ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រក្រតី​​កម្ម អំណាច​​ទាំងអស់​របស់​​រដ្ឋ​​ដំណើរ​ការ​ កុំ​ខ្វល់​រឿង​​ជាប់​គាំង​​ន​យោ​បាយ​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ​៖ សម្តេច​អគ្គ​មហា​សេ​នា​បតី​តេជោ​ ហ៊ុន សែន ​​​នាយក​រដ្ឋមន្ត្រី​​នៃព្រះរាជា​ណាចក្រក​ម្ពុជា​ ​​មាន​ប្រសាសន៍​​​ផ្តាំ​​​ផ្ញើ​​ដល់​​​មន្ត្រី​​ដែល​ទទួល​ជ័យ​​លាភី​​​ក៏ដូច​ជា​​មន្ត្រីស្ថាប័ន​​នានា​បាន​យល​់ថា ​តើ​ទៅ​មុខ​ត្រូវ​ធ្វើ​​អ្វី​ជា​​អាទិភាព​…?

រាជ​ធានីភ្នំពេញ ​៖ សម្តេច​អគ្គ​មហា​សេ​នា​បតី​តេជោ​ ហ៊ុន សែន ​​​នាយក​រដ្ឋមន្ត្រី​​នៃព្រះរាជា​ណាចក្រក​ម្ពុជា​ ​​មាន​ប្រសាសន៍​​​ផ្តាំ​​​ផ្ញើ​​ដល់​​​មន្ត្រី​​ដែល​ទទួល​ជ័យ​​លាភី​​​ក៏ដូច​ជា​​មន្ត្រីស្ថាប័ន​​នានា​បាន​យល​់ថា ​តើ​ទៅ​មុខ​ត្រូវ​ធ្វើ​​អ្វី​ជា​​អាទិភាព​…? ​គឺមាន​ប​ញ្ហា​ច្រើន​ណាស់​​ជា​សំណុំ​បញ្ហា​នៅ​ក្នុង​យុទ្ធ​​សាស្ត្រ​​​ចតុ​​កោណ​​ដំណាក់​កាល​​ទី​៣​របស់​រាជ​រដ្ឋាភិបាល​​ក្នុង​អាណត្តិ​ទី​៥​នៃរដ្ឋសភា ​ដែល​​ទាម​ទារ​​​​ត្រូវ​ធ្វើ​​កំណែ​​ទម្រង់​​ទូលំ​ទូលាយ​​ និង​ស៊ី​ជម្រៅ ។

​សម្តេច​​តេជោ​នាយករដ្ឋ​មន្ត្រី​​​បាន​​​មាន​ប្រសាសន៍​​​​​បែបនេះ​ ​នា​ព្រឹក​ថ្ងៃទី​១៧ កុម្ភៈ ​នៅ​វិទ្យា​ស្ថាន​ជាតិ​អប់រំ​​ ក្នុង​ឱកាស​​អញ្ជើញ​​ជា​អធិបតី​ភាព​ក្នុង​ពិធី​ប្រគល​់​សញ្ញា​​បត្រ​ដល់​សិស្ស​ ម​ន្ត្រី​​ជាន់​ខ្ពស់​​​ជំនាន់​​កំណែ​​ទម្រង់​ សិស្ស ​មន្ត្រី ​​ក្រម​ការ​ជំនាន់​​ភក្តី​ភាព ​និងប្រគល់​​វិញ្ញា​បនបត្រ​​ដល់​កម្ម​សិក្សា​​ការី​ឆ្នាំ​២០១៣ ​និង​បើក​វគ្គ​បណ្តុះ​បណ្តាល​​ឆ្នាំ​២០១៤ ​​របស់​​សាលាភូមិ​​ន្ទ​រដ្ឋ​បាល​នៃ​ក្រសួង​មុខ​ងារ​សាធារណៈ ។ ​​ពាក់​ព័ន្ធ​នឹង​បញ្ហា​ខាងលើ​​ ​សម្តេច​តេជោ​​នាយករដ្ឋមន្ត្រី​គូស​បញ្ជាក់​​ថា ​ក្នុងនោះ​មាន​​ផ្នែក​រដ្ឋបាល​​​សាធារណៈ ។ ​រដ្ឋបាល​សាធារណ​ៈ​នេះ ​គឺ​ជំរុញ​នៅ​ក្នុងការ​កែ​ទម្រង់​​ដោយ​បង្កើត​ឱ្យ​មាន​ក្រសួង​មុខងារ​សាធារណ​ៈ គឺ​ដើម្បី​ធានា​​ធ្វើ​យ៉ាង​​ម៉េច​ឱ្យ​រដ្ឋបាល​សាធារណៈ​​នេះ​ក្លាយ​ទៅ​ជា​​អ្នក​ផ្តល់​​​​សេវា​​សាធារណ​ៈ ដែល​មាន​ប្រសិទ្ធ​ភាព​​បំផុត ។ ​​ទាក់ទិន​​ជាមួយ​នឹងការ​សម្រេច​គោល​ដៅ​​​បាន​ឬ​មិន​បាន ​​សម្តេច​តេជោ​មាន​​ប្រសាសន៍​សង្កត់​ធ្ងន់​​ថា ​​គឺ​ទាម​ទារ​​នូវ​ការ​រៀប​ចំ​នូវកិច្ច​​​ការ​ជំហាន​​ដើរ​​សម្រាប់​​រយៈ​ពេល​វែង ​ជំហាន​​ដើរ​សម្រាប់​​រយៈ​​ពេល​មធ្យម​​ និង​ជំហានដើរ​សម្រាប់​​រយៈ​ពេល​ខ្លី …។ ​សម្តេច​តេជោ​​នាយករដ្ឋ​មន្ត្រី​​បញ្ជាក់​ថា ​៖

ចំណុច​ទី​១​-​បន្តដំណើរ​ការ​ជា​ធម្មតា​​នៃ​ស្ថាប័ន​រដ្ឋ​ ដែល​​​ធ្លាប់​បាន​បញ្ជាក់​​ជា​ច្រើន​​លើក​កន្លង​រួច​មក​ហើយ ​ទាំង​ស្ថាប័ន​​នីតិ​ប្ប​​ញ្ញ​ត្តិ ​ទាំង​ស្ថាប័ន​​​នីតិ​​ប្រតិ​បត្តិ​​ ​ទាំង​ស្ថាប័ន​​តុលាការ ​។ ឥឡូវ​​​​គឺមាន​ប្រក្រតី​កម្ម​ទៅហើយ​ គ្មាន​អ្វី​ទេ ​….។ ​​​កុំ​ខ្វល់​ថា​អ្នកណា​គេមក​ឬមិន​មក ​អត​់​ខ្វល់​​អ្វី​ទាំ​ង​អស់ ​ការពិត​គឺ​វា​​ដូច្នេះ​ ។ ​ការ​ពិត​កាល​ពី​បុណ្យ​​មាឃ​បូជា​​កន្លងទៅ​ ទាំង​គ្រហស្ថ​​ ​ទាំង​ព្រះ​សង្ឃ​គឺ​បាន​​ប្រារព្ធ​​​​ពិធីបុណ្យ​​ដោយ​សុវត្ថិភាព ​ដូច្នេះ​​គឺ​វា​​ប្រក្រតី​កម្ម​ទៅ​ហើយ ​​ដំណើរ​​ការ​ធម្ម​តា​​ទៅ​ហើយ ​។ ​ដូច្នេះ​អំណាច​ទាំងអស់​របស់រដ្ឋ​ នីតិ​​ប្ប​ញ្ញត្តិ​ នីតិ​ប្រតិ​បត្តិ​​ និងតុលាការ​​ ត្រូវ​​តែ​​ដំណើរ​ការ​​ធម្មតា ​កុំ​ខ្វល់​​​ពីរឿងស្អី ​ជាប់​គាំង ​​ឬ​​មិន​ជាប់​គាំង​ ។ ​​ចំណុច​ទី​២​-​រក្សា​ស្ថិរភាព​​​នយោ​បាយ ​សន្តិ​សុខ​​​សណ្តាប់ធ្នាប់​​សង្គម ​។ ​​នេះជាបញ្ហា​សំខាន់​​ គ្មាន​​ប្រទេស​ណា​​​មួយ​អភិវឌ្ឍន៍​​ទៅ​​រួច​ក្នុង​​ស្ថាន​ភាព​នោះ​ទេ ​។ ដូច្នេះ​ការ​រក្សា​​ស្ថិរភាព​​​​នយោ​​បាយ​​​ សណ្តាប់​ធ្នាប់​​សង្គម​ ​គឺ​ត្រូវ​មាន​​ការ​ចូល​រួម​ការ​​​​​​​អនុ​វត្ត​​​ច្បាប់​​ផង ​​និង​ការចូល​រួម​របស់​ប្រជា​ជន​ផង ​។​ កិច្ច​ការដែល​កំពុង​​ធ្វើ​ដំណើរ​​នេះ ប្រជា​ជន​ត្រូវ​ការ​សេចក្តី​សុខ ​សប្បាយ​​ ​​មិ​ន​មែន​ត្រូវ​ការស្ទះ​ចរាចរណ៍​​តាមអំពើ​​ផ្សេង​ៗ​ទេ ​។​ ដូច្នេះ​គឺត្រូវ​ការពារ​ប្រជា​ពលរដ្ឋ​ ការ​ពារ​ប្រទេស ​​ការពារ​ភាព​សុខ​សាន្ត​​របស់​​ប្រជាពលរដ្ឋ ​។ ​ស្ថិរ​ភាព​​នយោ​បាយ​​ សន្តិស​ុខ​​ សណ្តាប់​ធ្នាប់​សង្គម​ត្រូវ​តែ​ធានា​​តាម​រយៈ​​ការអនុ​វត្ត​ច្បាប់​​និង​ការ​ចូល​​​រួម​​របស់​​ប្រជា​ជន​ផង ។ ​អ្នក​បំផ្លាញ​​សន្តិ​សុខ​ត្រូវ​ទទួល​​ខុស​ត្រូវ​​ចំពោះ​មុខ​ច្បាប់ ។ ​​

ចំណុចទី​៣-រក្សាស្ថិរ​ភាព​ម៉ាក្រូ​​សេដ្ឋ​កិច្ច ​ទប់ស្កាត់​​អតិ​ផរណា​​ និងជំរុញ​​កំណើន​​សេដ្ឋ​កិច្ច ​។ ស្ថិរភាព​​នយោ​បាយ​មិន​អាចរក្សា​​រយៈ​ពេល​​វែង​នៅ​ពេល​ដែល​ម៉ាក្រូ​​សេដ្ឋកិច្ច​​មិន​ត្រូវ​បាន​ធានា​​នោះ​ទេ ​។ ត្រូវ​ជំរុញ​​ផលិត​​​​កម្ម​​គ្រប់​​ផ្នែក​​ ទាំង​​កសិ​កម្ម ​ទាំង​ឧស្សាហ​កម្ម​​ និង​សេវា​​ ដើម្បី​ជំរុញ​​កំណើន​សេដ្ឋកិច្ច​​ឱ្យ​លើ​ស​ពី​៧% ។ ​​តាម​របាយ​ការណ៍​របស់​ក្រសួង​​កសិក​ម្ម ​ស្រូវ​ប្រាំង​​​ឆ្នាំ​នេះ​សម្រេច​បាន​​លើស​ផែន​ការ​​១១១% ។ ​ការ​ជំរុញ​បង្កើ​ន​ចំណូល​ និង​ធ្វើ​​វិចារណ​កម្ម​ចំណាយ​ ដើម្បី​ធានា​​ឱ្យ​ម៉ា​ក្រូ​​សេដ្ឋកិច្ច​​នៅរក្សា​បាន​​ល្អ ។ ​​គ្រាប់​បែក​អាច​សម្លាប់​មនុស្ស​​បាន​តែ​មួ​យចំនួន​​ណា​នោះ​ទេ ​​ប៉ុន្តែ​បើ​គ្រាប់​បែក​សេដ្ឋ​កិច្ច​​វិញ​ បើ​ម៉ា​ក្រូ​​សេដ្ឋកិច្ច​​បែក​ហើយ ​គឺ​បំផ្លាញ​​មនុស្ស​ទាំង​អស់ ​។ ​​ដូច្នេះ​ ​ការ​ប្រុង​ប្រយ័ត្ន​​នៅ​ក្នុងការ​គ្រប់គ្រង​​​ម៉ា​ក្រូ​សេដ្ឋ​កិច្ច​​​​​នេះ​​គឺត្រូវ​​ឱ្យ​ច្បាស់​លាស់ ។ គ្មាន​ការ​ចំណាយ​ណា​មួយ​ ដែល​វា​​ទៅ​​​ផុត​​ពីថវិកាដែល​​អាច​រក​បាន​​​នោះ​​​ទេ ​ការ​សន្យា​ខ្យល់​ប៉ុណ្ណេះ ​ប៉ុណ្ណោះ ​ប៉ុន្តែ​​ស៊ី​សង​គឺវា​អត់​លុយ ។ ​រឿង​នេះ​សំខាន់​ណាស់ ​​ប្រទេសមួយ​​នៅ​ក្នុង​ក្រប​ខណ្ឌ​​ថវិកា​ ក្បាល​​ចេញ​និងក្បាល​ចូល យ៉ាង​ហោច​​បំផុត​​ត្រូវឱ្យ​មាន​ភាពស្មើ​គ្នា ​​គឺវា​ល្អ​ ទំហំ​ចំណាយ​ឱ្យ​ស្មើ​នឹង​ទំហំ​​ចំណូល​ ហើយ​ល្អទៅ​ទៀត​​ បើសិន​ជាមាន​​អតិ​​រេក​ខ្លះ ​។ ​

​ផ្ទុយ​ទៅ​វិញ​​រក​បាន​១០០​ ​ចំណាយ​​៣០០​​ តើ​ត្រូវ​ដោះ​ស្រាយ​​​របៀប​មេ៉ច​ ? ​លើ​ពិភព​លោក​​​គ្មា​ន​ប្រទេស​​ណា​គេ​ឱ្យ​​ខ្ចី សម្រាប់​បើក​ប្រាក​់ខែ​ទេ​​ ហើយ​ជំនួយ​របស់គេ ក៏​គេមិន​ផ្តល់​​សម្រាប់​បើក​ប្រាក់​ខែ​ដែរ និង​ក៏​អត​់​មាន​​អ្នកណា​គេ​ឱ្យ​ខ្ចី​​ដែរ ។ ​សម្តេចមាន​ប្រសាសន៍​ថា ​វិធី​សល់​ជម្រើស​​មាន​តែ​ពីរ​ទេ ​ខ្ចី​​គេ​លែង​បាន ​កាត់​​មន្ត្រី​ចោល​​ពាក់​កណ្តាល ដើម្បី​​ឱ្យស្រប​ជាមួយ​ប្រាក់​​ខែ ឬកាត់​​២/៣​​​ចោល ។ ​​ដូច្នេះ​​សម្ពាធ​​អត​់​ការ​ងារ​​​​ធ្វើគឺ​កាន់​តែ​កើន ​ឬ​មួយ​​បោះ​ពុម្ព​ក្រដាស ​​ប្រាក​់​​ដើម្បី​យក​មក​​បើក​​ប្រាក់​ខែ​​ ​។ គ្រោះ​ថ្នាក់​​ណាស់​រឿង​បោះលុយ​បន្ថែម ​រាជ​រដ្ឋា​ភិបាល​​មិន​អនុ​វត្ត​ទេ ​។ ​ទាក​់​​ទិន​ទៅនឹង​ការ​បើក​​​​ប្រាក​់ខែ​មន្ត្រី​រាជ​ការ ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​​សង្កត់​ធ្ងន់​ថា ​​ចាប់​​ពី​​ពេល​នេះទៅ​ការ​បើក​ប្រាក់​ខែ​​របស់​មន្ត្រី​​រាជ​ការ​​កំណត់​​ឱ្យ​​រដ្ឋមន្ត្រី​របស់​ក្រសួង​ ស្ថាប័ន​ត្រូវ​មាន​ការ​​​ទទួល​​ខុស​ត្រូវ​ ។ ​អ្នក​នាំ​មុខគឺ​ក្រសួង​​មុខ​ងារ​សាធារណៈ​​​និង​​​​ក្រសួង​​សេដ្ឋកិច្ច​​និង​ហិរញ្ញ​វត្ថុ ​បន្ទាប់​​ទៅ​បញ្ជូន​​​ឯក​​​សារ​ត្រូវចុះ​ហត្ថលេ​ខា​​ រដ្ឋ​មន្ត្រី ​បើ​រដ្ឋមន្ត្រី​មិន​នៅ​ត្រូវ​ផ្ទេរ​​សិទ្ធិ​​ឱ្យ​ស្តី​ទី​ចុះ​​ហត្ថលេខា​​ដើម្បី​ឱ្យដឹង​ថា ​​ប្រាក់​ខែ​​របស់​មន្ត្រី​​រាជ​ការ​ដាច់​ខែ​ត្រូវ​បើក​ឱ្យ​បាន​តែ​ម្តង​ ។ ​ដើម្បី​​កុំ​ឱ្យ​វែក​ចក ​នេះគឺជា​ផ្នែក​មួយ​នៃ​កំណែ​ទម្រង់​​ដែល​​ទាក់​ទង​ទៅ​នឹង​ជីវភាព​មន្ត្រី​រាជការ​ជាមួយ​នឹង​បញ្ហា​ការគ្រប់​​គ្រង​កែ​​​ទម្រង់​​ហិរញ្ញ​​វត្ថុ​​សាធា​​រណៈ ។ ​

សម្តេច​មាន​ប្រសាសន៍​​​​ទៀត​​ថា ​មន្ត្រីរាជ​ការ​បណ្តា​ ក្រសួង​ស្ថាប័ន​នានា​​ បើសិន​ជា​ប្រាក​់ខែ​ក្រ​​បើក​នៅ​​យូរ​​ សូម​ឱ្យ​ចុះ​ប្រកាស​​​តាម​កាសែត​ទៅ​​​​ថា​រដ្ឋមន្ត្រី​​ក្រសួង​របស់​ខ្ញុំ​​គាត់​អាង​​ថា​​​គាត់​​ឆ្អែត​ហើ​​យ​គាត់​​អត់គិត​ដល់​មន្ត្រី​​ រាជ​ការ​​តូច​តាច​ដែល​មាន​ប្រាក់​ខែ​តិច ។ ​ទាក់​ទិន​នឹ​ង​ការ​បើក​​​​​ប្រាក់​ខែ​​នេះ​ដែរ​ សម្តេច​តេជោ ​នាយករដ្ឋមន្ត្រី​​បញ្ជាក់​ថា ​ថ្ងៃ​​ក្រោយ​​ ​រាជ​រដ្ឋាភិបាល​ នឹ​ង​ជំរុញ​​ឱ្យ​មន្ត្រី​​រាជ​ការ​ទាំង​​​អស់​ បើក​​ប្រាក់​ខែ​នៅតាម​​ធនាគារ​ទាំង​អស់​ចៀស​វាង​​កាត់​​​អ្វី​ផ្សេងៗ ​បើ​​បើក​តាម​ធនា​គារ​​​ខ្មោច​​វា​អត់​​ចេះមក​បើក​ប្រាក់​ខែ​ទេ ​ដូច្នេះមិន​​ចាំ​បាច់​​​​​ស្វែង​​រក​មន្ត្រី​​ខ្មោច​ ទាហាន​ខោ្មច​​ ប៉ូលិស​​ខ្មោច …​ខ្មោច​​​​អត់​កាន​់​កូនសៀវ​ភៅ​​ទៅ​ទេ ​ត្រូវ​កំណែ​ទម្រង់ ។ ​ចំណុចទី​៤- ​ប្រក្រតី​កម្ម​​ជីវភាព​សង្គម​​សេដ្ឋកិច្ច​របស់​ប្រជា​ជន ​នៅ​ពេល​ក្រោយ​​ទឹក​ជំនន់​​វាយ​ប្រហារ​នៅឆ្នាំ​​២០១៣ ​រាជរដ្ឋាភិបាល​បាន​​ខិតខំ​ធ្វើ​​​ជូន​ប្រជាពលរដ្ឋ ​ឥឡូវ​នេះ​បណ្តា​ហេដ្ឋា​រចនា​សម្ព័ន្ធ​កំពុងស្តារ ​ប្រឡាយ​ទឹក ​​​ផ្លូវ​ថ្នល់​​​បាក់​បែក ។ ​​​សម្រាប់​ជីវភាព​ប្រជាជន​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​ជួយ​​ប្រជាជន​ ​ដែល​ជួប​ការ​លំបាក ​ជួយ​ជំរុញ​ការ​បង្ក​បង្កើនផល​ ​ប្រជាជន​​នៅ​​តំបន់​​ជួបប្រទះ​​ទឹក​ជំនន់​​ឆ្នាំ​កន្លង​​ទៅត្រូវ​​យក​ចិត្ត​ទុក​ដាក់​​តាម​មើល​ឱ្យ​ដិតដល់​ ។

ចំណុច​ទី​៥-​យក​ចិត្ត​​ទុក​ដាក់​​ដល់​ជីវភាព​​មន្ត្រី​រាជ​ការ​​ កង​កម្លាំង​ប្រដាប់​អាវុធ​​ ក៏ដូចជា​​កម្មករ ​ក្នុងនោះ​​ពិនិត្យ​បញ្ហា​ទាក់​ទិន​​នឹង​ការដំឡើង​​បៀ​​វត្សរ៍​​​ឱ្យ​​វា​ស្រប​ទៅតាម​សេដ្ឋ​កិច្ច​​​​ និង​ថវិកា​​ដែល​អាច​ទ្រទ្រង់​បាន ។ រាជរដ្ឋា​ភិបាល​​​កំពុង​ឱ្យ​ពិនិត្យ​​មើ​ល​​​ត​ទៅ​ទៀត ​ដោយ​មិនចាំ​​បាច់​​រង​​់ចាំ​ដល់​​ឆ្នាំ​ក្រោយ​ទេ ។ ​​ផ្នែក​​កម្មករ​ក៏​ដូច្នេះដែរ បង្កើត​​គណៈ​កម្មការមួយ​របស់​ខាង​​​រាជរដ្ឋា​ភិបាល​​ដឹក​​នាំ​​​ដោយលោក​ឧបនាយ​​ក​រដ្ឋមន្ត្រី​​ប្រចាំ​ការ​ ដើម្បី​​ស្រាវ​ជ្រាវ​ពិនិត្យ​​មើល​​​អំពី​បញ្ហា​​កម្មករ ។ សម្រាប់​មន្ត្រី​រា​ជ​ការ​ រាជរដ្ឋាភិបាល​​កំពុង​រៀប​ចំ​ប្រព័ន្ធបៀ​វត្សរ៍​​មួយ​ ហើយ​ក៏​​ពិនិត្យ​​មើល​នូវ​លទ្ធ​ភាព​​ខាង​ថវិកា ​។ ​ការ​ពិត​ចំណាយ​​មក​ដល់​​​ពេល​​នេះ​​រហូត​​ដល់​៤៥% នៃ​​ចំណាយ​​ចរន្ត ​ទៅ​ហើយ​​ ដែល​ស្មើ​នឹង​៤,៥%​​​នៃ​ផលិត​ផល​​ក្នុង​ស្រុក​សរុប ​​​ក្នុងពេល​ដែល​ដាក់​ឱ្យ​​ត្រូវចំណាយ​​​បុគ្គលិក​​ត្រឹម​តែ​៤%​នៃ​ចំណាយ​​ចរន្ត ​។ ​ប៉ុន្តែ​បាន​​ចាយ​លើស ។ ចំណុច​ទី​៦ ​-ជំរុញ​​ការកែទម្រង់​​គ្រប​់​ផ្នែក​ គ្រប់​វិស័យ​​​ឱ្យ​បាន​ទូលំ​ទូលាយ ​ស៊ី​ជម្រៅ​​និង​​មាន​ប្រសិទ្ធ​​ភាពតាម​​គោល​នយោបាយ​​ ដែល​មាន​​ស្រាប់​ ។ ​​អ្វី​ដែល​​បាន​លើក​ពី​ខាង​​លើ​គឺ​វា​ទាក់​ទង​​ទៅ​នឹង​កំណែ​ទម្រង់​​ហើយ រាប់​​ទាំងការ​បើក​ប្រាក​់ខែ​​ក៏​ជា​ផ្នែក​មួយ​​នៃការ​កែ​​ទម្រង់​​​ដែរ​ ដើម្បី​បម្រើ​ឱ្យ​ចំ​គោល​​ដៅ​ចំពោះ​ជីវ​ភាព​របស់​មន្ត្រី​រាជ​ការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ ដែល​ពី​មុន​មាន​លឿន​ មាន​យឺ​ត​ផង បើ​​លឿន​​​​វា​មិន​អី​ទេ ប៉ុន្តែ​វា​ពិបាក​ត្រង់​មាន​ការ​យឺត​យា៉វ ។ មន្ត្រី​រាជ​ការ​តូច​តាច​គ្នា​មាន​ការ​លំបាក​ ប្រាក់​ខែ​វា​តិច​ហើយ​វា​យូរ​ទៀត​ ។ សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​បាន​ផ្តាំ​ផ្ញើ​ចំពោះ​បញ្ហា​មួយ​ចំនួន​ បើ​ធ្វើ​​មន្ត្រី​គឺ​ជា​អ្នក​បម្រើ​ប្រជា​ជន​ មិន​មែន​ធ្វើ​ចៅ​ហ្វាយ​ប្រជា​ជន​ទេ ត្រូវ​ចាំ​ឱ្យ​ច្បាស់​ត្រង់​កន្លែង​នេះ​ កុំ​ភ្លាម​ឡើង​ចូល​កាន់​ការិយា​ល័យ​ហើយ​ថា​ អញ​ជា​ចៅ​ហ្វាយ​ប្រជា​ជន​ គឺ​ពុំ​មែន​ដូច្នោះ​ទេ ។ យើង​ជា​អ្នក​ផ្តល់​សេវា​ឱ្យ​ពួក​គាត់​ មិន​មែន​ទៅ​ធ្វើ​ចៅ​ហ្វាយ​គាត់​ទេ ដូច​ពាក្យ​ចាស់​លោក​ថា​អត់​ខុស​ទេ «ឱន​​​ដាក់​គ្រាប់​ ងើយ​ស្កក​» ។

ចំណុច​នេះ​ជា​គុណ​ធម៌​ សីល​ធម៌​ របស់​មន្ត្រី​យើង​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ គ្មាន​អ្នក​ណា​ទទួល​បាន​ការ​ស្រឡាញ់​ពី​អ្នក​ដទៃ​នៅ​ពេល​ដែល​ខ្លួន​ធ្វើ​ឫក​ឆ្មើង​កន្ទ្រើង​នោះ​ទេ អត់​ទេ…។ កុំ​ថា​ឡើយ​គ្រហស្ថ​​ សូម្បី​តែ​ព្រះ​សង្ឃ​ក៏​គេ​មិន​ថ្វាយ​បង្គំ​​ដែរ​ គេ​ខ្ជិល​តែ​ម្តង គេ​គេច​​ ។ ត្រូវ​តែ​ខំ​ធ្វើ​មន្ត្រី​ជើង​ពីរ​ កុំ​ធ្វើ​មន្ត្រី​ជើង​១០​ បើ​​ធ្វើ​​មន្ត្រី​ជើង​១០​​ហើយ​ សុខ​ទុក្ខ​របស់​ប្រជា​ពល​រដ្ឋ​លែង​ដឹង​ហើយ​ ។ នេះ​ជា​ចំណុច​ដែល​មន្ត្រី​គ្រប់​រូប​ មិន​ថា​ថ្នាក់​ណា​​​ទេ ​ត្រូវ​តែ​ស្វែង​យល់​ឱ្យ​បាន​នូវ​សុខ​ទុក្ខ​របស់​ប្រជា​ពល​រដ្ឋ​ ។ ទាក់​ទិន​ទៅ​នឹង​បុគ្គ​ល​ដែល​​​ទារ​ភាសីុ​នៅ​តាម​​​ផ្សារ​នានា​ ក្នុង​ក្រុង​ក៏​ដូច​តាម​បណ្តា​ខេត្ត​ សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​ បាន​ឱ្យ​លោក​អភិ​បាល​រាជ​ធានី​​ភ្នំពេញ​កោះ​ប្រជុំ​អ្នក​ដែល​ទទួល​បាន​ក្នុង​ការ​​ទារ​​​ភាសីុ​ផ្សារ​ឱ្យ​បាន​ត្រឹម​ត្រូវ​ ។ កន្លង​មក​មាន​បាតុ​ភាព​អាក្រក់​យា៉ង​ខ្លាំង​ចំពោះ​អត្ត​ចរិត​​ បុគ្គល​ដែល​ទារ​លុយ​ភាសីុ​ បាន​សម្តែង​ចរិត​​​ទាត់​កញ្ច្រែង​ប្រជា​ជន​ដែល​ទៅ​លក់​ពុំ​ទាន់​មាន​លុយ​បង់​ដោយ​ប្រើ​ពាក្យ​ប្រមាថ​លើ​ប្រជា​ពល​រដ្ឋ​ ។ សម្តេច​តេ​ជោ​​បាន​​បញ្ជា​ឱ្យ​លោក ប៉ា​ សុជាតិ​វង្ស​ ធ្វើ​ការ​ឱ្យ​បាន​ហ្មត់​ចត់​ទៅ​លើ​បុគ្គល​ក៏​ដូច​ជា​មាន​ការ​​​អប់រំ​​ដល់​ម្ចាស់​ដែល​ដេញ​ថ្លៃ​ភាសីុ​បាន​តាម​ផ្សារ​នីមួយ​ៗ​ ។ ឮ​ចេញ​ពី​ផ្សារ​គ្រប់​ផ្សារ​ អ្នក​លក់​ដូរ​ក៏​ថ្ងូរ​ អ្នក​ទៅ​ទិញ​ទំនិញ​ប៉ះ​ពាល់​ គេ​មិន​ថា​អ្នក​ដេញ​ភាសីុ​​​​ទេ… ស្អី​ក៏​គេ​ថា​ នាយក​រដ្ឋ​មន្ត្រី​ ស្អី​ ហ៊ុន សែន​ ទៀត- តុលាការ​កាត់​ក្តី​អយុត្តិ​ធម៌​ ហ៊ុន សែន ទៀត… ។ ក្នុង​ពេល​អំណាច​តុលាការ​​គេ​​ឯក​រាជ្យ​របស់​គេ​ ។ សូម​លោក​អភិបាល​រាជ​ធានី​​​តាម​មើល​ផង​ ​​កុំ​​ឱ្យ​អ្នក​ដែល​បាន​ទទួល​ដេញ​ភាស៊ី​​ទៅ​ធ្វើ​ផ្តេស​ផ្តាស​ ឱ្យ​មើល​​ត្រង់​ហ្នឹង​ផង​ ។ មាន​ផ្សារ​ខ្លះ​​ធ្វើ​ឱ្យ​ទាំង​ស្រុង​ ប៉ុន្តែ​ឥរិយា​បថ​​​​អ្នក​ដែល​យក​ភាស៊ី​​ ឱ្យ​វា​ល្អ​មើល​ផង​ ។

សម្តេច​តេជោ​នាយក​​រដ្ឋ​មន្ត្រី​​បញ្ជាក់​ថា ​ខ្មែរ​យើង​មាន​ពាក្យ​​ជាប់​គ្នា​ ទទួល​ខុស​ត្រូវ​ គឺ​ខ្មែរ​ទទួល​ទាំង​ខុស​ផង​ ទាំង​ត្រូវ​ផង​ ។ ឥរិយា​បថ​​ជា​មន្ត្រី​មិន​ល្អ​ទេ បើ​សិន​​​ទទួល​យក​តែ​ខាង​ត្រូវ ចំណែក​ខុស​មិន​ទទួល​យក​ ​​ឆ្លើយ​ដាក់​​​​អ្នក​ដទៃ​នោះ​ ​រាប់​តាំង​ពី​គោល​នយោ​បាយ​​ដែល​រាជ​រដ្ឋា​ភិបាល​បាន​ដាក់​ចេញ​ ។ ​ជួន​កាល​គោល​នយោ​បាយ​​ដែល​ដាក់​ចេញ​ទៅ វា​អត់​ស្រប​នឹង​សភាព​ការណ៍​មូល​ដ្ឋាន​ ដូច​ជា​បញ្ហា​ឡូត៍​​នេសាទ ខំ​កាត់​​អស់​៥៦% រួច​នៅ​សល់​បន្តិច​ ហើយ​​នៅ​សល់​នោះ​​​​មាន​បញ្ហា​​​ទៀត ។ ដូច្នេះ​ដើម្បី​ឱ្យ​វា​ស្រប​​ជា​មួយ​នឹង​សភាព​ការណ៍​ដែល​បច្ចុប្បន្ន​ទឹក​រាក់​ត្រី​តិច មនុស្ស​ច្រើន​ ។ កាល​ពី​​ពេល​​មុន​ឆ្នាំ​១៩០៨​ ព្រះ​បាទ​ស៊ី​សុវត្ថិ​បាន​ដាក់​ចេញ​ តាម​រយៈ​ព្រះ​រាជ​ក្រឹត្យ​​អំពី​ឡូត៍​នេសាទ​ ប៉ុន្តែ​ដំណាក់​កាល​នោះ​ប្រជា​​ជន​តិច​​ ទឹក​ជ្រៅ ត្រី​ច្រើន​ ។ ​មក​​ដល់​​​ឆ្នាំ​២០១២​ ថ្ងៃ​ទី​៨ ខែ​​មីនា​​ ​ខ្ញុំ​ប្រកាស​លុប​ឡូត៍​នេសាទ​​ចោល​ទាំង​អស់​ ​ព្រោះ​ដំណាក់​កាល​នេះ​​មិន​អាច​ទុក​ឡូត៍​នេសាទ​បាន​តទៅ​ទៀត​ទេ ទឹក​រាក់​ត្រី​តិច មនុស្ស​ច្រើន ។ ជម្លោះ​អ្នក​ធ្វើ​ស្រែ​​ប្រាំង និង​អ្នក​​នេសាទ ​​វិធី​ល្អ​គឺ​ប្រគល់​ឡូត៍​នេសាទ​ជូន​ប្រជា​ជន​តែ​ម្តង ។ តំបន់​អភិ​​រក្ស​មួយ​ចំនួន​ត្រូវ​​ទុក ។ ដូច្នេះ​សូម្បី​តែ​នយោ​បាយ​របស់​រដ្ឋ​ ក៏​ត្រូវ​​កែ​ដែរ​ មិន​មែន​ដាក់​ទៅ​ត្រូវ​​​ទាំង​អស់​នោះ​ទេ ។​

​មួយ​ទៀត​ពាក្យ​ខ្មែរ​ថា «រួម​សុខ​ រួម​ទុក្ខ» សូម​មន្ត្រី​ទាំង​អស់​ចង​ចាំ​ កុំ​រួម​តែ​សុខ ដល់​​ពេល​ទុក្ខ​រត់​ចោល​គេ​ ។ អ្នក​ខ្លះ​ពូកែ​ណាស់ ស៊ូ​ស្លាប់​ជាមួយ​គ្នា ក៏ប៉ុន្តែ​​មិន​ស៊ូ​ងាប់​ជាមួយ​គ្នា​ទេ ។ ​បើ​រួម​សុខ​រួម​ទុក្ខ​ជាមួយ​​គ្នា​ បើ​​​​ពេល​ណា​លំបាក​គឺ ត្រូវ​នៅ​ជាមួយ​គ្នា​​ ពេល​ណា​ស្រួល​​ក៏​​នៅ​ជាមួយ​ ​​​នេះ​ជា​ចំណុច​ជួយ​រំឭក​ ​។ ក្នុង​​​សុន្ទរ​កថាស្វាគមន៍​ លោក ពេជ្រ ប៊ុន​ធិន រដ្ឋ​​មន្ត្រី​ក្រសួង​មុខ​ងារ​សាធារណៈ​ ​បាន​មាន​ប្រសាសន៍​​​​ថា សាលា​ភូមិន្ទ​រដ្ឋ​បាល​​ធ្វើ​ទំនើប​កម្ម​ជា​ប្រចាំ​​កម្ម​វិធី​បណ្តុះ​បណ្តាល​ និង​អភិ​វឌ្ឍ​ន៍​​សមត្ថ​ភាព និង​បង្កើន​គុណភាព​ដល់​មន្ត្រី​-សិស្ស​ តាម​រយៈ​ការ​ពង្រឹង​ការ​គោរព​​​​​​​​វិន័យ​​បាន​ល្អ​នៅ​ក្នុង​សាលា​ ​ដែល​ទង្វើ​​​នេះ​អាច​​ជួយ​​បង្កើន​​ទម្លាប់​​ល្អ​ពេល​​​បម្រើ​​​ការ​ងារ​​​ប្រកប​ដោយ​​​ភាព​ថ្លៃថ្នូរ​​និងមាន​សីល​ធម៌​​​វិជ្ជា​ជីវៈ​​ ។ ​​​នេះ​​ក៏​​​ជា​​ការ​ឆ្លើយ​តប​​ទៅ​នឹង​​តម្រូវការ​​​ចាំបាច់​នៃការ​វិវត្ត​​របស់​​​បេកកសកម្ម​​​​ផ្ដល់សេ​វា​សាធារណៈ​និង​ស្រប​ទៅ​តាម​លក្ខខណ្ឌ​​តម្រូវ​នៃ​ការ​​ធ្វើ​ទំនើប​កម្ម​មុខ​ងារ​សាធារណៈ​និង​ទំនើប​​កម្ម​រដ្ឋ​ ។ ​​លោក​រដ្ឋមន្ត្រី​បន្ត​ថា សាលា​បាន​បញ្ចូល​​​មុខ​វិជ្ជា​និង​​វិធីសាស្ត្រ​គរុកោសល្យ​​ថ្មី​ដូច​ជា​ ករណី​​សិក្សា​​ដែល​សង្កត់​ធ្ងន់​លើ​ការ​ងារ​អនុវត្ត​​ជាក់​ស្ដែង​​​ពាក់ព័ន្ធ​នឹង​គោល​នយោបាយ​​សាធារណៈ​និងកិច្ច​ការ​រដ្ឋបាល​​ ហើយ​បញ្ចូល​​ចំណេះ​ដឹង​​ខាង​ទ្រឹស្ដី​​នៅក្នុង​តថ​ភាព​នៃសកម្ម​ភាព​ស្ថាប័ន​ ។

វិធីសា​សាស្ត្រ​​​​​គរុ​កោសល្យ​​ថ្មីនេះ​​ ​ក៏រួម​បញ្ចូល​ផង​ដែរ​នូវ​កម្មវិធី​​​សិក្ខាសាលា​ សន្និសីទ​ និង​​​ទស្សន​កិច្ច​​​សិក្សា​ ​ដែល​ភ្ជាប់​​ទ្រឹស្ដី​​ជាមួយការ​អនុវត្ត​​ជាក់​​ស្ដែង​ ។ ទន្ទឹម​​​នឹង​កិច្ច​ប្រឹង​ប្រែង​​ធ្វើ​​​​​​​ទំនើប​កម្ម​បណ្ដុះ​បណ្ដាល​​ឱ្យ​​ឆ្លើយ​តប​​​​ទៅ​នឹង​​​​​បរិការណ៍​កម្ពុជា​នេះ​​ ​សា​លា​ភូមិ​រដ្ឋបាល​​បាន​ពង្រឹង​​​និង​អភិ​​វឌ្ឍន៍​ផង​ដែរ​​​ ​នូវ​កិច្ច​​សហ​ប្រតិ​​បត្តិការ​​​បច្ចេក​ទេស និង​គរុកោសល្យ​ជាមួយ​​ស្ថាប័ន​ក្នុង​ស្រុក​និង​បរទេស​​ ​ក្នុង​គោល​បំណង​​​ធ្វើ​ឱ្យ​​លក្ខខណ្ឌ​​បណ្ដុះបណ្ដាល​​មន្ត្រី​រាជការ​​​គ្រប់​វិស័យ​​ទាំង​អស់​​​មាន​លក្ខណៈ​កាន់​តែ​ប្រសើរ​​ឡើង​ជាលំដាប់​​ពីមួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​​ ។ បន្ទាប់មក​ ​សម្ដេច​​តេជោ​នាយក​រដ្ឋមន្ត្រី​​​ ​បាន​ប្រគល់​​ជូន​សញ្ញាបត្រ​ដល់​លោក​ស៊ូ ផល្លី​ ​មន្ត្រី​ជាន់ខ្ពស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជំនាន់​កំណែទម្រង់រដ្ឋ​ ៕