ខេត្តកណ្តាល ៖ យុវជនម្នាក់ដោយសារតែខឹងចាស់ទុំផ្តាច់ពាក្យវិញ បានបណ្តុះគំនិតទុរយស ដោយល្បួងអតីតគូដណ្តឹងទៅចាប់រំលោភយ៉ាងព្រៃផ្សៃ នៅខាងក្រោយភូមិ ហើយច្របាច់កនាងសម្លាប់បំបិទមាត់ ។
ទោះបីជាបែបណាក្តី ឈាមស្រែកស្បែកហៅ នៅពេលសមត្ថកិច្ចត្រួតពិនិត្យសព ដោយសារតែតក់ស្លុតភ័យខ្លាំងពេក ជនជាឃាតករបានផឹកថ្នាំពុលប៉ងសម្លាប់ខ្លួនឯង ទើបបែកការណ៍ ហើយត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ បានរួចផុតពីសេចក្តីស្លាប់ ។ ហេតុការណ៍រំលោភអតីតគូដណ្តឹងនេះ កើតឡើងកាលពីយប់ថ្ងៃទី១៥ កុម្ភៈ ២០១៤ នៅចំណុចខាងក្រោយភូមិគោល ឃុំឈ្វាំង ស្រុកពញាឮ ។ ព្រឹកឡើងថ្ងៃទី១៦ កុម្ភៈ ក៏ត្រូវបានគេប្រទះឃើញសពនារីរងគ្រោះ ដោយឃាតករកាច់មែកឈើ និងស្លៀកខោពីមុខទៅក្រោយ ពីក្រោយមកមុខរបៀបប្រញាប់ប្រញាល់ ។ ការរកឃើញសពនារីរងគ្រោះ គឺដំបូងប្រទះឃើញខោក្នុង២នៅលើមែកឈើដែលគេស្គាល់ ទើបមានការរុករកក៏ប្រទះឃើញសព ។
នារីរងគ្រោះឈ្មោះ ផន ស្រីនាង អាយុ១៨ឆ្នាំ ជាកម្មការិនីរោងចក្រ រស់នៅភូមិកើតហេតុ ចំណែកឃាតករឈ្មោះ ធឿន នី អាយុ២៣ឆ្នាំ ជាកសិករ ។ ជននេះបានលេបថ្នាំពុលប៉ងសម្លាប់ខ្លួន តែមិនបានសម្រេចកាលពីល្ងាចថ្ងៃទី១៦ កុម្ភៈ នៅផ្ទះរបស់ខ្លួន ក្នុងភូមិកើតហេតុ ។ តាមប្រភពព័ត៌មានឱ្យដឹងថា នារីរងគ្រោះនិងឈ្មោះ ធឿន នី ពីមុនធ្លាប់ស្រឡាញ់គ្នា និងឱ្យចាស់ទុំចូលស្តីដណ្តឹងភ្ជាប់ពាក្យនឹងគ្នា តែបានប្រមាណ៣ខែក្រោយមក ចាស់ទុំខាងស្រីផ្តាច់ពាក្យវិញ ដែលគ្មានប្រភពណាអះអាងពីមូលហេតុបែបណាទេ ។ ទោះបីជាបែបណាក្តី រវាងនារីរងគ្រោះ និងឃាតករនៅតែទាក់ទងគ្នាដដែល តែមិនផ្អែមល្ហែមដូចមុនទេ ។ ដោយសារការផ្តាច់ពាក្យពីចាស់ទុំ ទើបជនល្មើសរកឱកាសល្បួងនារីរងគ្រោះនាំយកទៅរំលោភនៅយប់ថ្ងៃទី១៥ កុម្ភៈ នៅចំណុចខាងក្រោយភូមិ ខណៈដែលមានពិធីបុណ្យដារលាន ។
ប្រភពព័ត៌មានឱ្យដឹងថា ដោយសារតែព្រឹកឡើង គេប្រទះឃើញសពនារីរងគ្រោះ ហើយមានសមត្ថកិច្ចច្រើនទៅកន្លែងកើតហេតុដើម្បីស្រាវជ្រាវ ទំនងជា ធឿន នី ភិតភ័យពីអំពើរបស់ខ្លួន ខ្លាចលាក់មិនជិត រហូតដល់ល្ងាចថ្ងៃទី១៦ កុម្ភៈ ក៏លេបថ្នាំប៉ងសម្លាប់ខ្លួន ប៉ុន្តែមិនបានសម្រេចក៏បែកការណ៍ ហើយត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ឯរាជធានីភ្នំពេញ និងរួចផុតពីក្តីស្លាប់ ប៉ុន្តែគេចមិនផុតពីសំណាញ់ច្បាប់ឡើយ ៕
ចែករំលែកព័តមាននេះ