ខេត្តកំពង់ឆ្នាំង ៖ ត្រីចម្លែក១ក្បាលមានប្រវែង១,២៧ម៉ែត្រ ទម្ងន់៧,២០គីឡូក្រាមត្រូវបានប្រជាពលរដ្ឋជាជនពិការដៃម្នាក់ បង់សំណាញ់បាន កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី១៤ កុម្ភៈ នៅក្នុងទំនប់ចាក់ទឹម ភូមិកោះខ្ទម ឃុំជៀប ស្រុកទឹកផុស ។
ត្រីចម្លែកនោះមានក្បាលដូចអន្ទង់ មានដុះចែខាងមុខធំៗ រាងដូចត្រីរ៉ស់ តែគ្មានស្រកាទេ ដូចត្រីអណ្ដែង មានព្រុយសងខាងដូចស្លឹកត្រចៀក និងមានកន្ទុយខាងក្រោយមិនដូចត្រីទេ គឺកំបុតឆ្កុយ ។ ស្រ្ដីឈ្មោះ ឡាយ យុំ អាយុ ៤៥ឆ្នាំ មានកូន៦នាក់ មុខរបរធ្វើស្រែ រស់នៅក្នុងភូមិចំការមុច ឃុំជៀប ស្រុកទឹកផុស បាននិយាយឱ្យដឹងថា ប្ដីគាត់ឈ្មោះ អិត បូរ អាយុ ៣៥ឆ្នាំ ពិការដៃម្ខាងត្រឹមកដៃស្ដាំ ។ នៅល្ងាចថ្ងៃទី១៤ កុម្ភៈ គាត់ទៅបង់សំណាញ់បានត្រីចម្លែកមួយក្បាលនេះ ដែលមានទម្ងន់៧,២០គីឡូក្រាម ប្រវែង១,២៧ម៉ែត្រ ហើយបានចិញ្ចឹមដាក់ក្នុងពាងទុកឱ្យអ្នកស្រុកមើល ។
បន្ទាប់មក នៅព្រឹកថ្ងៃទី១៥ កុម្ភៈ មានមនុស្សរាប់រយនាក់មកសុំមើល និងសុំកាន់ថតរូបជាបន្ដបន្ទាប់ ស្រាប់តែនៅយប់ថ្ងៃទី១៦ កុម្ភៈ ត្រីនោះក៏ងាប់បាត់ទៅ ហើយគាត់បានក្លាស្សេទឹកកកទុក ព្រោះតែនៅមានមនុស្សមកសុំមើលជាបន្ដបន្ទាប់ទៀត និងបានឱ្យប្រាក់ក្នុងម្នាក់៥០០រៀលទៅ១.០០០រៀលដែរ គ្រាន់បានដោះស្រាយការខ្វះ
ខាត ។ ទន្ទឹមនោះ គាត់បានរកគ្រូទស្សន៍ទាយក្នុងភូមិមើល គ្រូទាយនិយាយថា ស្ដេចត្រីនេះរស់នៅក្នុងជ្រោះភ្នំចាក់ទឹម មានអាយុ២០ឆ្នាំហើយ។ ក្រុមគ្រួសារគាត់បានគិតគ្នាថា នៅថ្ងៃទី២២ កុម្ភៈ ជាគម្រប់ថ្ងៃទី៧ដែលស្ដេចត្រីងាប់ ។ ក្រុមគ្រួសារគាត់នឹងរកអាចារ្យ ព្រះសង្ឃមកធ្វើពិធីបញ្ចុះ និងពូនផ្នូរស្ដេចត្រីនេះឱ្យបានសមរម្យដើម្បីសុំសេចក្ដីសុខ និងកុំឱ្យមានកម្មពៀរវេរាទៅជាតិក្រោយឱ្យសោះ ។
បុរសចំណាស់ម្នាក់ ជាមន្ដ្រីបរិស្ថានក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់បានឱ្យដឹងថា មិនមែនជាត្រីចម្លែកទេ ត្រីនេះជាត្រីទក់ ដែលរស់នៅក្នុងទឹកជ្រោះព្រៃភ្នំតែប៉ុណ្ណោះ គាត់ធ្លាប់ឃើញខ្លះមានទម្ងន់រហូតដល់ទៅ៣០គីឡូក្រាមឯណោះ ។ តាមការពិនិត្យជាក់ស្ដែង ត្រីនេះមានរូបរាងដូចអន្ទង់ តែខុសគ្នាត្រង់វាមានព្រុយដូចត្រី ដុះសាច់នៅសងខាងមាត់ដូចដុះចែ ។ ចំណែកការងាប់របស់ស្ដេចត្រីនេះត្រូវបានគេសន្និដ្ឋានថា បណ្ដាលមកពីអ្នកមើលចាប់យកមកថត មើលចុះមើលឡើងច្រើនពេកបណ្ដាលឱ្យត្រីនេះអស់រំអិល និងការចិញ្ចឹមក្នុងពាងគ្មានអុកស៊ីសែន គ្មានចំណី ទើបបណ្ដាលឱ្យវាងាប់ ។
ការងាប់ត្រីដ៏កម្រនេះគឺជាការសោកស្ដាយមួយដែលអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានគួរតែយល់ដឹង និងមានបទពិសោធន៍ក្រោយៗទៀត បើមានការចាប់បានដូចខាងលើនេះ គួរតែឆាប់លែងទៅកន្លែងធម្មជាតិវិញ ដើម្បីរួមគ្នាអភិរក្សកុំឱ្យបាត់បង់ពូជត្រីដ៏កម្រនេះ ៕
ចែករំលែកព័តមាននេះ