ខេត្តព្រះសីហនុ-ព្រៃនប់ ៖ សេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ភ្លៀងបានធ្លាក់យ៉ាងគំហុក ធ្វើឱ្យទឹកបានជន់ឡើងខ្លាំង និងគំរាមកំណាត់ផ្លូវជាតិលេខ០៤ ត្រង់ចំណុចតំបន់សេដ្ឋកិច្ចពិសេស (ចេជៀង) នៅគីឡូ ម៉ែត្រ១៧៥ អាជ្ញាធរបានសម្រេចផ្អាកការធ្វើចរាចរណ៍មួយចំហៀងផ្លូវ ដោយសារមានទឹកហូរខ្លាំងពេក បង្កឱ្យលិចផ្លូវជាតិលេខ៤បណ្តើរៗ តែអាជ្ញាធរកំពុងព្យាយាមដោះស្រាយហើយ ដោយធ្វើការជម្លៀសពលរដ្ឋចេញជាបន្ទាន់ ។
សេចក្តីរាយការណ៍បន្តថា ជាមួយគ្នានោះ មានប្រជាពលរដ្ឋប្រមាណជា១០០គ្រួសារ ត្រូវបានអាជ្ញាធរ ជម្លៀសចេញជាបណ្តោះអាសន្នពីតំបន់នោះ ដោយសារនៅប៉ែកខាងលើមានអាងទំនប់ទឹក ដែលស្តុកទឹករាប់ពាន់ម៉ែត្រគូប ដូច្នេះ ខ្លាចបាក់ទំនប់មក ហើយអាជ្ញាធរឃុំ ជាពិសេសអភិបាលស្រុកបានចាត់ឱ្យកម្លាំងត្រូវជម្លៀសប្រជាពលរដ្ឋចេញជាបន្ទាន់ ។
គិតមកទល់ម៉ោង០២ និង២០នាទីរសៀលថ្ងៃទី០៩ សីហា ដដែលនេះ ចរាចរណ៍នៅតំបន់ខាងលើ គឺកំពុងមានការកកស្ទះចរាចរណ៍យ៉ាងចង្អៀតតែម្តង ។ ទោះបីយ៉ាងណានោះ សូមបងប្អូនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពរបស់ខ្លួនឯង ។ (សម្រួលដោយ៖ ស្រីណា)
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ