ថ្មីៗនេះយើងបានរាយការណ៍អំពីការសាកល្បងជាសាធារណៈរបស់ក្រុមហ៊ុន Toyota លើម៉ូដែល Prius ស៊េរីថ្មី ដោយប្រើបន្ទះសូឡានៅលើដំបូលដើម្បីសាកអាគុយ។ កាលពីមុនរថយន្ត Prius PHV មានជម្រើសសម្រាប់សាកថាមពលពន្លឺព្រះអាទិត្យ ប៉ុន្តែមានតែពេលដែលចតរថយន្តចោលប៉ុណ្ណោះ។ ឥឡូវនេះក្រុមហ៊ុន Hyundai បានប្រកាសថា ខ្លួននឹងបង្កើតរថយន្តមួយដែលអាចសាកថ្មដោយពន្លឺព្រះអាទិត្យពេលកំពុងបើកតាមផ្លូវ។

ប្រព័ន្ធនេះនឹងធ្វើការបង្ហាញខ្លួនជាលើកដំបូងនៅលើរថយន្ត Hyundai Sonata ប្រភេទ Hybrid ដែលនឹងត្រូវបានដាក់លក់នៅប្រទេសកូរ៉េ ហើយនឹងត្រូវចូលទីផ្សារអាមេរិកឆាប់ៗនេះ។ ក្រុមហ៊ុន Hyundai និយាយថាបច្ចុប្បន្នគ្មានផែនការលក់រថយន្តនៅអឺរ៉ុបទេ។

យោងទៅតាមក្រុមហ៊ុនកូរ៉េមួយនេះបានឱ្យដឹងថា បច្ចេកវិទ្យានេះនឹងបង្កើនប្រសិទ្ធភាពឥន្ធនៈ ខណៈដែលជួយកាត់បន្ថយការបំភាយឧស្ម័ន CO2 ។ ប្រព័ន្ធនេះអាចសាកអាគុយរថយន្តពេលកំពុងបើកបរ ហើយក្រុមហ៊ុន Hyundai អះអាងថាប្រព័ន្ធដំបូលសូឡាអាចសាកថ្មបានពី ៣០ ទៅ ៦០ ភាគរយនៃថ្មក្នុងមួយថ្ងៃ។ ក្រុមហ៊ុនផលិតរថយន្តនេះ ក៏បាននិយាយផងដែរថា ការសាកថ្មរយៈពេល ៦ ម៉ោងក្នុងមួយថ្ងៃនឹងបង្កើនការសន្សំសំចៃប្រេងរបស់រថយន្តបានដល់ទៅ ៨០០ម៉ាយក្នុងមួយឆ្នាំ។

លោក Heui Won Yang អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន Hyundai បានមានប្រសាសន៍ថា៖ “បច្ចេកវិទ្យាដំបូលសូឡា គឺជាឧទាហរណ៍ដ៏ល្អមួយ ដែលបង្ហាញថាក្រុមហ៊ុន កំពុងឆ្ពោះទៅរកការក្លាយជាក្រុមហ៊ុនផ្តល់ភាពចល័តដែលមានការបញ្ចេញខ្យល់ពុលតិច។”
រថយន្ត Sonata Hybrid ក៏បានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាថ្មី Active Shift Control ដែលមានប្រអប់លេខ៦លេខអូតូម៉ាទិក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ក្រុមហ៊ុនផលិតរថយន្តកូរ៉េនេះ គ្រោងនឹងដាក់បច្ចេកវិទ្យាសាកថាមពលពន្លឺព្រះអាទិត្យទៅនឹងរថយន្តដទៃទៀតនៅក្នុងរោងចក្ររបស់ខ្លួន៕
ប្រភព ៖ carbuzz , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ