ថកិច្ចបានប្រើធម៌ក្ដៅបង្ខំចាប់អូសដៃចេញតែម្ដង។ ខណៈនោះក្រុមអ្នកតវ៉ានៅតែក្រាញននៀលទៀត ប៉ុន្តែដោយសារកម្លាំងសមត្ថកិច្ចច្រើនមិនអាចទប់ទល់បានក៍ចាកចេញទាំងស្រែកយំខ្លះពកូន លីកន្ទេល ចានឆ្នាំង និងបង្វិចខោអាវដោយនិយាយថាតើឲ្យពួកគាត់ទៅនៅឯណា? បើឲ្យពួកគាត់ជាប់គុកល្អជាងព្រោះមានបាយហូប។ បើដេញឲ្យត្រឡប់ទៅវិញគ្មានបាយហូបទេ។ បើមិនដូច្នេះសុំដីនៅទីនោះម្នាក់តែមួយហិកតាក៍បានដែរ ដើម្បីដាំដំណាំចិញ្ចឹមជីវិតទៅថ្ងៃអនាគត។
លោក ឆេ ឈីវ អភិបាលស្រុកវាលវែង លោកឆៃ សារ៉ាន់ នាយខណ្ឌរដ្ឋបាលព្រៃឈើ និងលោក តន់សីហតេជះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់បានជម្រាបជូនថា ដីចំណុចអូរធំចំការចេក ដែលក្រុមអ្នកតវ៉ាខាងលើទៅកាប់ទន្ទ្រានរស់នៅនោះ គឺជាដីព្រៃស្រោងសុទ្ធសាធដែលច្បាប់ហាមឃាត់មិនអាចប្រគល់ឲ្យវិញបានទេ។ ចំពោះស្ត្រីឈ្មោះស៊ិន សៀន ជាមេខ្លោងហើយរារាំងសមត្ថកិច្ចទៀតនោះ ជាសមត្ថកិច្ចរបស់តុលាការដែលត្រូវផ្ដន្ទាទោសតាមមាត្រា៩៧ចំណុច៦នៃច្បាប់ស្ដីពីព្រៃឈើ ប៉ុន្តែបងប្អូនអាចរកមេធាវីការពារតាមផ្លូវច្បាប់បាន។
តាមពិតកាលពីឆ្នាំ២០១២ អាជ្ញាធរបានដោះស្រាយប្រគល់ដីឲ្យពួកគាត់រស់នៅម្ដុំវត្តកែវជុំទួលគ្រួសរួចហើយ ដោយមានប្លង់កម្មសិទ្ធិត្រឹមត្រូវ។លុះឆ្នាំ២០១៤នេះ ស្រាប់តែមានមេខ្យល់ញុះញង់បំផុសបំផុលឲ្យមកយកវិញ ៕
ចែករំលែកព័តមាននេះ