ខេត្តកណ្តាល ៖ បទល្មើសជលផលបាននិងកំពុងមានសកម្មភាពទាំងយប់ទាំងថ្ងៃយា៉ងអនាធិបតេយ្យនៅតាមបឹងបួ អូរ ព្រែក ទន្លេ ក្នុងភូមិសាស្ត្រស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក ស្រុកកៀនស្វាយ គ្រប់រដូវកាល ហើយមិនដែលឃើញមានអាជ្ញាធរ កម្លាំងសមត្ថកិច្ចឬមន្ត្រីជំនាញ ដែលប្រចាំការឈរជើងនៅតាមដែនដីទាំងនោះចាត់វិធានការទប់ស្កាត់ឬបង្ក្រាបឱ្យមានប្រសិទ្ធភាពឡើយ ។
បទល្មើសជលផលដែលកំពុងមានសកម្មភាពយា៉ងគគ្រឹកគ្រេងនៅដែនដីក្នុងស្រុកទាំង៤ខាងលើនេះ មានដូចជា ឡុកស្បៃមុង សៃយឺុន ការដាក់សម្រាស់បូមបាច ឆក់ដុំក្តៅ ឆក់ដុំត្រជាក់ និងការលួចនាំកូនត្រីឆ្តោខុសច្បាប់ឆ្លងដែនពីប្រទេសវៀតណាមយកមកលក់ឱ្យប្រជាពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ចិញ្ចឹមព្រោងព្រាតនៅតាមស្រះ និងបែផងដែរ ។ ដោយឡែក អស់លោកមន្ត្រីជំនាញ អាជ្ញាធរសមត្ថកិច្ចក្នុងដែនដីទាំងនោះ បែរជាធ្វើព្រងើយកន្តើយទុកឱ្យក្រុមអ្នកប្រព្រឹត្តបទល្មើសនេសាទទាំងនេះធ្វើសកម្មភាពយា៉ងរលូន ប្រមូលផលត្រីមួយថ្ងៃៗរាប់តោន ។ ភាពព្រងើយកន្តើយនេះធ្វើឱ្យប្រជាពលរដ្ឋនាំគ្នារិះគន់ថា មកពីមានមន្ត្រីសមត្ថកិច្ចខិលខូចមួយចំនួនឃុបឃិតគ្នា បើកភ្លើងខៀវ និងនៅពីខាងក្រោយខ្នងបទល្មើសទាំងនេះ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជារៀងរាល់ឆ្នាំឱ្យតែដល់រដូវទឹកសម្រក គេសង្កេតឃើញមានក្រុមអ្នកប្រព្រឹត្តបទល្មើសនេសាទទាំងខ្មែរ និងវៀតណាម ធ្វើនេសាទត្រីនៅតាមបឹងបួ អូរ ទន្លេ ព្រែក ដូចហ្វូងគោ ហើយគេឃើញមានអស់លោក កងកម្លាំងសមត្ថកិច្ច ប៉ូលិស ប៉េអឹម យោធា និងមន្ត្រីជំនាញចុះទៅប្រចាំការនៅតាមបឹង បួ ស្រុកទាំង៤ខាងលើនេះ តែពុំមែនចុះទៅទប់ស្កាត់ឬបង្ក្រាបបទល្មើសទេ គឺចុះទៅបង្កើតបទល្មើសនេសាទទៅវិញ ។ ប្រភពព័ត៌មានបានលើកឡើងថា បើថ្នាក់លើមិនប្រើធម៌ក្តៅទៅលើមន្ត្រីខិលខូចមួយចំនួននេះទេ ទៅថ្ងៃខាងមុខធនធានមច្ឆជាតិ នឹងរលាយហិនហោចជាមិនខាន ព្រោះអ្នកនៅពីខាងក្រោយខ្នងនៃបទល្មើសសុទ្ធតែជាមន្ត្រីអនុវត្តច្បាប់ខិលខូចមួយចំនួន ។
ពាក់ព័ន្ធនឹងបទល្មើសនេសាទយា៉ងអនាធិបតេយ្យនៅក្នុងស្រុកទាំង៤នៃខេត្តកណ្តាលនេះ អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ឃ្លាំង វណ្ណថុល នាយខណ្ឌរដ្ឋបាលជលផលកណ្តាលបានទេ នៅថ្ងៃទី១៣ កុម្ភៈ ៕
ចែករំលែកព័តមាននេះ