ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍បឋម ជនសង្ស័យម្នាក់ត្រូវនគរបាលស្រុកកោះធំឃាត់ខ្លួន បន្ទាប់ពីខឹងម្ចាស់ហាងបញ្ឈប់ពីការងាររួចបានវាយបំផ្លាញតុ និងជញ្ជាំងហាង ព្រមទាំងគំរាម និងយកដបសាំងទៅបម្រុងដុតហាងទៀតផង ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី០៤ ខែសីហានេះ នៅចំណុចហាងមីហិរ Seoul ស្ថិតក្នុងភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។
សេចក្តីរាយការណ៍បានបន្ត ជនរងគ្រោះឈ្មោះ ឡាង សុធាវី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ហាងមីហិរ Seoul មានទីលំនៅសព្វថ្ងៃនៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ឃាង គីមពេជ្រ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និងជាអតីតបុគ្គលិកហាងលក់មីហិរ Seoul ខាងលើ មានទីលំនៅសព្វថ្ងៃនៅភូមិ ឃុំកើតហេតុ ។ ដោយកន្លងមកជនសង្ស័យ គឺជាបុគ្គលិកធ្វើការក្នុងហាងលក់មីហិរ Seoul ស្ថិតក្នុងភូមិកើតហេតុខាងលើ ក្រោយមកត្រូវបានជនរងគ្រោះជាម្ចាស់ហាងបានបញ្ឈប់ជនសង្ស័យពីការងារ ។
លុះនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២០និង៣០នាទី ស្រាប់តែជនសង្ស័យ ឃាង គីមពេជ្រ បានទៅក្នុងហាងខាងលើ ដោយបានវាយបំផ្លាញតុ និងជញ្ជាំងហាង ព្រមទាំងគំរាម និងយកដបសាំងទៅបម្រុងដុតហាងទៀតផង ដោយសារតែខឹងនឹងថៅកែបញ្ឈប់ពីការងារ ហើយពុំព្រមទទួលឲ្យចូលធ្វើការវិញ តែពុំបានដុតហាងទេ ក៏បោះដបសាំងចោលក្បែរនោះទៅ រួចត្រូវបានម្ចាស់ហាងធ្វើដំណើរពីភ្នំពេញមកទាំងយប់ រួចរកឃើញដបសាំងនោះ ប្រគល់ជូននគរបាលតែម្ដង ។
រហូតដល់ពេលកើតហេតុខាងលើ ស្រាប់តែជនសង្ស័យដដែលខាងលើនេះមិនខ្លាចរអាដើរចូលទៅក្នុងហាងរករឿងរកវាយបុគ្គលិក និងវាយបំផ្លាញតុ កៅអី ក្នុងហាង ខូចខាតមួយចំនួនថែមទៀត តែលើកនេះត្រូវបានបុគ្គលិកក្នុងហាងចាប់ឃាត់ខ្លួនជាប់ រួចប្រគល់ជូននគរបាលតែម្ដង ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ