រាជធានីភ្នំពេញ ៖ នៅមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងប្រារព្ធនៅពាក់កណ្តាលខែ
មេសា ឆ្នាំ២០២៥ ខាងមុខនេះ ប្រជាពលរដ្ឋនឹងអាចធ្វើដំណើរតាមស្ពានខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជា ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាតិ៍បាន ខណៈមកដល់ពេលនេះ ស្ពានបានសាងសង់សម្រេច៩៣%ហើយគ្រោងដាក់ដំណើរការបណ្តោះអាសន្ននៅមុនចូលឆ្នាំថ្មីព្រៃណីជាតិខ្មែរ ។
យោងតាមក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ស្ពានលេខ២៨ ដែលខ្ពស់ជាងគេ (មានកម្ពស់៩០ម៉ែត្រ ប្រវែង៥៣០ម៉ែត្រ) សម្រេចបាន៩៣% គ្រោងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈពេលដែលផ្លូវជាតិលេខ១០ (អតីតផ្លូវជាតិ១៥៥១) ស្រុកសំឡូត ស្រុកវាលវែង ក្រុងខេមរភូមិន្ទ សម្រេចបាន៩៦,១៦% ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១០ (អតីតផ្លូវជាតិ១៥៥១) ដោយមានការចូលរួមពីលោក-លោកស្រី ជាថ្នាក់ដឹកនាំក្រសួងដែលទទួលបន្ទុកការងារ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ ។
ការងារសាងសង់ផ្លូវជាតិលេខ១០ (អតីតផ្លូវជាតិ១៥៥១) ប្រវែងសរុប១៩៨,៥១ គីឡូម៉ែត្រ (PK០០០+០០០ – PK១៩៨+៥១៨) ចាប់ពីផ្លូវជាតិលេខ៥៧-៧ ត្រង់PK ៣៥+៩០០ ស្ថិតក្នុងភូមិបញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ត្រង់ PK១+៧០០ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ គម្រោងនេះ បានជួបនឹងផលប៉ះពាល់បរិស្ថានជាច្រើន ដែលតម្រូវឱ្យមានការផ្លាស់ប្តូរគន្លងផ្លូវថ្មីពី East Line មក West Line មានប្រវែង ៦៥,៧៤ គីឡូម៉ែត្រ ខណៈបច្ចុប្បន្នសម្រេចការសាងសង់បាន៩៦,១៦% គិតត្រឹមខែធ្នូនេះ។
ក្រសួងសាធារណការបានលើកឡើងថាស្ពានលេខ២៨នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ គឺជាស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលមានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប៥៣៧ម៉ែត្រ បច្ចុប្បន្ន ស្ពានខ្ពស់ជាងគេនេះ សម្រេចការសាងសង់បាន៩៣%ហើយ ដែលមានន័យថា ស្ពាននេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។
ស្ពាននេះ ស្ថិតក្នុងគម្រោងស្ថាបនាផ្លូវជាតិលេខ១០ មានចំណុចកណ្តាលស្ពានស្ថិត នៅត្រង់គីឡូម៉ែត្រលេខ ១២៨+៩០៥ ហើយកាត់តាមជ្រលងស្ទឹងឫស្សីជ្រុំ មានមុំប្រសព្វ ៩០ដឺក្រេ។ សំណង់ផ្នែកខាងលើមានធ្នឹមប្រភេទអក្សរ “T” ផ្នែកខាងកើតមាន៤ប្រឡោះ ផ្នែកកណ្តាលជាប្រភេទធ្នឹមប្រអប់ខ្សែកាបទាញមាន៣ប្រឡោះ និងផ្នែកខាងលិចប្រ ភេទធ្នឹមអក្សរ “T” មាន៥ប្រឡោះ ចំណែកឯសំណង់ផ្នែកខាងក្រោមមានទម្រក្បាលស្ពាន និងធ្នឹមទទឹង (សម្រាប់ទ្រធ្នឹមប្រភេទអក្សរ “T”) ប្រើសសរមូលជួរឈរ និងប្រភេទគ្រឹះខួង ព្រមទាំង ធ្នឹមទទឹងប្រើសសរបែបជញ្ជាំងជួរឈរ និងប្រភេទគ្រឹះខួង៕
ចែករំលែកព័តមាននេះ