ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូចុះពិនិត្យប្រព័ន្ធធារាសាស្ត្របូមទឹកបញ្ជូលស្រូវប្រាំង ៣ឃុំ ក្នុងស្រុកមង្គលបូរី ដែលកំពុងប្រឈមខ្វះទឹកចំនួន ៣,២០០ហិកតា កាលពីរសៀលថ្ងៃទី១៧ កុម្ភៈ ២០១៤។
លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានប្រាប់ថា ក្រោយពេលទទួលការណែនាំពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលបានជួយជាម៉ាស៊ូតចំនួន ២,០០០លីត្រ ដើម្បីបូមទឹកដាក់ស្រូវប្រាំង បងប្អូនប្រជាកសិករចំនួន ៣ឃុំ នៅស្រុកមង្គលបូរី មានឃុំស្រះរាំង ឃុំតាឡំ ឃុំគោកបល្ល័ង្គ។
លោក ប៉ាង វណ្ណាសេដ្ឋ អនុប្រធានមន្ទីរកសិកម្មខេត្ត បានបន្តថា ខេត្តបន្ទាយមានជ័យ នៅឆ្នាំ២០១៤ ប្រជាកសិករធ្វើស្រូវប្រាំងបានសរុបចំនួន ១២,៣៩៨ហិកតា ដែលមានផែនការដាំដោះចំនួន ៦,៧០០ហិកតា លើសផែនការចំនួន ១៨,៥០៤ហិកតា ដោយឡែកនៅស្រុកមង្គលបូរី មានចំនួន ៦,៩៨២ហិកតា ដែលមាន ៣ឃុំ ប្រឈមការខ្វះខាតទឹកមានចំនួន ៣,២០០ហិកតា។
ឯកឧត្តម កែ គឹមយ៉ាន បានមានប្រសាសន៍ឲ្យដឹងថា នៅពេលដែលដឹកនាំប្រតិភូចុះពនិត្យពីប្រព័ន្ធធារាសាស្គ្រនៅស្រុកមង្គលបូរី ក្រោយពេលឃើញប្រជាកសិករបង្កបង្កើនស្រូវប្រាំង គឺកំពុងប្រឈមការខ្វះខាតទឹក ហើយបានជួយប្រេងឲ្យអាជ្ញាធរខេត្ត និងមន្ទីរជំនាញ ចុះអន្តរាគមន៍បូមទឹកដាក់ស្រូវជូនប្រជាកសិករ បានចំនួន ៣ឃុំ។
ហើយបានដាក់វិធានការឲ្យអាជ្ញាធរខេត្ត និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវស្តារប្រឡាយប្រវែង ១,៧០០ម៉ែត្រ ព្រមទាំងយកអាចដីដាក់លើខ្នងប្រឡាយធ្វើផ្លូវនៅឃុំតាឡំ។ ឆ្លៀតក្នុងឱកាសចុះពិនិត្យប្រព័ន្ធធារាសាស្គ្រស្រុកមង្គលបូរីនោះ ឯកឧត្តម កែ គឹមយ៉ាន បាននាំយកអំណោយមានសារុងចែកជូនដល់ប្រជាកសិករ ដែលកំពុងបូមទឹកដាក់ស្រូវប្រាំងផងដែរ៕
ចែករំលែកព័តមាននេះ