ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​​​​បុរស​​​វៀត​ណាម​​​នាំ​​​ភ្លុក​​​​​ដំរី​ពី​​ប្រទេស​​​អង់​​​ហ្គោ​​ឡា​

11 ឆ្នាំ មុន

ខេត្ត​សៀម​រាប ​៖ ក្រុម​​មន្ត្រី​នគរ​បាល បាន​​ប្រាប់​ឱ្យដឹង​ថា ​បុរស​ជន​ជាតិ​វៀត​ណាម​ចំនួន​ពីរ​​នាក់​ត្រូវ​​​​កម្លាំង​​ចម្រុះ​​​ប្រចាំ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​សៀម​រាប​ ​​​​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​១៦ កុម្ភៈ ​​​ខណៈ​ជន​ទាំង​ពីរ​​​នាក់​​​ព្យា​យាម​នាំ​ចូល​ភ្លុក​ដំរី​​កាត់​ជាកង់​ៗ​​​​ចំនួន​បី​វ៉ា​លី​​​ស​ ​ដែល​​មាន​ទម្ងន់​ជិត​៨០​គីឡូ​​ក្រាម​ ​ពីទ្វីប​​អាហ្វ្រិក​​ឆ្លង​កាត់​ច្រក​ទ្វា​រ​ទេស​ចរណ៍​​ដ៏​សំខាន់​របស់​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​​ ​​។

ខេត្ត​សៀម​រាប ​៖ ក្រុម​​មន្ត្រី​នគរ​បាល បាន​​ប្រាប់​ឱ្យដឹង​ថា ​បុរស​ជន​ជាតិ​វៀត​ណាម​ចំនួន​ពីរ​​នាក់​ត្រូវ​​​​កម្លាំង​​ចម្រុះ​​​ប្រចាំ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​សៀម​រាប​ ​​​​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​១៦ កុម្ភៈ ​​​ខណៈ​ជន​ទាំង​ពីរ​​​នាក់​​​ព្យា​យាម​នាំ​ចូល​ភ្លុក​ដំរី​​កាត់​ជាកង់​ៗ​​​​ចំនួន​បី​វ៉ា​លី​​​ស​ ​ដែល​​មាន​ទម្ងន់​ជិត​៨០​គីឡូ​​ក្រាម​ ​ពីទ្វីប​​អាហ្វ្រិក​​ឆ្លង​កាត់​ច្រក​ទ្វា​រ​ទេស​ចរណ៍​​ដ៏​សំខាន់​របស់​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​​ ​​។

នេះ​អាច​​ចាត់​ទុក​ថា​ជា​​លើក​​ដំបូង​ហើយដែល​​​មាន​​ការ​រត់​ពន្ធ​ភ្លុក​ដំរី​​​​​ឆ្លង​កាត់​​កម្ពុជា ។ ប្រធាន​​ការិ​យា​ល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​ស្នង​ការ​​ដ្ឋាន​​នគរ​បាល​ខេត្ត​លោក​វរ​សេនីយ៍​​ទោ ​សឿន សេន បាន​​និយាយ​​ថា ប្រតិ​បត្តិ​ការ​បង្ក្រាប​​​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ាង​៩​និង​៣០​នា​ទី​យប់ថ្ងៃ​ទី​១៦ កុម្ភៈ ​​ក្រោម​ការ​ដឹក​នាំ​​របស់​​​លោក​ជួន សុ​បញ្ញា ព្រះ​រាជ​អាជ្ញា​​រង​អម​សាលា​ដំបូង​ខេត្ត​សៀម​រាប ​និង​មាន​ការ​​ចូល​រួម​ប្រតិ​បត្តិ​ការ​ផ្ទាល់​ដោយ​​កម្លាំង​​​នគរ​បាល​​ស្នង​ការ​​ដ្ឋាន​​ខេត្ត និង​​នគរ​បាល​​​អន្តោ​ប្រវេសន៍​ប្រចាំ​អាកាស​យាន​​ដ្ឋា​នផង​ដែរ ​។ លោក​​សឿន ​សេន ​​​​​និយាយ​​​ថា​ ​ជន​សង្ស័យ​ទាំង​ពីរ​​នាក់​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​នេះ​​​ម្នាក់​ឈ្មោះ​​ផាម ខ្វាន​ទ្រៀង ​​​អាយុ​២៣​ឆ្នាំ កាន់​លិខិត​​ឆ្លង​ដែន​​លេខ ​B​៥៤៨០៦៨៤ ​និង​ម្នាក់​ទៀត​ឈ្មោះ​បួយ​ វា៉ន់​ទៀង​ ​​​អាយុ​៤៥​ឆ្នាំ ​កាន់​លិខិត​​ឆ្លង​ដែន​លេខ​B៥៣៨១៩៩២​ ​។ ​​ជន​ជាតិ​វៀត​​ណាម​​ទាំង​២​នាក់​​ ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​អង់​​ហ្គោ​​ឡា ​(ទ្វីប​អា​ហ្វ្រិក​​) ឆ្លង​កាត់​ព្រលាន​យន្ត​ហោះ​ ប្រទេស​កូ​រ៉េ​​ចូល​​មក​​កាន់​​ព្រលាន​​យន្ត​​ហោះ​​ខេត្ត​​សៀម​រាប​ ជា​មួយ​​ភ្លុក​ដំរី​ទម្ងន់​៧៩,៥ គីឡូ​ក្រាម ដាក់​ក្នុង​វ៉ា​លីស​ច​ំនួន​៣ ​​​។

លោ​ក​បាន​បន្ថែម​ថា​ ​តាម​ការ​សាក​សួរ​ឃើញ​ថា​​​​ភ្លុក​ដំរី​ទាំ​ង​នេះ​ទំនង​ជា​មិន​ត្រូវ​បាន​នាំ​ចូល​​សម្រាប់​​ជួញ​ដូរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ ​តែ​ទំនង​ជា​​ត្រូវ​​​នាំ​ទៅ​កាន់​ប្រទេស​វៀត​ណាម​​ និង​ប្រទេស​ចិន ដើម្បី​ធ្វើ​ជា​គ្រឿងលម្អ ​ឬ​ក៏​គ្រឿង​អល​ង្កា​រ​​ផ្សេងៗ​ដែល​​មាន​ត​ម្លៃ​ខ្ពស់ ​។​ ​ក្រុម​មន្រ្តី​បាន​អះ​អាង​ថា​ ​នេះ​ជា​ករណី​ដំបូង​ហើយ​ដែល​សមត្ថ​កិច្ច​​ចម្រុះ​ប្រចាំ​នៅ​ច្រក​​​ទ្វារ​​អន្តរ​​ជាតិ​ខាង​លើ​ធ្វើ​ការ​បង្រ្កាប​​បាន​ភ្លុក​ដំរី​នាំ​ចូល​​ពី​បរ​ទេស​នៅ​គ្រា​​ដែល​​ប្រទេស​វៀត​ណាម​និង​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភព​លោក​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​បាន​ធ្វើ​ការ​ចាប់​ និង​ដុត​បំផ្លាញ​ចោល​នូវ​ភ្លុក​ដំរីរាប់​តោន​​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ​។ គួរ​​កត់​សម្គាល់​​ផង​ដែរ​ថា ក្រៅ​ពី​បង្ក្រាប​​បទ​ល្មើស​ជួញ​ដូរ​ភ្លុក​ដំរី​ ​សមត្ថ​កិច្ច​ចម្រុះ​​​​បាន​​​បង្រ្កាប​ជា​​លក្ខណៈ​ទ្រង់​ទ្រាយ​​ធំ​ទៅ​លើ​បទ​ល្មើស​រត់​ពន្ធ​គ្រឿង​ញៀន​ឆ្លង​ដែន​តាម​ច្រក​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​សៀម​រាប​ចំនួន​៧​លើក​រួច​មក​ហើយ ដោយ​បាន​រឹប​អូស​វត្ថុ​តាង​គ្រឿង​ញៀន​ជាង​២០​គីឡូ​ក្រាម​ និង​ចាប់​ខ្លួន​ឧក្រិដ្ឋ​ជន​បានចំនួន​៨​នាក់​ក្នុងនោះ​៦​នាក់​ជា​ស្រ្តី ​។ ជា​មួយ​គ្នា​​នេះ​​ដែរ​ ​ច្រក​អន្តរ​ជាតិ​នេះ​ក៏​ធ្លាប់​ជា​ច្រក​នាំ​ចេញ​នូវ​ស្ត្រី​ខ្មែរ​ក្មេង​ៗ​​ទៅ​ជួញ​ដូរ​នៅ​ប្រទេ​ស​ចិន​ដែរ​​​តាម​រូប​ភាព​​ទៅ​ធ្វើ​ទេស​ចរណ៍​ ឬ​​​​ការ​ប្តី​នៅ​ទី​នោះ​ជា​ដើម ​។

​សត្វ​ដំរី​ត្រូវ​បាន​អង្គ​ការ​អភិ​រក្ស​សត្វ​ព្រៃ​កំពុង​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំ​ង​ ​ព្រោះ​តែ​វា​ត្រូវ​ចាត់​បញ្ចូល​ទៅ​ក្នុង​ពពួក​សត្វ​កម្រ​ជិត​ផុត​ពូជ​ពីលើ​ភពផែនដ​ី​នេះ​ ​ដោយ​សកម្ម​ភាព​ប្រមាញ់​ដ៏​ផ្តាច់​ផ្តិល ដើម្បី​យក​ភ្លុក​ធ្វើ​ជា​ជំនួញ ។ ​យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​អន្តរ​ជាតិ​មួយ​ដែល​បាន​ចុះ​ផ្សាយ​​ទាក់​ទិន​ទៅ​នឹង​ឧក្រិដ្ឋ​កម្ម​សត្វ​ដំរី​កាលពីពេល​ថ្មីៗ​នេះ​បានឲ្យ​ដឹង​ថា មាន​សត្វ​ដំរី​យ៉ាង​តិច​៤៨០ក្បាល ត្រូវ​​គេ​សម្លាប់​នៅ​ឯ​ឧទ្យា​ន​ជាតិមួយ​កន្លែង​របស់​ប្រទេស​កាមេរូន​​ ក្នុង​រយៈ​​ជិត​​​២ខែ​​​កន្លង​ទៅ​នេះ​​ពី​សំណាក់​អ្នក​ប្រមាញ់​មកពី​ប្រទេស​សូ៊ដង់​ ​និងឆាដ​​ ។ ​ទន្ទឹមនឹ​ង​ព័ត៌​​​មាន​អំពីការ​សម្លាប់​ពពួក​សត្វ​ដំរី​ដ៏ច្រើន​មហិ​មា​ទាំង​នោះ​ ​កាល​ពី​ពេល​ថ្មី​ៗ​​នេះ​នៅ​លើ​បណ្តាញ​ផ្សព្វ​ផ្សាយ​បរ​ទេស​សំខាន់ៗ​មួយ​ចំនួន​ ក៏​បាន​​បង្ហាញ​ពី​កិច្ច​ប្រឹង​ប្រែង​បង្រ្កាប​​របស់​សមត្ថ​កិច្ច​ទៅ​លើ​ជំនួញ​​​ភ្លុក​ដំរី​នោះ​ដែរ ​​ តាម​​រយៈ​ការ​ដុត​បំផ្លាញ​ចោល​នូវ​ភ្លុក​ដំរី​រាប់​ពាន់​គូ​​ដូច​ជា​នៅ​ប្រទេស​វៀត​ណាម​​ និង​​សហ​រដ្ឋ​​អា​មេរិក​ជា​ដើម ។

ព្រះ​រាជ​អាជ្ញា​​រង​​អមសា​លា​ដំបូង​ខេត្ត​សៀម​រាប​លោក​ជួន សុបញ្ញា ដែល​បាន​ដឹក​នាំ​ប្រតិ​បត្តិ​ការ​ខាង​លើ​​បាន​ថ្លែង​​​​នៅ​​ថ្ងៃ​​ទី​១៧ កុម្ភៈ ​​​​​ថា ការ​ចាប់​ខ្លួន​ជន​ជាតិ​វៀត​ណាម​ទាំង​ពីរ​នាក់​នេះ គឺ​ជា​ការ​បង្ក្រាប​បទ​ល្មើស​ជាក់​ស្តែង ​។ ​​យើង​​​​មាន​ភស្តុ​តាង​គ្រប់​គ្រាន់​ដាក់​បន្ទុក​​គឺ​ភ្លុក​ដំរី ដែល​ជា​ការ​ប្រព្រឹត្ត​បទ​ល្មើស​នាំ​ចូល​នូវ​សំណាកសត្វ​ព្រៃ​ដែល​កម្រ​ ​និង​​ជិត​ផុត​ពូជ​​ដូច​​មាន​ចែង​នៅក​្នុង​មាត្រា​៩៨​​នៃ​ច្បាប់​ស្តី​ពី​ព្រៃ​ឈើ​កម្ពុជា ​។ លោក​​បន្ត​ថា ជន​ទាំង​ពីរ​​នាក់​​បច្ចុប្បន្ន​​បាន​​ប្រគល់​ទៅ​ឲ្យ​មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​សៀម​រាប​ ដើម្បី​កសាង​សំ​ណុំ​រឿង​តាម​នីតិ​វិធី​ ​ហើយ​​អាច​ប្រឈមនឹង​​ការ​ជាប​់​ពន្ធនាគារ​​រយៈ​ពេល​ចាប់​ពី​១​ឆ្នាំ​​ទៅ​៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ជាច្រើន​លាន​រៀល​ផង​ដែរ ។​
គួរ​កត់​​សម្គាល់​​​ថា​ ​នៅ​គ្រា​​ដែល​​មាន​ការ​​ប្រគល់​ជន​សង្ស័យ​ទៅ​​ឱ្យ​​សមត្ថ​កិច្ច​​​រដ្ឋ​បាល​ព្រៃ​ឈើ​​​សៀម​​រា​ប ​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ ​​នោះ​​គេ​ឃើញ​តែ​​មនុស្ស​​ពីរ​នាក់​​​នេះ​​​ប៉ុណ្ណោះ ដោយ​ឡែក​វត្ថុ​តាង​ប្រព្រឹត្ត​​បទ​ល្មើស​​គឺ​​ភ្លុក​ដំ​រី​ ដែល​ត្រូវ​​​​គេ​រាយ​ការណ៍​ថា​មួយ​ចំនួន​បាន​អារ​ជា​កង់ៗ និង​ខ្លះ​ទៀត​នៅ​រក្សា​ទ្រង់​ទ្រាយ​ដើម​នៅ​ឡើយ មិន​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​សមត្ថ​កិច្ច​ជំនាញ​រក្សា​ទុក​ ទេ ៕