ខេត្តបន្ទាយមានជ័យ ៖ រថយន្តកាមរីសេ៊រីឆ្នាំ១៩៩៣មួយគ្រឿងបានត្រូវចោរលួចពីក្រុងប៉ោយប៉ែត កាលពីវេលាទៀបភ្លឺ ថ្ងៃទី១៧ កុម្ភៈ ប៉ុន្តែជាអកុសលពេលទៅដល់ក្រុងសិរីសោភ័ណជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍បុកបង្គោលគីឡូម៉ែត្រតាមដងផ្លូវ បណ្តាលឱ្យរថយន្តខូចខាតស្ទើរតែទាំងស្រុង ទើបម្ចាស់ដឹង ។
រថយន្តដែលចោរលួចនេះមា៉កកាមរីពណ៌ស្ករចង្កូតស្តាំ ពាក់ស្លាកលេខភ្នំពេញ 2E-4997 ជារបស់ឈ្មោះ ប៉ែន វឌ្ឍនា ភេទប្រុស អាយុ៣៤ឆ្នាំ ជាអាជីវករលក់ដូរ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ តាមម្ចាស់រថយន្តឱ្យដឹងថា កាលពីវេលាម៉ោងប្រហែល១០យប់ ថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០១៤ គាត់បានចតរថយន្តទុកមុខផ្ទះ ហើយភ្លេចដកសោចេញ ស្រាប់តែព្រឹកឡើងបាត់រថយន្តតែម្តង ។ ទោះជាយា៉ងណា ម្ចាស់រថយន្តរូបនេះប្រាប់ថា គាត់បានទទួលព័ត៌មានពីសមត្ថកិច្ចក្រុងសិរីសោភ័ណ នៅព្រឹកថ្ងៃទី១៧ កុម្ភៈ ថា រថយន្តគាត់ត្រូវជនមិនស្គាល់អត្តសញ្ញាណបើកបុកបង្គោលគីឡូម៉ែត្រតាមដងផ្លូវជាតិលេខ៦ ឆ្ពោះទៅខេត្តសៀមរាប ធ្លាក់ស្នាមភ្លោះក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ធ្វើឱ្យរថយន្តខូចខាតស្ទើរទាំងស្រុង កាលពីវេលាម៉ោងជាង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ កុម្ភៈ ហើយអ្នកបើកបរបានគេចខ្លួនបាត់ ។
ម្ចាស់រថយន្តបន្តទៀតថា ពេលនេះរថយន្តរបស់គាត់ត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ។ លោក សីុវ សុជាតិ អធិការនគរបាលក្រុងសិរីសោភ័ណ ប្រាប់តាមទូរស័ព្ទថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ ពិតជាកើតមានមែន ប៉ុន្តែរថយន្តនោះមិនដឹងជារបស់នរណានៅឡើយទេ ព្រោះកន្លែងកើតហេតុមិនឃើញនរណាម្នាក់ឡើយ ហើយពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕
ចែករំលែកព័តមាននេះ