ខេត្តសៀមរាប ៖ បុរសម្នាក់ជីកអណ្តូងដាក់លូដើម្បីយកទឹកប្រើនៅក្នុងដីឡូត៍ផ្ទះរបស់ខ្លួនបានចំនួន២កង់ ប៉ុណ្ណោះក៏ត្រូវបានដីបាក់សង្កត់ពីលើបណ្តាលឱ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិរហូតដល់សមត្ថកិច្ច ។ ហេតុការណ៍គួរឱ្យរន្ធត់នោះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិសន្ធៃ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
ជនរងគ្រោះមានឈ្មោះ លាត ជ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលជំនាញធ្វើការប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
តាមការបំភ្លឺពីលោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការដ្ឋាននគរបាលស្រុកសូទ្រនិគមបានប្រាប់ភ្នាក់ងារ កោះសន្តិភាព នៅវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ នេះថា ករណីដែលមានបុរសម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុដោយសារបាក់ដីសង្កត់ស្លាប់នោះគឺមូលហេតុមកពីជនរងគ្រោះបាន ជីកអណ្តូងដាក់លូដើម្បីយកទឹកប្រើ នៅក្នុងបរិវេនដីឡូត៍របស់ខ្លួនទើបតែបានដាក់លូចំនួន២កង់ប៉ុណ្ណោះក៏ស្រាប់តែបាក់ដីមកសង្កត់មនុស្សបណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង ។
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ