ស្ត្រីគ្រប់រូបនៅពេលដល់វ័យគ្រប់ការតែងតែមានការធ្លាក់ឈាមរដូវ (មករដូវ) ជារៀងរាល់ខែដែលខុសពីបុរសៗ ។ ការមករដូវនេះគឺជាលក្ខណៈកត់សម្គាល់ពីសុខភាពរបស់ស្ត្រី ខណៈឈាមរដូវមកទៀងទាត់ ឬមិនទៀងទាត់ ។ កាលបើស្ត្រីមករដូវទៀងទាត់រាល់ខែមានន័យថា សុខភាពរបស់ស្ត្រីមានលក្ខណៈល្អប្រសើរ តែបេើស្ត្រីមករដូវមិនទៀងទាត់វិញនោះ គឺបញ្ជាក់ថា ស្ត្រីរូបនោះមានសុខភាពមិនសូវប្រសើរទេ ។
ជួបជាមួយលោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា សេវាកម្មនៃគ្លីនិកអង្គការរ៉ាក់បានប្រាប់កោះសន្តិភាពឱ្យដឹងថា ស្ត្រីមានធ្លាក់រដូវភាគច្រើន គឺមិនដូចគ្នាទាំងអស់នោះទេ ហើយសម្រាប់ប្រទេសអាស៊ី រដូវរបស់ស្ត្រីភាគច្រើន តែងតែធ្លាក់មកជាលើកដំបូងមានភាពយឺតយ៉ាវជាងស្ត្រីដែលរស់នៅក្នុងប្រទេសលោកខាងលិច។ ការមករដូវយឺតយ៉ាវនេះដោយសារតែបណ្តាលមកពីបញ្ហាមួយចំនួនដូចជា សេដ្ឋកិច្ច ព័ត៌មាន ការអប់រំ ស្ថានភាពរស់នៅ និងប្រពៃណីទំនៀមទម្លាប់ គឺមានលក្ខណៈដោយឡែកពីគ្នា ដូច្នេះហើយទើបធ្វើឱ្យស្ត្រីដែលរស់នៅប្រទេសប៉ែកខាងលិចចាត់ទុកថាជាប្រទេសដែលជឿនលឿនផ្នែកសេដ្ឋកិច្ច គឺមានការមករដូវលឿនជាងស្ត្រីរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ។
បើសិនជាយើងនិយាយអំពីប្រទេសកម្ពុជាក៏មានការប្រែប្រួលផងដែរដូចជា កាលពីជំនាន់បុរាណ ស្ត្រីដែលចាប់ផ្តើមមករដូវមានអាយុចន្លោះពី១៥ឆ្នាំទៅ២០ឆ្នាំទើបមានមករដូវ ។ ប៉ុន្តែសម្រាប់បច្ចុប្បន្នដោយសារតែមានការសិក្សាយល់ដឹងទូលំទូលាយ ហើយអរិយធម៌បរទេសក៏បានចូល មកក្នុងប្រទេយើង ទៀតជាពិសេសសេដ្ឋកិច្ចរបស់ប្រទេសក៏មានការរីកចម្រើន ដូច្នេះធ្វើឱ្យស្រទាប់យុវវ័យលូតលាស់រហ័សជាងពីជំនាន់មុន ដែលភាគច្រើនអាយុចាប់ផ្តើមមករដូវដំបូងរបស់ស្ត្រីគេសង្កេតឃើញពីអាយុ១២ឆ្នាំឡើងទៅ។
ជាទូទៅ ស្ត្រីដែលឆាប់មករដូវក្នុងវ័យក្មេង ក៏ឆាប់អស់រដូវវិញដែរ បុ៉ន្តែមិនមែនទូទៅនោះទេពេលខ្លះការឆាប់អស់រដូវអាចទាក់ទងទៅនឹងបញ្ហាសុខភាពរបស់ស្ត្រីផងដែរ ។ ការមករដូវដែលមានអាយុតិច វាមិនមានផលប៉ះពាល់អ្វីនោះទេ ។
១-រដូវទៀងទាត់
លោកស្រីវេជ្ជបណ្ឌិតបានបន្តទៀតថា ជាទូទៅស្ត្រីខ្លះមានវគ្គរដូវខ្លី និងវគ្គរដូវវែង ហើយស្ត្រីខ្លះទៀតមានរដូវមិនទៀងទាត់ ។ កាលណាយើងនិយាយអំពីរដូវទៀងទាត់ គឺសំដៅលើអ្នកដែលមានវគ្គរដូវ២៨ថ្ងៃ ។ ក្នុងការរស់នៅជាក់ស្តែង កម្រនឹងមានស្ត្រីដែលមានវគ្គរដូវទៀងទាត់ ឬជាប្រចាំ២៨ថ្ងៃណាស់ ។ ប៉ុន្តែបើសិនជាស្ត្រីមករដូវទៀងទាត់រៀងរាល់២៨ថ្ងៃម្តងនោះ គឺជាការល្អប្រសើរបំផុត ព្រោះងាយស្រួលក្នុងការគណនាបានអំពីថ្ងៃដែលស្ត្រីមានផ្ទៃពោះ ឬក៏អាចពន្យារកំណើត និងអាចសម្រេចចិត្តពពោះទៅតាមចិត្តចង់ ។
២-រដូវមិនទៀងទាត់
ការមករដូវរបស់ស្ត្រីមិនសុទ្ធតែមកជាទៀងទាត់រាល់ខែទាំងអស់នោះទេ ។ ការមករដូវមិនទៀងទាត់នេះវាជារឿងធម្មតាទេ ប៉ុន្តែក៏មានបញ្ហាខ្លះជារឿងមិនធម្មតាដែរ ដោយសារបណ្តាលមកពីបញ្ហាសុខភាព និងត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យឯកទេសរោគស្ត្រីទើបប្រសើរ ។ តាមពិតស្ត្រីអស់រដូវនៅវ័យចាប់ពីអាយុចន្លោះពី៤៥ឆ្នាំទៅ៥៥ឆ្នាំ ។ ប្រសិនបើស្ត្រីមករដូវមិនទៀងទាត់ គឺមកក្នុងមួយខែពី២ទៅ៣ដងនៅវ័យជិតអស់រដូវ ករណីនេះគាត់អាចនឹងមានជំងឺសរីរាង្គបន្តពូជ ស្ត្រីគួរទៅជួបគ្រូពេទ្យជំនាញ ។ លក្ខណៈសម្គាល់ស្ត្រីអស់រដូវ លុះត្រាតែមិនមករដូវមួយ ឆ្នាំពេញទើបហៅថា អស់ រដូវ ៕
ចែករំលែកព័តមាននេះ